រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) កាលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) និងឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា ជុំវិញករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រយលានដុល្លារ តាមតួលេខប៉ាន់ស្មានថា ជាង៣០០លានដុល្លារ ។

អង្គភាពប្រឆាំងអំពើពុកលួយ(ACU) តាមរយៈក្រុមស៊ើបអង្កេតផ្ទៃក្នុង បានបើកការស៊ើបអង្កេតលើអនុប្រធានអង្គភាពប្រឆាំងពុករលួយ គឺលោក ស៊ាន បូរ៉ាត និងលោកឧត្តមសេនីយ៍ឯក ស ថាវី ដែលបានជាប់ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា ។
សូមបញ្ជាក់ថា ស្របជាមួយគ្នានេះ តុលាការខេត្តសៀមរាប ក៏បានបញ្ជូនសំណុំរឿងករណីអតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកចំនួន៣២សំណុំរឿង មកអង្គភាពប្រឆាំងអំពើពុករលួយផងដែរ បន្ទាប់ពីតុលាការបានខិតខំធ្វើការយ៉ាងម៉ត់ចត់អស់រយៈពេលជិតពីរឆ្នាំកន្លងមកនេះ ។សំណុំរឿងទាំង៣២នេះ មានទាំងអស់២៤.៨៥២ទំព័រ (អង្គភាពចាត់មន្ត្រី១០រូបអានឯកសារទាំងនេះមួយខែបានចប់) ហើយតួអង្គ ស៊ាន បូរ៉ាត និង ស ថាវី ដែលនៅដំណាក់កាលតុលាការខេត្តសៀមរាប គឺជាសាក្សី ។
រីឯក្នុងសំណុំរឿងបើកការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ លើ ស៊ាន បូរ៉ាត និងស ថាវី វិញ អ្នកទាំងពីរនេះ មិនមែនជាសាក្សីទៀតទេ គឺជាជនសង្ស័យនៃសំណុំរឿង ។
មុននេះ តុលាការខេត្តសៀមរាប កោះហៅលោក ស៊ាន បូរ៉ាត និងលោក ស ថាវី ចូលបំភ្លឺហើយ
តុលាការខេត្តសៀមរាប កាលពីចុងឆ្នាំកន្លងមក បានកោះហៅលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឲ្យចូលឆ្លើយបំភ្លឺកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា ដែលធ្វើឡើងតាមសំណើរបស់មេធាវីរាជរដ្ឋាភិបាល ដែលកំពុងទទួលជួយការពារក្តីជូនប្រជាពលរដ្ឋរងគ្រោះ ខណៈលោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតអភិបាលខេត្តឧត្តរមានជ័យ ក៏ត្រូវបានតុលាការខេត្តសៀមរាប កោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកដែរ ។
សូមបញ្ជាក់ថា អតីតឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន«ប្រ៊ីនលាន ស៊ីធីវើល» ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ចាប់ខ្លួននៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបទល្មើសឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគដែលបានការប្រាក់ខ្ពស់ ដោយអ្នកខ្លះបានការប្រាក់ស៊ីតែប៉ុន្មានខែ ក៏លែងបានរហូត ។
ប្រជាពលរដ្ឋរាប់ពាន់នាក់ បានចាញ់បោកឧកញ៉ា ឡេង ចាន់ណា ដោយខ្លះខ្ចីលុយពីធនាគារ ដើម្បីមកដាក់វិនិយោគជាមួយនឹងក្រុមហ៊ុនខាងលើ ដោយសង្ឃឹមថាបានការប្រាក់ខ្ពស់ តែក្រោយលង់ខ្លួន ពួកគាត់ត្រូវសងទៅធនាគារវិញយ៉ាងលំបាកលំបិនបំផុត ក៏ព្រោះតែចាញ់ការលួងលោម ឆបោករបស់អតីតឧកញ៉ាខាងលើ រួមទាំងបក្ខពួក ។
ក្រោយការចាប់ខ្លួនអតីតឧកញ៉ា ឡេង ចាន់ណា ជាច្រេីនខែមក មេធាវីតំណាងជនរងគ្រោះ គឺ ឯកឧត្តម គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់តាំងមេធាវីរាជរដ្ឋាភិបាលមួយក្រុម ចុះជួបផ្ទាល់ជាមួយពលរដ្ឋរងគ្រោះ ដែលជាការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ ដោយបានប្រមូលភស្តុតាងចំនួន១៤លើករួចមកហើយ ដែលជំនួបចុងក្រោយ ធ្វើឡើងនៅលើទឹកដីខេត្តសៀមរាប ។
សំណុំរឿងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីវើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា នៅក្នុងខេត្តសៀមរាប បានរកឃើញថា មានជនរងគ្រោះសរុប៤ ៩២៩នាក់ បានប្រគល់សិទ្ធិឱ្យមេធាវីរដ្ឋាភិបាលការពារក្ដីនៅតុលាការ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃជំនួបរវាងមេធាវីរាជរដ្ឋាភិបាល ជាមួយជនរងគ្រោះ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឱ្យដឹងថា នេះជាជំនួបលើកទី១៤ ដែលក្រុមមេធាវីរដ្ឋាភិបាលបានចុះជួបជាមួយជនរងគ្រោះ ដោយ១២លើកនៅភ្នំពេញ និង២លើកនៅខេត្តសៀមរាប ។
ឯកឧត្តម គី តិច បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា «ជំនួបទាំង១៤លើកនេះ មានជនរងគ្រោះសរុបចំនួន៤ ៩២៩នាក់ បានស្ម័គ្រចិត្តប្រគល់សិទ្ធិដោយស្របច្បាប់ជូនមេធាវី ដើម្បីដំណើរការការពារក្ដីតាមផ្លូវតុលាការ» ។
ជនរងគ្រោះនៅក្នុងសំណុំរឿងរបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីវើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា មិនមែនមានតែនៅក្នុងប្រទេសនោះទេ ពោលគឺពលរដ្ឋរស់នៅក្រៅប្រទេសមួយចំនួន ក៏ចាញ់កលធ្លាក់ខ្លួនជាជនរងគ្រោះដែរ ពិសេសពលករនៅកូរ៉េ ។

បើតាមឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានណែនាំឱ្យពួកគេទំនាក់ទំនងទៅកាន់ស្ថានទូតកម្ពុជា ប្រចាំក្នុងប្រទេសដែលពួកគេរស់នៅ ដើម្បីរៀបចំទម្រង់លិខិតប្រគល់សិទ្ធិដល់មេធាវី និងលើកិច្ចការប្រមូលយកភស្តុតាង បញ្ជាក់ផ្សេងៗ ដែលមានការពាក់ព័ន្ធ បញ្ជូនទៅក្រុមមេធាវីរដ្ឋាភិបាល ។
ឯកឧត្តម គី តិច បន្ថែមថា បន្ទាប់ពីបានទទួលសិទ្ធិពីជនរងគ្រោះ ក្រុមការងារមេធាវីរដ្ឋាភិបាល នឹងរៀបចំដំណើរការការពារក្ដីជាបន្ដបន្ទាប់នៅតុលាការ ។ពាក់ព័ន្ធសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា សាលាដំបូងខេត្តសៀមរាបកន្លងមក បានសម្រេចឃុំខ្លួនជនត្រូវចោទមួយចំនួន និងបង្កកគណនីធនាគារចំនួន១៨៣ រួមទាំងទ្រព្យសម្បត្តិផ្សេងៗរបស់ជនសង្ស័យ ឡេង ចាន់ណា ដែរ ។
កន្លងមក ពលរដ្ឋប្រមាណ៤ទៅ៥ពាន់នាក់ បានអះអាងថា បានចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ក្រោមរូបភាពដាក់ប្រាក់វិនិយោគ ដោយទទួលបានការប្រាក់ប្រចាំខែ ។ ប៉ុន្តែការប្រាក់ដែលក្រុមហ៊ុនទូទាត់ឱ្យពលរដ្ឋមិនបានប៉ុន្មានផង ក្រុមហ៊ុនក៏ឈប់ទូទាត់ ហើយក្រោយមកក៏ប្រកាសថា មិនមានលទ្ធភាពទូទាត់ឱ្យពលរដ្ឋ ក្រោមហេតុផលវិបត្តិសេដ្ឋកិច្ចសកល ។ លុះវិវាទនេះរីករាលដាលកាន់តែធំ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ចាត់ឱ្យឯកឧត្តម គី តិច និងក្រុមមេធាវីរាជរដ្ឋាភិបាល ចាត់ចែងរៀបចំក្រុមការងារជួយអន្តរាគមន៍ ៕
ចែករំលែកព័តមាននេះ