អ្នកក្រនឹងនៅតែក្រ ហើយអ្នកមាននឹងនៅតែមាន បើសិនជាកូនអ្នកក្រមិនមាន លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពដូចកូនអ្នកមាន។ចំណេះដឹង គឺជាមធ្យោបាយតែមួយគត់សម្រាប់កូនអ្នកក្រក្រោកចេញពីភាពក្រីក្រ។ដូច្នេះ បើសិនជាពួកគេមិនទទួលបានការអប់រំគុណភាពទេនោះពួកគេនឹងនៅតែពិបាក រកការងារធ្វើ ដើម្បីចិញ្ចឹមជីវិត។ម្លោះហើយការពង្រឹងគុណភាពសាលារដ្ឋអោយបានកាន់តែខ្លាំង និងមានគុណភាពជាងសាលាឯកជន គឺជានយោបាយដ៏សំខាន់មួយ…
អ្នកក្រនឹងនៅតែក្រ ហើយអ្នកមាននឹងនៅតែមាន បើសិនជាកូនអ្នកក្រមិនមាន លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពដូចកូនអ្នកមាន។ចំណេះដឹង គឺជាមធ្យោបាយតែមួយគត់សម្រាប់កូនអ្នកក្រក្រោកចេញពីភាពក្រីក្រ។ដូច្នេះ បើសិនជាពួកគេមិនទទួលបានការអប់រំគុណភាពទេនោះពួកគេនឹងនៅតែពិបាក រកការងារធ្វើ ដើម្បីចិញ្ចឹមជីវិត។ម្លោះហើយការពង្រឹងគុណភាពសាលារដ្ឋអោយបានកាន់តែខ្លាំង និងមានគុណភាពជាងសាលាឯកជន គឺជានយោបាយដ៏សំខាន់មួយ ដើម្បីរំដោះមនុស្សចេញពីភាពក្រីក្រ។

ទោះបីជាមានការប្រែប្រួលជាវិជ្ជមាននៃគុណភាពសាលារដ្ឋដោយសារការធ្វើកំណែទម្រង់មួយចំនួនឪពុកម្តាយជាច្រើននៅតែដក់ជាប់ផ្នត់គំនិតដែលថាសាលាឯកជនល្អជាងសាលារដ្ឋ។ដូច្នេះពួកគេក៏ប្រឹងរកលុយ ដើម្បីអោយកូនបានរៀនសាលាឯកជន។ឈរលើគោលការណ៍ទីផ្សារសេរី វិស័យឯកជន រកស៊ីខាងសិក្សាធិការបានបើកសាលាបង្រៀននៅគ្រប់កម្រិតយ៉ាងព្រោងព្រាតពិសេសនៅក្នុងរាជធានីភ្នំពេញ។សាលាឯកជនបង្រៀនចំណេះដឹងទូទៅបង្រៀនភាសាបរទេសមានអង់គ្លេស ចិន បារាំង បានរីកដុះដាលគ្រប់កន្លែងពីទាសកដ្ឋានរហូតដល់ថ្នាក់ក្រោយឧត្តមសិក្សា។

ពលរដ្ឋដែលចង់ឲ្យកូនៗមានចំណេះដឹងពិសេសអ្នកពុំមានពេលវេលាគ្រប់គ្រាន់ ក្នុងការមើល ថែកូន និងដឹកជញ្ជួនកូនទៅរៀននៅសាលាតាមសាលារដ្ឋ បានបញ្ជួនកូនឲ្យទៅរៀន សាលាឯកជន តាមធនធានរៀងៗខ្លួន។អ្នកមានលទ្ធភាពតិចបញ្ជូនកូនឲ្យទៅរៀនសាលាឯកជនដែលមិនសូវថ្លៃ អ្នកមានលទ្ធភាពមធ្យមបញ្ជូនកូនឲ្យទៅរៀនសាលាឯកជនក្នុងកម្រិតមធ្យម និងអ្នកមានធូរធាខ្លាំងបញ្ជូនកូនឲ្យទៅរៀនសាលាឯកជនដែលមានស្តង់ដារអន្តរជាតិ មានគុណភាពសិក្សាទទួលស្គាល់ពីប្រទេសជឿនលឿនដូចជា អាមេរិក និងចក្រភពអង់គ្លេសជាដើម។
គេដឹងថា សាលាឯកជនៅកម្ពុជាមានតម្លៃផ្សេងៗគ្នាថ្លៃពី៤០០ទៅរាប់ពាន់ដុល្លារក្នុងមួយឆ្នាំដែលជាមធ្យមពលរដ្ឋដែលបានបញ្ជូនកូនទៅរៀនសាលាឯកជនបានចំណាយប្រាក់មិនតិចជាង២០០ដុល្លារនោះទេក្នុងមួយខែសម្រាប់កូនម្នាក់។
ការចំណាយលើការរៀនសូត្ររបស់កូននេះ ត្រូវគេមើលឃើញថា មានកម្រិត ខ្ពស់បើប្រៀប ធៀបជាមួយប្រាក់ខែមន្ត្រីរាជការ ដែលមានប្រមាណជាង១លានរៀលឬស្មើជាង ២៥០ដុល្លារ ក្នុងមួយខែនោះ។ សូមបញ្ជាក់ថានៅក្នុងគ្រួសារខ្លះមានកូនពីរឬបីនាក់ត្រូវសិក្សា។

មានពលរដ្ឋមិនតិចទេ ដែលបានថ្ងូរពីការចំណាយលើការសិក្សារបស់កូន ប៉ុន្តែសួរថាហេតុអ្វី ពួកគាត់មិនបញ្ជូនកូនឲ្យទៅសិក្សានៅសាលារដ្ឋដែលមិនយកថ្លៃលើការសិក្សានោះ។ឆ្លើយសំណួរនេះ មានហេតុផលច្រើន ត្រូវបានលើកមកធ្វើការពិចារណា។
មានការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងច្រើន នៅក្នុងវិស័យអប់រំនៅកម្ពុជា។ គេបានឃើញថា ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំប្រឹងប្រែងពង្រឹងគុណភាពអប់រំ ជាពិសេសនៅតាមសាលារៀនរបស់រដ្ឋទាំងនៅជនបទ និងទីក្រុង នៅក្នុងនោះមានការពង្រឹងគុណភាព ការប្រឡងនៅគ្រប់កម្រិតឈរលើគោលការណ៍ថា«ចេះគឺជាប់»។
ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សាធិការ គឺជាប្រភេទមន្ត្រីរាជការអាទិភាព នៅក្នុងការតម្លើង ប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភនានា ពិសេសការលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ណាដែលស្ម័គ្រចិត្តទៅបង្រៀននៅសាលាទីជនបទ។
ប៉ុន្តែទំនងនៅក្នុងផ្នត់គំនិតប្រជាពលរដ្ឋមួយចំនួនគេនៅតែគិតថា សាលាឯកជន មានគុណភាពល្អជាងសាលារដ្ឋ។ប៉ុន្តែការគិតបែបនេះទំនងជាមិនត្រូវទាំងអស់នោះទេ។ក្នុងពេលបច្ចុប្បន្ននេះមិនមែនសាលាឯកជនទាំងអស់មានគុណភាពសិក្សាល្អជាងសាលារដ្ឋនោះឡើយ ហើយក៏មិនមែនមានន័យថា សាលារដ្ឋទាំងអស់មានគុណភាពមិនល្អនោះដែរ។

ចូរចាំថា គ្រូបង្រៀននៅសាលាឯកជនសុទ្ធសឹងជាលោកគ្រូ អ្នកគ្រូ ដែល បង្រៀននៅសាលារដ្ឋហើយសាលាជំនាន់ថ្មី ដែលកំពុងដាក់ដំណើរការបានការកោតសរសើរពីមាតាបិតាសិស្សជាច្រើន។
ការគិតថា សាលាឯកជនល្អជាងសាលារដ្ឋត្រូវបានគេដឹងថា បានកើតឡើងនៅក្នុងអតីតកាលពេលដែលប្រាក់ខែគ្រូបង្រៀននៅមានកម្រិតទាបខ្លាំង។ ដោយ សារជីវភាពប្រាក់ខែចាយមិនគ្រប់លោកគ្រូ អ្នកគ្រូជាច្រើនបានយកពេលបង្រៀន ឬមកបង្រៀនមិនទៀងទាត់ ដើម្បីប្រកបកិច្ចការនានាក្នុងការរកចំណូលបន្ថែម ដើម្បីផ្គត់ផ្គង់គ្រួសារដែលធ្វើឲ្យការបង្រៀនរបស់គាត់នៅសាលារដ្ឋមានការខ្វះចន្លោះ។នៅត្រង់ចំនុចនេះអាចមានករណីលោកគ្រូអ្នកគ្រូបង្រៀននៅសាលារដ្ឋមិនគ្រប់ម៉ោង តែទៅបង្រៀននៅសាលាឯកជនដែលមានប្រាក់ខែខ្ពស់ហ្មត់ចត់ទៅវិញ។
ម្យ៉ាងវិញទៀត គេប្រាកដជានៅចាំថា កាលពីអតីតកាលមានបាតុភាពមួយ ដែលធ្វើឲ្យ មាតាបិតាសិស្ស ពិសេសសាធារណជនទូទៅមិនពេញចិត្តចំពោះសកម្មភាពលោកគ្រូ អ្នកគ្រូខ្លះ ដែលបានបង្ខំឲ្យសិស្សចំណាយថវិកាលើការសិក្សាក្រៅម៉ោងជាមួយខ្លួន ឬត្រូវទិញឯកសារសិក្សាពីខ្លួន។ ហេតុការណ៍នោះជាមូលហេតុមួយ ក្នុងការជំរុញឲ្យឪពុកម្តាយមួយចំនួនបង្ខំចិត្តដកកូនចេញពីសាលារដ្ឋទៅរៀននៅសាលាឯកជនវិញ។
ក្រៅពីកត្តាគ្រូ កត្តាឪពុកម្តាយក៏ជាផ្នែកមួយក្នុងការបញ្ជូនកូនចៅទៅរៀននៅសាលាឯកជននោះដែរ។មានឪពុកម្តាយជាច្រើនគ្មានពេលវេលាមើលថែកូនចៅ ជាពិសេសការជូនកូនព្រឹកល្ងាចទៅរៀនសូត្រនៅសាលារដ្ឋ។ដោយសារសាលាឯកជនមានសេវាមើលថែកូន និងមានកម្មវិធីសិក្សាពេញមួយថ្ងៃនោះប្រការនេះបានបង្កលក្ខណៈងាយស្រួលដល់ឪពុកម្តាយដែលមានភាពរវល់។
ទោះយ៉ាងណាមានការវា.យតម្លៃថា ការរីកចម្រើនសាលាឯកជនបានចូលរួមចំណែកលើកកម្ពស់ការសិក្សានៅកម្ពុជា ប៉ុន្តែគេក៏មិនអាចបណ្តោយឲ្យសាលារដ្ឋឃ្លាតឆ្ងាយពីទំនុកចិត្តរបស់ពលរដ្ឋនោះដែរ។សាលារដ្ឋមានគុណភាពនឹងធ្វើឲ្យធនធានមនុស្សនៅកម្ពុជាកាន់រឹងមាំ ត្បិតអីកូនចៅពលរដ្ឋដ៏ច្រើនពិសេសអ្នកនៅជនបទ ពឹងលើការសិក្សាសាលារដ្ឋទាំងស្រុង៕ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ