ផ្លូវដែកកម្ពុជាមានបីខ្សែរ ហើយផ្លូវដែកទាំងនេះពីរខ្សែរថ្វីត្បិតតែវាចាស់មែន ប៉ុន្តែត្រូវបានជួសជុល និងកែលំអរ និងស្តាឡើងវិញរួចរាល់ហើយ។ដោយឡែកមួយខ្សែរទៀត គឺថ្មី ប៉ុន្តែសេវាកម្មដឹកទំនិញក្តី និងអ្នកដំណើរក្តី គឺសឹងតែគ្មានសកម្មភាពដែលខុសពីសេវាកម្មនៅប្រទេសជិតខាង សូម្បីតែឡាវក៏យើងចាញ់គេឆ្ងាយណាស់។…
ផ្លូវដែកកម្ពុជាមានបីខ្សែរ ហើយផ្លូវដែកទាំងនេះពីរខ្សែរថ្វីត្បិតតែវាចាស់មែន ប៉ុន្តែត្រូវបានជួសជុល និងកែលំអរ និងស្តាឡើងវិញរួចរាល់ហើយ។ដោយឡែកមួយខ្សែរទៀត គឺថ្មី ប៉ុន្តែសេវាកម្មដឹកទំនិញក្តី និងអ្នកដំណើរក្តី គឺសឹងតែគ្មានសកម្មភាពដែលខុសពីសេវាកម្មនៅប្រទេសជិតខាង សូម្បីតែឡាវក៏យើងចាញ់គេឆ្ងាយណាស់។

នៅពេលនេះឡាវមានសេវាកម្មរថភ្លើងល្បឿនលឿន។ថៃកំពុងតែដំណើរការសាងសង់រថភ្លើងល្បឿនលឿន ខណៈដែលផ្លូវដែកក្រុងបាំងកកមានការពេញនិយមប្រើប្រាស់។វៀតណាមក៏ដូចគ្នា គឺកំពុងសាងសង់រថភ្លើងល្បឿនលឿន។ ប៉ុន្តែកម្ពុជាវិស័យដឹកជញ្ជូនតាមផ្លូវដែកនេះ គឺនៅយឺតជាងគេហៅមិនឭ ហើយមិនទាន់ដឹងថា ពេលណាទើបបានទាន់គេនៅឡើយទេ។

បើតាមលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកឡើងនៅក្នុងសន្និសីទកាសែតនៅទីស្តីការគណរដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោកបានបង្ហាញសមិទ្ធផលជាច្រើនរបស់ក្រសួងហើយនៅក្នុងនោះក៏មានទាំងផែនការទាក់ទងនឹងវិស័យដឹកជញ្ជូនតាមផ្លូវដែកនេះផងដែរ។

លោកបានលើកឡើងថា នៅពេលនេះក្រសួងកំពុងតែជំរុញការសិក្សាក្នុងការអភិវឌ្ឈន៍ផ្លូវដែក កម្ពុជាដែលមានស្រាប់ឲ្យក្លាយទៅជាផ្លូវដែកល្បឿនលឿនតភ្ជាប់ពីរាជធានីទៅខេត្ត ព្រះសីហនុ និងពីរាជធានីទៅប៉ោយប៉ែត។លោកក៏បានលើកឡើងទៀតថា ក្រសួងក៏កំពុងតែសម្លឹងបន្ថែមខ្សែផ្លូវដែកថ្មីពីក្រុងប៉ោយប៉ែតទៅខេត្តសៀមរាបឆ្ពោះទៅកំពង់ធំ និងរាជធានី និងខ្សែរផ្លូវដែកតភ្ជាប់ពីរាជធានីទៅក្រុងបាវិតព្រំដែនវៀតណាម។
នេះ គឺជាផែនការក្រសួងសាធារណៈការ និងដឹកជញ្ជូន ប៉ុន្តែវាទំនងជានៅវែងឆ្ងាយណាស់។មកដល់ពេលនេះ គេដឹងថា ផ្លូវដែកមានបីខ្សែរដោយៈ ១. ផ្លូវដែកទិសនីរតី (ភ្នំពេញ-ព្រះសីហនុ) មានប្រវែងសរុប២៦៦ គីឡូម៉ែត្រ ត្រូវបានបើកឱ្យដំណើរការឡើងវិញ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦។២. ផ្លូវដែកទិសពាយ័ព្យ (ភ្នំពេញ-ប៉ោយប៉ែត) មានប្រវែងសរុប៣៨៦គីឡូម៉ែត្រ ត្រូវបានបើកឱ្យដំណើរការបណ្តោះអាសន្នកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។ ៣. ផ្លូវដែក ស្ថានីយភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានប្រវែងសរុប ១០គីឡូម៉ែត្រ ត្រូវបានបើកឱ្យដំណើរការកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។

នៅក្នុងចំណោមផ្លូវដែកទាំងបីខ្សែរ គឺសុទ្ធតែជួសជុល និងស្តាឡើងវិញអស់ហើយ ប៉ុន្តែទោះបីជាយ៉ាងណាសកម្មភាពសឹងតែគ្មាន។នៅក្នុងចំណោមផ្លូវដែកទាំងបីផ្លូវដែកប្រវែង១០គីឡូម៉ែត្រនេះបានដំណើរការ ប៉ុន្តែបានតែមួយរយៈក៏បរាជ័យដ៏ចម្រូងចម្រាស់ដោយរាប់តាំងពីភាពយឺតយ៉ាវរបស់វាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាជាច្រើនទៀត។
ដោយឡែកផ្លូវដែកចាស់ៗដែលមានពីរខ្សែរទៀតនោះ គឺដំណើរការដែរតែមានតែសេវាកម្មដឹកទំនិញម្តងម្កាល។សេវាកម្មដឹកអ្នកដំណើរត្រូវបានដាក់ជាបន្តបន្ទាប់ ប៉ុន្តែនៅតែមិនជោគជ័យ ហើយពលរដ្ឋមិនទទួលបានតាំងពីបញ្ហាល្បឿន និងបញ្ហាផាសុខភាពឡើងទៅទើបធ្វើឲ្យសេវាកម្មនេះគ្មានការគាំទ្រ។
សេវាកម្មដឹកអ្នកដំណើរអាចដើរ និងមានមនុស្សជិះតែពេលបុណ្យទាន ហើយជាពេលរដ្ឋាភិបាលលើកទឹកចិត្តឲ្យជិះដោយមិនគិតថ្លៃថែមទៀត។ប្រសិនបើយកថ្លៃ គឺមានការគាំទ្រតិចណាស់ ដោយសារវាអាចរត់បាននៅក្នុងល្បឿនមិនដល់៣០គីឡូម៉ែត្រផងនៅក្នុងមួយម៉ោង។ទូររថភ្លើងទៀតសោតមិនស្អាត ពោល គឺជាទូរចាស់ៗហើយម្យ៉ាងវិញទៀតក្បាលរថភ្លើង គឺជាក្បាលចាស់ៗគេឈប់ប្រើហើយទើបយើងយកមកប្រើនោះហើយទើបការប្រកួតប្រជែងជាមួយនឹងមធ្យោបាយដឹកជញ្ជូនឯទៀតនៅតែមិនរីកចម្រើន។

សេវាកម្មដឹកជញ្ជូនអ្នកដំណើរនៅវៀតណាម ក៏មានស្ថានភាពប្រហាក់ប្រហែលនឹងកម្ពុជាដែរ ប៉ុន្តែសេវាកម្មនេះនៅតែដើរហើយមានការគាំទ្រពីប្រជាពលរដ្ឋគេ ដោយរួមទាំងអ្នកទេសចរបរទេសផងដែរ ដោយសារការកែច្នៃការគ្រប់គ្រង ការរៀបចំ និងទស្សនៈវិស័យត្រឹមត្រូវ។ប៉ុន្តែសម្រាប់កម្ពុជា គឺនៅឆ្ងាយពីគេខ្លាំងណាស់។
សរុបមកវិញយើងគិតថា មុននឹងជំរុញ និងពង្រីកសក្តានុពលក៏ដូចជា កសាងបណ្តាញផ្លូវដែកនៅកម្ពុជាបន្ថែមទៀតគួរណាស់ អ្នកជំនាញការកម្ពុជា និងក្រុមហ៊ុនដែលទទួលសេវាកម្មគ្រប់គ្រងអាជីវកម្មផ្លូវដែកនេះសិក្សារួមគ្នារកចំណុចណា ដើម្បីកុំអោយយើងចាយលុយទៅស្តារហើយយកវាមកប្រើប្រាស់ ឬមានប្រយោជន៍ខាងសេដ្ឋកិច្ចមិនបានច្រើនដូចជាបច្ចុប្បន្ននេះ៕ ដោយ ៖ ហេង ចេស្តារ និងសារ៉ាន់
ចែករំលែកព័តមាននេះ