ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករ​ស់ប៊ូ​ឌិ​ញ​មិន​ទទួលយក​លទ្ធផល​នៃ​អង្គប្រជុំ​នៅ​ក្រសួង​ដែនដី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​អាគារ​ប៊ូ​ឌិ​ញ​នៅ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​និង​សំណង់ នា​ព្រឹក​ថ្ងៃ​ទី​០៧ មេ​សា​​ ២០១៧

រាជធានី​ភ្នំពេញ ​៖ ​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​អាគារ​ប៊ូ​ឌិ​ញ​នៅ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​និង​សំណង់ នា​ព្រឹក​ថ្ងៃ​ទី​០៧ មេ​សា​​ ២០១៧ គឺ​អ្នក​រស់នៅ​អាគារ​ប៊ូ​ឌិ​ញ​ប្រមាណ​ជិត​៥០០​គ្រួសារ បាន​នាំ​គ្នា​បដិសេធ​មិន​ទទួលយក​ដំណោះស្រាយ​របស់​លោក​ទេស​រដ្ឋមន្ដ្រី ជា សុ​ផា​រ៉ា រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ដោយសារ​ផ្ដល់​តម្លៃ​ថ្លៃ​ផ្ទះ​ថោក​ជាង​ទីផ្សារ​មេឃ​និង​ដី ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​យក​លុយ​ទៅ​ទិញ​ផ្ទះ​ចែក​កូនចៅ​រស់នៅ​បាន​តទៅ​មុន​ទៀត​ឡើយ​។

នៅ​ក្នុង​អង្គប្រជុំ​ខាងលើ​នេះ​លោក ជា សុ​ផា​រ៉ា បាន​លើក​ឡើង​ថា បើ​បងប្អូន​រង់ចាំ​ទទួលយក​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​នា​ថ្ងៃ​អនាគត​រយៈពេល​៤​ឆ្នាំ​ក្រោយ បងប្អូន​អាច​យក​បន្ទប់​នៃ​ចំណែក​ផ្ទះ​បងប្អូន​ជួល​ក្នុង​មួយ​ខែ​បាន​តម្លៃ​ចាប់ពី​១៥០០​ទៅ​២០០០​ដុល្លារ តែបើ​បងប្អូន​សម្រេចចិត្ដ​លក់​ផ្ទះ​វិញ គឺ​ក្រុមហ៊ុន​វិនិយោគ​របស់​ជប៉ុន គេ​ហ៊ាន​ទិញ​ដី​តំបន់​ប៊ូ​ឌិ​ញ​ដែល​មាន​ទំហំ​ផ្ទះ​ចាប់ពី​៤០​ម៉ែត្រការ៉េ​ឡើង​ក្នុង​តម្លៃ​១​ម៉ែត្រការ៉េ​ស្មើនឹង​១២៦៣​ដុល្លារ​។

ចំពោះ​តម្លៃ​ដែល​លើក​ឡើង​ដោយ​លោក ជា សុ​ផា​រ៉ា ម្ចាស់ផ្ទះ​ក្នុង​អាគារ​ប៊ូ​ឌិ​ញ​ទាំងអស់​បាន​ប្រកែក​ដាច់អហង្ការ​តែ​ម្ដង ដោយសារ​តម្លៃ​នេះ​ទាប​ជាង​ទីផ្សារ​ហួសហេតុ​ជ្រុល​ពេក​។ ជាមួយនឹង​ការ​បដិសេធ​របស់​ប្រជាពលរដ្ឋ លោក​ជា សុ​ផា​រ៉ា បាន​បង្ហើប​ថា លោក​អាច​ចរចារ​ជាមួយ​ភាគី​អ្នកទិញ​ក្នុង​តម្លៃ​ចន្លោះ​ពី​១៣០០​ទៅ​១៣៥០​ដុល្លារ ក្នុង​១​ម៉ែត្រការ៉េ​នៃ​ទំហំ​ផ្ទះ​នីមួយ​ៗ​។

ឆ្លើយឆ្លង​គ្នា​ក្នុង​អង្គប្រជុំ​ប្រជាពលរដ្ឋ​ប្រមាណ​២​ទៅ​៣​គ្រួសារ បាន​សំណូមពរ​សុំ​តម្លៃ​២២០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ​។ ដោយឡែក​អ្នក​ផ្សេង​ទៀត​ស្ទើរតែ​ទាំងស្រុង​បាន​ខ្សឹប​ត​ៗ​គ្នា​ថា មិន​លក់​ទេ​តម្លៃ​ខាងលើ​នេះ គឺ​លក់​ក្នុង​តម្លៃ​យ៉ាង​ទាប​បំផុត​១​ម៉ែត្រការ៉េ​៥០០០​ដុល្លារ​នៃ​ទំហំ​ផ្ទះ​ជាក់ស្ដែង បើ​ក្រុមហ៊ុន​វិនិយោគ​ទិញ​បាន​ក៏​ទិញ​ទៅ បើ​ទិញ​មិន​បាន​ក៏​ហី​ទៅ​ចុះ​។

ដោយឡែក​អ្នកមាន​ផ្ទះ​នៅ​ជាន់​ផ្ទាល់​ដី​វិញ​រិ​ត​តែ​លែង​លក់​ទៅ​ទៀត ចំពោះ​តម្លៃ​នេះ ដោយ​ចាត់​ទុក​ថា អង្គប្រជុំ​ហាក់បីដូចជា​មាន​ចេតនា​មើលងាយ​ប្រជាពលរដ្ឋ​អ្នក​រស់នៅ​អាគារ​ប៊ូ​ឌិ​ញ ដែល​អ្នកខ្លះ​ទិញ​ផ្ទះ​រស់នៅ​ក្នុង​តំបន់​ប៊ូ​ឌិ​ញ​តាំងពី​២០ ឬ​៣០​ឆ្នាំ​មក​ម្ល៉េះ​។ ពួក​គាត់​សួរ​ថា បើសិនជា​ពួក​គាត់​ទិញ​ផ្ទះ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្រៅពី​តំបន់​អាគារ​ប៊ូ​ឌិ​ញ ប៉ុន្ដែ​មាន​ទីតាំង​ក្បែរ​គ្នា​នោះ​ដែរ គឺ​ផ្ទៃក្រឡា​ផ្ទះ​គិត​ជា​ម៉ែត្រការ៉េ​១​ម៉ែត្រ​មិន​ក្រោម​មួយ​ម៉ឺន​ដុល្លារ ហើយ​តម្លៃ​នេះ​ក៏​គ្មាន​អ្នក​ណា​លក់​នៅ​ជុំវិញ​អាគារ​ប៊ូ​ឌិ​ញ​នោះ​ដែរ​។

បញ្ហា​មួយទៀត​អ្នក​ជាន់​ផ្ទាល់​ដី​ខ្លះ មន្ដ្រី​ជំនាញ​បាន​គិត​ផ្ទៃក្រឡា​ជា​ម៉ែត្រការ៉េ​ជូន​គ្រួសារ​ខ្លះ គឺ​គិត​ទាំង​សំ​យ៉ាប​មុខ​ផ្ទះ​ដែល​ពលរដ្ឋ​កាន់កាប់​រាប់​ឆ្នាំ​មក​ហើយ​។ រីឯ​អ្នកខ្លះ​ទៀត​មន្ដ្រី​ជំនាញ​មិន​គិត​បញ្ចូល​សំ​យ៉ាប​ផ្ទះ​ទៅ​ក្នុង​ផ្ទៃក្រឡា​ផ្ទះ​ឡើយ​។ នៅ​ក្នុង​ឱកាស​នៃ​ថ្ងៃ​បិទ​ប្រកាស​លទ្ធផល​នៃ​ការ​ប្រកាស​ទទួលស្គាល់​ទិន្នន័យ​ទំហំ​ផ្ទះ​នីមួយ​ៗ​រយៈពេល​១៥​ថ្ងៃ​កាលពី​ខែមករា ឆ្នាំ​២០១៧​កន្លង​មក ប្រជាពលរដ្ឋ​បាន​ធ្វើការ​តវ៉ា​អំពី​រឿង​បញ្ចូល​ផ្ទៃក្រឡា​សំ​យ៉ាប​មុខ​ផ្ទះ​ទៅ​ក្នុង​សាច់​ផ្ទះ តែ​ត្រូវ​បាន​មន្ដ្រី​ជំនាញ​បញ្ជាក់​ថា​មិន​គិត​ម៉ែត្រការ៉េ​ផ្ទៃ​សំ​យ៉ាប​ឡើយ ប៉ុន្ដែ​បែរជា​អ្នកខ្លះ ត្រូវ​បាន​មន្ដ្រី​គិត​បញ្ចូល​ផ្ទៃក្រឡា​សំ​យ៉ាប​ផ្ទះ​ចូល​ទៅ​ក្នុង​ផ្ទៃក្រឡា​ផ្ទះ​ជាក់ស្ដែង​។

បញ្ហា​នេះ​ប្រជាពលរដ្ឋ​ស្នើ​សុំ​លោក​រដ្ឋមន្ដ្រី ជា សុ​ផា​រ៉ា មេត្ដា​ទទួលស្គាល់​ការ​គ្រប់គ្រង​កាន់កាប់​ប្រើប្រាស់​អាស្រ័យ​ផល​ជាក់ស្ដែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ស្មើភាព​គ្នា​ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច ហ៊ុន សែន ប្រកាស​នៅ​ក្នុង​ខួប​៧ មក​រា​ឆ្នាំ​២០១៧​កន្លង​មក​ថ្មី​ៗ​នេះ ដោយ​ទទួលស្គាល់​សិទ្ធិ​រស់នៅ​កាន់កាប់​ជាក់ស្ដែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​លើ​ដី​រដ្ឋ​។

ជុំវិញ​បាតុភាព​ខាងលើ​នេះ លោក ប៉េង ហុង​សុ​ជាតិ​ខេ​ម​រ៉ូ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​លំនៅ​ឋាន​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​និង​សំណង់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យ៉ាង​គំរោះគំរើយ​តាម​ទូរស័ព្ទ​ថា ពេល​គេ​បិទ​ផ្សាយ​ម៉េច​មិន​តវ៉ា​ឆ្លើយ បាន​មួយ​ម៉ាត់​ពីរ​ម៉ាត់​ក៏​បិទ​ទូរស័ព្ទ​។ បញ្ហា​នេះ​ក៏​ផ្ទុយ​ពី​ប្រសាសន៍​សម្ដេច ហ៊ុន សែន ដែល​តែងតែ​ដាស់តឿន​មន្ដ្រីរាជការ​គ្រប់​ជាន់ថ្នាក់​ឲ្យ​យកចិត្ដទុកដាក់​រាល់​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ​។

សូម​បញ្ជាក់​ថា ផ្ទៃក្រឡា​ដី​នៃ​អាគារ​ប៊ូ​ឌិ​ញ​ទាំងមូល​មាន​ទំហំ​៦៥៣១,៦៧​ម៉ែត្រការ៉េ​។ បើ​គិត​តម្លៃ​ទិញ​ពី​ផ្ទៃក្រឡា​តាម​ផ្ទះ​នីមួយ​ៗ​ពី​ជាន់​ផ្ទាល់​ដី​ដល់​ជាន់​ទី​៣ គឺ​ក្រុមហ៊ុន​ចំណាយ​លុយ​ជិត​២២​លាន​ដុល្លារ​ប៉ុណ្ណោះ ។ ដោយសារ​លទ្ធផល​អង្គប្រជុំ​មិន​រលូន​ល្អ​លោក ជា សុ​ផា​រ៉ា បាន​ប្រកាស​លើក​ពេល​ទៅ​ថ្ងៃក្រោយ ហើយ​បិទ​អង្គប្រជុំ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​សុក្រ​ដដែល​នេះ ដោយ​មិន​ទុក​ពេល​ឆ្លើយ​សំណួរ​អ្នកកាសែត​ឡើយ​៕