ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋស្នាក់នៅទីទួលសុវត្ថិភាព ចំណុចផ្លូវវាងក្រុងនោះ បានត្រឡប់ទៅលំនៅដ្ឋានវិញហើយ ក្រោយទឹកជំនន់បានស្រកជិត១ម៉ែត្រ បើគិតរហូតមកដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ នៅស្រុកមង្គលបូរី។
![Picture]()
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់ថា នៅស្រុកមង្គលបូរី រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ ទឹកជំនន់បានស្រកជិត១ម៉ែត្រ ហើយប្រជាពលរដ្ឋដែលជម្លៀសមកដាក់ទីទួលសុវត្ថិភាព លើដងផ្លូវវៀងក្រុង ត្រូវត្រឡប់ទៅលំនៅដ្ឋានវិញ និងមួយចំនួនទៀតត្រូវបានត្រឡប់ទៅទីទួលសុវត្ថិភាពចាស់ ដោយសារផ្ទះរបស់គាត់ទឹកនៅមិនទាន់ស្រកអស់ ជាហេតុមិនអាចទៅរស់នៅបាន។
![Picture]()
លោកបានបញ្ជាក់ថា កាលពីទឹកជំនន់បានជន់លិចនៅដើមខែតុលា ឆ្នាំ២០២២ ស្រុកមង្គលបូរី រងផលប៉ះពាល់ចំនួន១៣ឃុំ ស្មើនឹង១០៥ភូមិ ដែលមានប្រជាពលរដ្ឋចំនួន៥.០០៤គ្រួសារ ស្មើនឹងមានមនុស្សរាយចំនួន១៩.៤៨៦នាក់ ក្នុងនោះស្រីចំនួន១០.៣៣២នាក់។ ហើយត្រូវបានជម្លៀសដាក់ទីទួលសុវត្ថិភាពចំនួន២៨១គ្រួសារ ស្មើនឹងមនុស្សរាយចំនួន១.១១៥នាក់ ក្នុងនោះស្រីចំនួន៥៧៨នាក់ កុមារចំនួន១៥៤នាក់ ខណៈទឹកក៏បានលិចស្រូវចំនួន៤.៣១៩ហិកតា លិចផ្លូវចំនួន២៤០ខ្សែ ដែលមានប្រវែង១៧៦.៤០៤ម៉ែត្រ។
![Picture]()
លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលជម្លៀសដាក់នៅទីទួលសុវត្ថិភាពមានចំនួន២៨១គ្រួសារ។ ហើយទឹកលិចជំហានដំបូង ត្រូវបានជម្លៀសពលរដ្ឋទៅដាក់ទីទួលសុវត្ថិភាពក្បែរផ្លូវវៀងក្រុង ស្ថិតភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី ប៉ុន្តែទឹកជំនន់នៅតែបន្តលិចទីទួលចាស់ ក៏ត្រូវជម្លៀសពលរដ្ឋទៅដាក់លើផ្លូវជាតិលេខ៥ ផ្លូវកន្លងខាងត្បូង លុះរហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ ដោយស្ថានភាពទឹកជំនន់បានស្រកជិត១ម៉ែត្រ ទើបប្រជាពលរដ្ឋមួយចំនួនបានត្រឡប់ទៅលំនៅដ្ឋានវិញ ប៉ុន្តែពលរដ្ឋមួយចំនួនធំទៀត មិនទាន់អាចត្រឡប់ផ្ទះវិញបានឡើយ ព្រោះថាស្ថានភាពទឹកនៅមិនទាន់ស្រកអស់ តែពួកគាត់ត្រូវបានបន្តរស់នៅទីទួលសុវត្ថិភាព។ ចំណែកប្រជាពលរដ្ឋដែលបានចេញពីរោងលើដងផ្លូវ និងត្រូវរុះរើសរោងចេញ ដើម្បីសម្រួលចរាចរណ៍លើដងផ្លូវជាតិលេខ៥ ទៅមកបានទាំងសងខាងធម្មតាវិញ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ