ខេត្តកំពង់ចាម ៖ ដោយមើលឃើញពីការលំបាករបស់ប្រជាកសិកររស់នៅឃុំត្រប់ ស្រុកបាធាយត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តអមដំណើរដោយមន្ត្រីជំនាញបានចុះពិនិត្យការស្ថាបនាផ្លូវកៅស៊ូមួយខ្សែប្រវែងជាង១៣ គីឡូម៉ែត្រ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋដឹកកសិផលពីវាលស្រែមកកាន់លំនៅឋានរបស់ខ្លួន។

លោកអ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានឲ្យដឹងថា ដើមឡើយផ្លូវនេះគ្រាន់តែមានដានមនុស្សធ្វើដំណើរ ហើយមានផលវិបាកទាំងរដូវប្រាំង និងរដូវវស្សា ផ្លូវចម្ងាយប៉ុណ្ណេះ ត្រូវប្រើពេលយូរទម្រាំតែដល់គោលដៅ បើធ្វើដំណើរតាមរថយន្តវិញគឺលំបាកណាស់ ។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប្រាប់បន្តឲ្យដឹងទៀតថា ក្រោយពេលដែលឯកឧត្តមអ៊ុន ចាន់ដា មកកាន់តំណែងជាអភិបាលខេត្តកំពង់ចាម ក្នុងគ្រាដំបូងពេលចុះបំពេញការងារនៅតំបន់ឃុំត្រប់ ស្រុកបាធាយ គឺមានផលលំបាកនិងបានជួបជាមួយប្រជាពលរដ្ឋពួកគាត់ បានស្នើសុំឲ្យជួយស្ថាបនាផ្លូវមួយខ្សែ ។
បន្ទាប់មក ក៏បានឲ្យមន្ត្រីជំនាញចុះសិក្សាឃើញថា តំបន់នោះគឺពិតជាជួបការលំបាកមែន ហើយរដ្ឋបាលខេត្តបានផ្ដល់លទ្ធភាពជូនផ្លូវក្រាលកៅស៊ូមួយខ្សែដោយសារគ្រោះធម្មជាតិទឹកភ្លៀងនិងជំនន់ពីបឹងទន្លេសាបហូរចូលមកតំបន់នេះ ធ្វើឲ្យផ្នែកខ្លះត្រូវលិចទឹក ទាមទារសិក្សាតាមលក្ខណៈបច្ចេកទេសដោយស្ថាបនាផ្លូវឲ្យខ្ពស់ពីនីវ៉ូទឹក ។ ក្នុងពេលអញ្ជើញចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវមួយខ្សែនេះត្រូវបានប្រជាពលរដ្ឋនាំគ្នាអបអរសាទរចំពោះសមិទ្ធិផលថ្មីដែលធ្វើឲ្យកន្លែងដែលជួបការលំបាកមកងាយស្រួលក្នុងការដឹកកសិផលមកកាន់ទីផ្សារដោយឆាប់រហ័ស។

លោកអ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបញ្ជាក់ថា ផ្លូវក្រាលកៅស៊ូមួយខ្សែនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់អ្នកស្រុកបាធាយ ជាពិសេសអ្នកភូមិរោធ ឃុំត្រប់ គឺផ្លូវក្រាលកៅស៊ូ១ខ្សែប្រវែង១៣គីឡូម៉ែត្រទទឹង៨ម៉ែត្រ ដែលអនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យនាព្រឹកថ្ងៃទី២៦ តុលា នេះ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់ក្រុមស្ថាបនាផ្លូវ ត្រូវតែបន្តការយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យមានគុណភាពប្រើប្រាស់បានយូរតាមលក្ខណៈបច្ចេកទេស។ហើយនឹងត្រូវស្ថាបនាឲ្យបានរួចរាល់មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅឃុំត្រប់និងតំបន់ជុំវិញងាយស្រួលក្នុងការធ្វើដំណើរមកកាន់ស្រុកកំណើតឬទៅតំបន់ផ្សេង ។

តាមរយៈអាជ្ញាធរមូលដ្ឋានរួមទាំងប្រជាពលរដ្ឋសូមថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តដែលតែងតែអញ្ជើញចុះផ្ទាល់ជួបជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងដោះស្រាយការលំបាកផ្សេងៗដូចជាសំណើរផ្លូវក្រាលកៅស៊ូមួយខ្សែគឺបានតាមបំណងមែន ។


ចែករំលែកព័តមាននេះ