ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សំណាង និង ជា សំនៀង ដល់​ថ្ងៃ​ប៉ះ​ថៃ​លើស​ង្វៀ​ន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​៨ មេ​សា ខានស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ខា​រ៉ា​បាវ មិន​ទាន់​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅឡើយ​ទេ​បន្ទាប់​ពី​បាន​រក​ឃើញ​កីឡាករ​ឡាវ​ជា​ម្ចាស់​ជើងឯក ។ ការ​ប្រកួត​ជា

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​៨ មេ​សា ខានស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ខា​រ៉ា​បាវ មិន​ទាន់​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅឡើយ​ទេ​បន្ទាប់​ពី​បាន​រក​ឃើញ​កីឡាករ​ឡាវ​ជា​ម្ចាស់​ជើងឯក ។ ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​នេះ រួម​មាន​កីឡាករ​ជើង​ខ្លាំង ជា សំនៀង និង​កីឡាករ​ម្ចាស់​ពាន​ជើងឯក​ប៉ុស្ដិ៍​លេខ​៥ ឡុ​ង សំណាង ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ ដែល​ល្បី​ថា​ខ្លាំង​មិនធម្មតា​ណាស់​ដែរ ។

បើ​ទោះជា​បាន​បញ្ចប់​ចំនួន​៣​ស​ប្ដា​ហ៍មក​ហើយ តែ​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិដណ្ដើម​ខ្សែក្រវាត់​របស់​​ភេសជ្ជៈ​ខា​រ៉ា​បាវ​វគ្គ​២ បាន​ទទួល​នូវ​ការ​ចាប់អារម្មណ៍យ៉ាង​​ខ្លាំង​ពី​ស្រទាប់​អ្នក​ស្នេហា​កីឡាប្រដាល់​។

កីឡាករ​ម្នាក់​ៗ​ទាំង​កម្ពុជា និង​បរទេស​សុទ្ធតែបាន​រួម​គ្នា​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ទាំងមូល​ទទួលបានការ​គាំទ្រ ក្នុង​ពេល​ដែល​កីឡាករ​បរទេស​ក៏​បាន​រុញ​ឱ្យ​ការ​ប្រកួត​មាន​ភាព​ទាក់ទាញ​ផង​ដែរ ។

អ្នកគាំទ្រ​កីឡាករ​កម្ពុជា​នៅ​តែ​មាន​អារម្មណ៍​ខកចិត្ត​ក្នុង​ពេល​ការ​ប្រកួត​ចុង​ក្រោយ មិន​ទទួល​បាន​ផ្លែផ្កា​តាម​ការ​ចង់បាន ។ អ្នកគាំទ្រ​ទាំងនោះ​ទទូច​ឱ្យ​ឆាប់​រៀបចំ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជា​ថ្មី ដើម្បី​បានឃើញ​ពី​សមាសភាព​កីឡាករ​កម្ពុជា និង​បរទេស​ឱ្យ​បាន​កាន់តែ​ឆាប់​នោះ​ផង ។ យ៉ាងណាមិញ មន្ត្រី​ជា​អ្នក​រៀបចំ​បាន​អះអាង​ថា ការ​ប្រកួត​វគ្គ​បន្ទាប់​នឹង​ត្រូវ​កើតឡើង​ក្នុង​ពេល​ខាង​មុខ ពោល​គឺ​បន្ទាប់​ពី​ចូល​ឆ្នាំ​ខ្មែរ ដោយសារ​តែ​កីឡាករ​ម្នាក់​ៗ​នៅ​ជាប់​បុណ្យ​ទាន ។ លោក​ថា សមាសភាព​ដែល​ត្រូវ​ប្រកួត​សម្រាប់​វគ្គ​ថ្មី បាន​រៀប​រួច​ហើយ ដូច្នេះ​មិនយូរ​នោះ​ទេ ការ​ប្រកួត​នឹង​ចាប់ផ្ដើម​ឡើង​ក្រោយ​ពី​ពិធី​បុណ្យចូលឆ្នាំ​ត្រូវ​អស់​ចំហាយ ។ លោក​ទទូច​ឱ្យ​មានការ​គាំទ្រ​ចំពោះ​ការ​ប្រដាល់​ឱ្យ​បាន​ច្រើន ដោយ​លោក​បញ្ជាក់​ថា កីឡាប្រដាល់​កាន់តែ​មានការ​រីក​ចម្រើន ប៉ុន្តែ​សម្រាប់​ការ​គាំទ្រ​ពី​អ្នក​ទស្សនា​ហាក់​នៅ​មាន​កម្រិត​។ ក្នុង​នោះ អ្នកគាំទ្រ​មួយ​ចំនួន​លោក​ថា បាន​យក​ការ​ប្រដាល់​ធ្វើ​ជា​អាជីវកម្ម ដោយ​ការ​ចាក់​ភ្នាល់ ហើយ​លាប​ពណ៌​ថា គណៈកម្មការ​ផ្ដល់​ពិន្ទុ​មិន​យុត្តិធម៌​ប៉ាតណាប៉ាតណី​នោះ​ផង នៅ​ពេល​កីឡាករ​ដែល​ពួក​គេ​ភ្នាល់​មិន​ឈ្នះ​តាម​ការ​ចង់បាន ។ លោក​ថា អ្នកគាំទ្រ​បែប​នេះ​បាន​ធ្វើ​ឱ្យ​វិស័យ​ប្រដាល់​បាក់មុខ ប៉ុន្តែ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​នឹង​សម្រាំង​ការ​ប្រដាល់​ឱ្យ​មានគុណ​ភាព​១០០​ភាគរយ មិន​អាច​ធ្វើ​តាម​ការ​គូសវាស​របស់​អ្នក​ភ្នាល់​នោះ​ទេ ។ លោក​នៅ​តែ​ថា អ្នក​ភ្នាល់​ជា​អ្នក​ធ្វើ​ឱ្យ​វិស័យ​ប្រដាល់​បាក់មុខ ប៉ុន្តែ​អ្នកគាំទ្រ​ផ្កាប់មុខ​ទាំងនោះ ក៏​ជួយ​ឱ្យ​វិស័យ​ប្រដាល់​មាន​ភាព​ផុលផុស​ផង​ដែរ ។  លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា ឱ្យ​តែ​រាល់​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ រមែង​មានការ​លើក​ឡើង​ថា យុត្តិធម៌ និង​មិន​យុត្តិធម៌ ដែល​សុទ្ធតែ​ជា​ការ​លាប​ពណ៌ នៅ​ពេល​ការ​ប្រកួត​រវាង​កីឡាករ​ដែល​ពួក​គេ​ភ្នាល់​មិន​បាន​ជោគជ័យ ។ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​វគ្គ​៣​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ នឹង​សម្រាំង​កីឡាករ​ឱ្យ​ល្អ​ដើម្បី​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ខា​រ៉ា​បាវ​មាន​ភាព​លេចធ្លោ ។ 

ងាក​មក​កាន់ការ​ប្រកួត​មិត្តភាព​នៅ​ថ្ងៃ​សៅរ៍​នេះ​វិញ លោក ញាណ សុធី បញ្ជាក់​ថា កីឡាករ ជា សំនៀង មក​ពី​ក្លិប​ទ័ព​ឆត្រយោង​៩១១ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Aram Boy ។

លោក​ថា កីឡាករ​កម្ពុជា​នឹង​មិន​ភ្លាត់​ឱ្យ​ចាញ់​សម្រាប់​ការ​ប្រកួត​នេះ​ទេ ថ្វី​ដ្បិតថា​គេ​ប្រកួត​ឈ្នះ​នឹង​ឈាន​ឡើង​ក្រេ​ឌី​ត តែបើ​ចាញ់​នឹង​រង​ការ​រិះគន់​ថា​ប្រកួត​ធ្លាក់ដៃ ។ លោក​ថា កីឡាករ​រូប​នេះ នឹង​ត្រូវការ​ឈ្នះ​ដើម្បី​លុបលាង​ភាព​អាម៉ាស់ ខណៈ​ដែល​កីឡាករ​ថៃ​ក៏​ប្រា​ថា្ន​ចង់​ឈ្នះ​ដូច​គ្នា ។ កីឡាករ​ថៃ​ត្រូវ​លោក​ប្រកាស​ថា ធ្លាប់​ប្រកួត​៧៥​លើក ឈ្នះ​៥៩​លើក ចាញ់​១៦​លើក មិន​ដែល​ស្មើ​ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ឆ្លងកាត់​ការ​ប្រកួត​រហូត​ដល់​៧៧​លើក ឈ្នះ​៦២​លើក ចាញ់​១២​លើក និង​ស្មើ​៣​លើក ។

សម្រាប់​កីឡាករ ឡុ​ង សំណាង មក​ពី​ក្លិបឡុ​ង​សាល​វ័​ន្ត លោក ញាណ សុធី បញ្ជាក់​ថា​គេ​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Reda ក្នុង​លក្ខណៈ​មិត្តភាព​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ​នោះ​ដែរ ។ លោក​ថា ឆ្លងកាត់​ការ​ប្រកួត​បាន​ច្រើន​លើក លោក​ក៏​មិន​ទាន់​ហ៊ាន​ទុកចិត្ត​កីឡាករ​កម្ពុជា​១០០​ភាគរយ​នោះ​ដែរ បើ​ទោះជា​គេ​ជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន និង​ឡើង​កូដ ។ នោះ​គឺ​ដោយសារ​តែ​កីឡាករ​កម្ពុជា​ក៏​ខ្លាំង​មិនធម្មតា ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​១០៣​លើក ឈ្នះ​៨២​លើក ចាញ់​១៥​លើក និង​ស្មើ​១​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៦៦​លើក ឈ្នះ​៥៦​លើក ចាញ់​៧​លើក និង​ស្មើ​៣​លើក ទើប​លោក​មិន​ហ៊ាន​ទុកចិត្ត​ចំពោះ​កីឡាករ​កម្ពុជា ៕