ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សុ​ភី រៀបរាប់​ពី​ជីវិត​អតីតកាល​ មុន​ល្បីឈ្មោះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​បាន​ក្លាយ​ខ្លួន​ជា​កីឡាករ​ប្រដាល់​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ម្នាក់ តែ​កីឡាករ ឡុ​ង សុ​ភី បាន​អះអាង​ថា

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​បាន​ក្លាយ​ខ្លួន​ជា​កីឡាករ​ប្រដាល់​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ម្នាក់ តែ​កីឡាករ ឡុ​ង សុ​ភី បាន​អះអាង​ថា លោក​មិន​ភ្លេច​អតីតកាល​មុន​ពេល​ប្រឡូក​ការ​ប្រដាល់​នោះ​ឡើយ ដោយសារ​តែ​ក្នុង​ពេល​នោះ លោក​គ្រាន់តែ​ជា​ក្មេង​ប្រុស​ម្នាក់​ស្ថិត​នៅ​ក្នុង​គ្រួសារ​ខ្វះខាត ។ លោក​បាន​រៀបរាប់​ពី​រឿងរ៉ាវ​ជា​ច្រើន ដែល​លោក​ប្រកាស​ថា​មិន​អាច​បំភ្លេច​បាន ។

ឡុ​ង សុ​ភី បញ្ជាក់​ថា លោក​បាន​ប្រឡូក​ការ​ប្រដាល់​ដំបូង​បំផុត​ក្នុង​វ័យ​១៥​ឆ្នាំ ដោយសារ​តែ​ឃើញ​បងប្រុស​លោក​ទាំង​៥​រូប​សុទ្ធតែ​ជា​អ្នក​ប្រដាល់ ហើយ​ម្យ៉ាង​លោក​ក៏​ចង់បាន​លុយ និង​ចង់​មានឱកាស​ឡើង​មក​រស់នៅ​ទីក្រុង​ភ្នំពេញ ។

លោក​ថា បងប្រុស​លោក​ទាំង​៥​រូប​ប្រឡូក​ការ​ប្រដាល់​គ្រប់​គ្នា​ដោយ​សូ​ម្បី​តែ​អាជីព​មួយ​នោះ​មិន​មាន​ចំណូល​ខ្ពស់​ដូច​ពេល​បច្ចុប្បន្ន ។ លោក​ថា ខ្លួន​ពី​ដំបូង​មិន​មាន​ចំណូល​ចិត្ត​ចង់​ប្រដាល់​នោះ​ទេ ដោយ​ចាត់​ទុក​ថា​គ្រាន់តែ​ចង់​ឡើង​ប្រដាល់​ដើម្បី​បាន​ស្គាល់​ភ្នំពេញ ប៉ុន្តែ​បន្តបន្ទាប់​មក​លោក​ក៏​មាន​ចំណូលចិត្ត ហើយ​តាំងចិត្ត​ថា ត្រូវ​តែ​ប្រឡូក​ការ​ប្រដាល់​រហូត​មានឈ្មោះ​បោះ​សំឡេង​តែ​ម្ដង ។ លោក​ថា ក្នុង​ចំណោម​បងប្អូន​៧​មាន​ប្រុស​៦​នាក់​សុទ្ធតែ​ជា​អ្នកប្រដាល់​ទាំងអស់ មាន​តែ​លោក និង​លោក ឡុ​ង សាល​​វ័​ន្ត​ប៉ុណ្ណោះ​ដែល​ប្រឡូក​ការ​ប្រដាល់ ហើយ​មានឈ្មោះ​បោះ​សំឡេង ។ គ្រួសារ​លោក​ជា​អ្នក​បាត់ដំបង នៅ​ភូមិ​ស្វាយ​កោះ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ប៉ុន្តែ​លោក​កើត​នៅ​ជំរំសាយធូ​ជាប់​ព្រំដែន​ថៃ ។

ឡុ​ង សុ​ភី បាន​រំលឹក​ថា ការ​ប្រកួត​លើក​ដំបូង​លោក​ហ្វឹកហាត់​តែ​មួ​យស​ប្ដា​ហ៍​ប៉ុណ្ណោះ​តែ​បាន​វាយ​ឈ្នះ​ហើយ​ទទួល​បាន​តម្លៃ​ខ្លួន​៥​ម៉ឺន​រៀល​ធ្វើ​ឱ្យ​លោក​សប្បាយចិត្ត​ចង់​ហោះ និង​ចាយ​លុយ​នោះ​ដោយ​ការ​សន្សំ​សំចៃ​បំផុត បាន​រហូត​ដល់​រយៈពេល​មួយ​ខែ​ព្រោះតែ​ការ​ស្រឡាញ់​លុយ​ដែល​ជា​ញើស​ឈាម​នោះ​ផង ។ លោក​នៅ​តែ​យល់​ឃើញ​ថា ប្រាក់​៥​ម៉ឺន​រៀល ដែល​ខ្លួន​រកបាន​ពី​ការ​ប្រដាល់​លើក​ដំបូង គឺជា​កម្លាំងចិត្ត​មិន​នឹក​ស្មាន​ដល់​នៅ​ក្នុង​ជីវិត ដែល​ធ្វើ​ឱ្យ​លោក​ឈាន​ឡើង​នៅ​ក្នុង​អាជីព​ប្រដាល់​នា​ពេល​បន្តបន្ទាប់​ផង​ដែរ ។ លោក​បាន​ចាប់ផ្ដើម​ល្បីឈ្មោះ​កាន់តែ​ខ្លាំង​កាលពី​ឆ្នាំ​២០១០ ដោយសារ​តែ​បាន​ឡើង​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ និង​ដណ្ដើម​បាន​ខ្សែក្រវាត់​ជើងឯក​ជា​បន្តបន្ទាប់​ចំនួន​៦ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ពាន​ជើងឯក មេដាយមាស ប្រាក់ និង​មេដាយ​ជើងឯក​ដែល​បញ្ជាក់​ពី​ភាព​ខ្លាំងក្លា​របស់​ខ្លួន​នៅឡើយ​ផង ។ ចំពោះ​ប្រាក់​តម្លៃ​ខ្លួន​ និងប្រាក់​រង្វាន់​ថ្វី​ដ្បិតថា​មិន​ធ្វើ​ឱ្យ​លោក​មានបាន តែ​ក៏​ជួយ​ឱ្យ​លោក​បាន​ស្គាល់​ប្រាក់​ដុល្លារ និង​មាន​ម៉ូតូ​ជិះ​បាន​សមរម្យ​ជា​មនុស្ស​ម្នាក់​ផង​ដែរ បើ​ធៀប​នឹង​ស្ថានភាព​រស់នៅ​របស់​លោក​កាលពីមុន​ពេល​ចូល​ប្រដាល់​គឺ​គ្រួសារ​ខ្វះមុខខ្វះក្រោយ​។

លោក​ប្រកួត​ឈ្នះ​ខ្សែក្រវាត់​ដំបូង​គេ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ដោយ​ទទួល​បាន​ម៉ូតូ​មួយ​គ្រឿង​ជា​រង្វាន់​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​ជីវិត​លោក ដោយសារ​តែ​លោក​មិន​មាន​លទ្ធភាព​ទិញ​ម៉ូតូ​ជិះ​នោះ ។ ឆ្នាំ​២០០៨ គឺជា​ឆ្នាំ​ដែល​លោក​យល់​ថា ខ្លួនឯង​ឈាន​ឡើង​ដោយសារ​តែ​ក្នុង​ពេល​នោះ​កីឡាករ វ៉ា​ន់ ចាន់​វ៉េ​ត បាន​ក្លាយជា​កីឡាករ​ល្បី និង​ខ្លាំង តែ​លោក​អាច​យក​ស្មើ​ពិន្ទុ​បាន ក្នុង​ពេល​ដែល​កីឡាករ​ផ្សេង​ទៀត​ឱ្យ​តែ​ប៉ះ វ៉ា​ន់ ចាន់​វ៉េ​ត នៅ​ក្នុង​ពេល​នោះ គឺ​រមែង​សន្លប់ ។

កីឡាករ ឡុ​ង សុ​ភី បញ្ជាក់​ថា លោក​សិក្សា​បាន​ត្រឹមតែ​ថ្នាក់​ទី​៧​នៅ​ស្រុក​កំណើត​ប៉ុណ្ណោះ ដោយសារ​តែ​ជីវភាព​នា​អតីតកាល​ខ្វះ​ព្រឹក​ខ្វះ​ល្ងាច និង​ចង់រក​លុយ​ពី​ការ​ប្រដាល់​។ លោក​សារភាព​ថា ក្រោយ​ទទួល​បាន​ខ្សែក្រវាត់​ជើងឯក​បន្តបន្ទាប់ លោក​មាន​សល់​ទ្រព្យ​របស់​គួរសម ប៉ុន្តែ​មក​ពី​លោក​មាន​បញ្ហា​រង្គោះរង្គើ​ស្នេហា​ទី​១ ដោយ​បន្សល់​ទុក​នូវ​កូន​២​នាក់ ទើប​លោក​នៅ​តែ​សល់​សំបកខ្លួន ដោយសារ​តែ​លោក​ចុះ​ចេញ​ដោយ​មិន​យក​អ្វី​មក​ជាមួយ​ទាំងអស់​គឺ​ទុក​ចែក​កេរ​ឱ្យ​កូន និង​ចង់​កសាង​ជីវិត​ជា​ថ្មី​ដោយ​បាតដៃ​ទទេ ។

លោក​ថា ខ្លួន​មានកូន​ប្រុស​-​ស្រី​២​នាក់​ជាមួយ​ភរិយា​មុន តែ​លោក​មិន​បាន​បោះបង់​កាតព្វកិច្ច​នោះ​ទេ បើ​ទោះជា​លោក​បាន​រៀប​ការ​ភរិយា​ថ្មី ហើយ​ភរិយា​ក្រោយ​ក៏​ទើបនឹង​ពពោះ​៤​ខែ ។ លោក​កើត​នៅ​ឆ្នាំ​១៩៨៨ និង​បាន​រៀប​ការ​ជាមួយ​ភរិយា​មុន កាលពី​ឆ្នាំ​២០០៨ តែ​ដោយសារ​តែ​ការ​រស់នៅ​មិន​ចុះសម្រុង​គ្នា ទើប​ធ្វើ​ឱ្យ​បាក់បែក​គ្នា​កណ្ដាល​ទី​។ លោក​សម្រេចចិត្ត​រៀប​ការ​ជា​លើក​ទី​២ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ និង​បាន​ប្រកាស​ថា​កំពុង​រៀប​គម្រោង​បើកហាង​លក់​បាយ​មួយ​ក្រោយ​ពេល​ភរិយា​សម្រាលកូន​រួច ។ បើ​ទោះជា​អាជីព​នេះ​មានការ​ពិបាក តែ​លោក​ប្រកាស​ថា នឹង​ឱ្យ​កូន​ៗ​របស់​ខ្លួន​បន្ត​អាជីព​ប្រដាល់​បើ​កូន​ណា​ម្នាក់​របស់​លោក​មាន​និស្ស័យ​នឹង​អាជីព​នេះ ៕