ខេត្តសៀមរាប ៖ មគ្គុទ្ទេសក៍ទេសចរណ៍ជាទូតនាំសារអំពីប្រទេស គឺមានន័យថា «អ្នកផ្តល់ព័ត៌មានពន្យល់បកស្រាយអំពីវប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទំលាប់ និងផលិតផលទេសចរណ៍នានារបស់ប្រទេសដល់ទេសចរណ៍អន្តរជាតិ ពោលគឺចូលរួមផ្សព្វផ្សាយដោយផ្ទាល់អំពីកិត្យានុភាពកម្ពុជាទៅកាន់ពិភពលោក» ។
ដូចនេះ មគ្គុទ្ទេសក៍ទេសចរណ៍ ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចុះ ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍រួមគ្នា ដើម្បីផលប្រយោជន៍ខ្លួនឯង និងសង្គមទាំងមូល។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍លើកឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិជំនាន់ទី២ ចំនួន៥១រូប ដោយសិក្សារយៈពេល៤ខែ និងចុះកម្មសិក្សា២ខែ ដែលមានជំនាញផ្នែកភាសាចំនួន ០៨ ដូចជា អង់គ្លេស បារាំង ជប៉ុន ចិន ថៃ អ៊ីតាលី អេស្ប៉ាញ និងអាល្លីម៉ង់ នៅសាកលវិទ្យាល័យអង្គរ ខេត្ត សៀមរាប កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ។
លោករដ្ឋមន្ត្រី បញ្ជាក់បន្ថែមទៀតថា នៅកម្ពុជាមគ្គុទ្ទេសក៍ទេសចរណ៍មាន៥ប្រភេទ៖ មគ្គុទ្ទេសក៍ទេសណ៍ថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់ក្រោមជាតិ ថ្នាក់សហគមន៍ និងថ្នាក់ពិសេស ។ មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ សំដៅដល់មគ្គុទ្ទេសក៍ដែលមានបទពិសោធន៍ការងារច្រើន និងមានចំណេះដឹងខ្ពស់ ហើយមានសិទ្ធិនាំភ្ញៀវទេសចរទៅគ្រប់តំបន់គោលដៅទេសចរណ៍នានា ក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមស្មារតីនៃអនុក្រឹត្យស្តីមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា ។
ដើម្បីក្លាយជាមគ្គុទ្ទេសក៍ទេសណ៍ បេក្ខជនត្រូវចូលរួមប្រឡងជ្រើសរើសចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសណ៍ តាមសាលា ឬសាកលវិទ្យាល័យដែលបានទទួលសិទ្ធបណ្តុះបណ្តាលពីក្រសួងទេសចរណ៍។ បន្ទាប់មកត្រូវស្នើសុំអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសណ៍ នៅក្រសួងទេសរណ៍ ឬមន្ទីរទេសចរណ៍ ។
ចែករំលែកព័តមាននេះ