ខេត្តកំពង់ឆ្នាំង ៖ ដើម្បីថែរក្សាមរតកអរូបីយ៍ និងមរតកមនុស្សរស់ គឺការធ្វើក្លែងឯក ឬខ្លែងព្នង បន្តវេនសម្រាប់កូនចៅជំនាន់ក្រោយផងនោះ មន្ទីវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងផលិតក្លែងឯកចំនួន ១០០ សម្រាប់បង្ហើរក្នុងព្រឹត្តិការណ៍វប្បធម៌រដូវរំហើយ ខាងមុខនេះ។
![Picture]()
លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅព្រឹកថ្ងៃទី២៨ ខែតុលា នេះថា ដើម្បីថែរក្សាប្រពៃណីវប្បធម៌ គឺការបង្ហើរខ្លែងឯក ឬខ្លែងព្នង ដែលជាមរតកវប្បធម៌អរូបីយ៍ផងនោះ លោកបានអញ្ជើញលោកគ្រូ ឱម សឿន អាយុ៧៩ឆ្នាំ មានទីនៅឃុំពានី ស្រុកកំពុងតែឡាច ដែលគាត់មានទឹកដៃក្នុងការធ្វើក្លែងឯក និងធ្លាប់ទទួលចំណាត់លេខ១ ទូទាំងប្រទេសក្នុងការផលិតខ្លែង ដែលអាចនិយាយបានថា លោកគឺជាមរតកមនុស្សរស់ផងនោះ ឲ្យមកជួយបង្ហាត់បង្ហាញ និងតម្លើងខ្លែងឯកនៅមន្ទីរវប្បធម៌ ចំនួន១០០ខ្លែងសម្រាប់គ្រោងបង្ហើរ ក្នុងព្រឹត្តិការណ៍វប្បធម៌ រដូវកាលរំហើយខាងមុខនេះ គឺក្នុងអំឡុងថ្ងៃ១៤និង១៥ កើត ខែមិគសិរ ត្រូវនឹងដើមខែធ្នូ ចុងឆ្នាំ២០២២នេះ។
![Picture]()
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបន្ថែមថា បើយោងតាមកម្រងឯកសារប្រពៃណី និងទំនៀមទម្លាប់ រៀបរៀងដោយព្រឹទ្ធាចារ្យ មាច ប៉ុន បានលើកឡើងថាប្រពៃណីនៃការបង្ហើរខ្លែងបានឆ្លុះបញ្ចាំងនូវចរិតរបស់សង្គមខ្មែរ ដែលរស់នៅផ្សារភ្ជាប់ និងធម្មជាតិ ទទួលឥទ្ធិពលពីធម្មជាតិ និងប្រើប្រាស់ថាមពលធម្មជាតិ សម្រាប់បម្រើការរស់នៅ និងការកម្សាន្ត។ ម្យ៉ាងទៀត ប្រពៃណីនៃការបង្ហើរខ្លែង មិនត្រឹមតែសម្រាប់ការកំសាន្តសប្បាយប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាពិធីមួយសម្រាប់បូជាដល់សាសនាទាំងពីរផងដែរ គឺព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ហើយពិធីបង្ហើរខ្លែងនេះ ក៏ដើម្បីឧទ្ទិសដល់ព្រះពាយ ដែលមានគុណ បានផ្គត់ផ្គង់ដល់ជីវិតមនុស្សគ្រប់រូបផងដែរ។
![Picture]()
ចំពោះឧបករណ៍ ដែលយកមកធ្វើខ្លែងឯក ឬខ្លែងព្នងនេះមាន ដូចជា ខ្សែនីឡុង ក្រមួនសុទ្ធ ស្លឹកត្នោត ឬស្លឹកត្រាំង ក្រដាស់ស៊ីម៉ង់ដ៍ ល័ក្ត កាំបិត រណា ជាដើម។ បើគិតក្នុងការចំណាយទាំងថ្លៃពលកម្មផង ខ្លែង១ ត្រូវចំណាយអស់ទឹកប្រាក់ប៉ុន្មានពី១២ ទៅ១៥ម៉ឺនរៀល តាមតូចតាមធំ ដែលការចំណាយទាំងនេះ បានការឧបត្ថម្ភពីមូលនិធិ អ៊ឹងហ្វុនតាសិន ។
ទោះយ៉ាងណា លោក សុខ ធួក មិនប្រាកដថា តើខ្លែងឯក ឬខ្លែងព្នងនេះ មានដើមកំណើតពីពេលណានោះទេ? តែតាមលោកបានដឹង គេឃើញក្នុងគ្រឿងដង្វាយព្រះបាទនរោត្តម មានខ្លែងនេះផងដែរ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ