រាជធានីភ្នំពេញ ៖ ម្ចាស់រថយន្តដែលបើករេចុះរេឡើងពេញផ្លូវល្បឿនលឿន ត្រូវបានសមត្ថកិច្ចកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុ អប់រំណែនាំ និងចុះកិច្ចសន្យាហើយ។នេះបើយោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន។
![Picture]()
យោងតាមសេចក្តីរាយការណ៍របស់កងកម្លាំងសមត្ថកិច្ចនៃក្រុមប្រតិបត្តិការនគរបាលចរាចរណ៍ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា ៖ ករណីម្ចាស់រថយន្តម៉ាក Toyota Prius ដែលបានបើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ(កៀរ) កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅត្រូវបានកំណត់អត្តសញ្ញាណ និងកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុពីបណ្ណបើកបរអប់រំណែនាំ និងចុះកិច្ចសន្យារួចរាល់ហើយ។
![Picture]()
បុរសជាអ្នកបើកបរផ្ទុយពីសេចក្តីណែនាំ និងច្បាប់ចរាចរណ៍រូបនោះ ត្រូវបានផាកពិន័យ និងដកពិន្ទុពីបណ្ណបើកបរចំនួន០៤ពិន្ទុលើ០២ករណីរួមមាន៖
១.បើកបរប្តូរគន្លងទៅមករេចុះរេឡើងពេញផ្លូវ
២. បណ្ណបើកបរផុតសុពលភាព។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការក្រើនរម្លឹកជាថ្មីម្តងទៀត ចំពោះអ្នកបើកបរយានយន្តគ្រប់រូប មិនថាលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណាឡើយ ត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍សុវត្ថិភាពក្នុងការបើកបរ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា៕
![Picture]()
ចែករំលែកព័តមាននេះ