ចំណងដៃការឆ្នាំនេះនឹងឡើងថ្លៃទេ បើទំនិញគ្រប់សព្វឡើងថ្លៃអស់ហើយនោះ?ក្រោយរដូវចេញវស្សាទៅ ពិសេសខែកក្តិកដែលធ្លាក់ខ្យល់ពីជើងនឹងមកដល់នោះប្រជាពលរដ្ឋខ្មែរតែងរៀបពិធីអាពាហ៍ពិពាហ៍ទុកដាក់កូនចៅឲ្យមានគូស្រករ។ចំណងដៃអាពាហ៍ពិពាហ៍នាពេលបច្ចុប្បន្ននេះបានក្លាយជាបន្ទុកសម្រាប់មនុស្សជាច្រើន ប៉ុន្តែវាជាកាតព្វកិច្ចសង្គមដែលគេនាំគ្នាប្រតិបត្តិពីព្រោះម្តងការគេ ម្តងការយើង ម្តងការកូនគេ ម្តងការកូនយើង។ចងដៃគ្នាទៅវិញទៅមកបានក្លាយជាព្រពៃណីមួយក្នុងការជួយគ្នា ត្បិតបើយើងចងដៃគេច្រើន ម្ចាស់ដើមការ សាមីកូនកម្លោះកូនក្រមុំគ្នាក៏សប្បាយចិត្តដែរ។

ការរៀបចំអាពាហ៍ពិពាហ៍នាពេលបច្ចុប្បន្ន មានការចំណាយថវិកាច្រើនណាស់។ អ្វីៗសុទ្ធតែត្រូវការលុយទាំងអស់រួមទាំងទីតាំងរៀបចំពិធីសំអាងការ ម្ហូបអាហារ នំចំណី អាចារ្យ ភ្លេង ការតុបតែងរោងពិធីរហូតអ្នកខ្លះត្រូវចំណាយថវិកាជួលមនុស្សមករៀបចំមកកំដរកូនកម្លោះកូនក្រមុំទៀតផង។ឆ្លៀតឱកាសនេះ ក៏សូមរំលឹកថា កាលពីអតីតកាលការរៀបចំពិធីមង្គលកូនខ្មែរមានទម្លាប់ជួយគ្នាទៅវិញទៅមកជួយតាំងពីវេចនំ ធ្វើរោង កាប់ចេក បន្ទុំផ្លែឈើ ជួយធ្វើរោងជួយធ្វើម្ហូប និយាយឲ្យចំគេជួយគ្នាច្រើនថ្ងៃមុនថ្ងៃពិធីមកដល់ម្លេះ។ ពោលគេជួយគ្នារហូតដល់ពេលរុះរោងការទៅវិញ។
រូបតំណាងនិយាយជារួមការរៀបមង្គលការពីសម័យដើមគេចំណាយកម្លាំងមនុស្សច្រើនជាងកម្លាំងលុយ។តែនៅក្នុងសម័យនេះ ដោយសារមនុស្សម្នាក់ៗរវល់រៀងៗខ្លួន មិនសូវមានកម្លាំងកាយជួយគ្នា គេសរុបជាទឹកប្រាក់តាមរយៈចំណងដៃនាពេលល្ងាចក្នុងពិធីលាងសាយភោជន៍ ដែលគហៅថា ចំណងដៃនោះទៅវិញ។
ដោយសារមើលឃើញពីធីមង្គលការមួយៗត្រូវចំណាយថវិកាច្រើន ដូច្នេះចំណងដៃត្រូវបានគេគិតតាមនោះ។បើការដែលមានរៀបចំក្នុងទ្រង់ទ្រាយធំម្ហូបអាហារឆ្ងាញ់ប្រណិតអ្នកទៅចូលរួមបានលៃលកចំណងដៃទៅតាមនោះ។ ជាទូទៅនៅក្នុងរដូវការរៀបការម្តងៗគេសង្កេតឃើញមានមនុស្សមិនតិចទេបានត្អូញត្អែរពីការចំណាយខ្ពស់លើចំណងដៃនេះក្នុងមួយខែៗ។ដោយសារពេលនេះបណ្តាញសង្គមត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយផងនោះអ្នកខ្លះបានបង្ហោះរូបលិខិតអញ្ជើញការបីបួន នៅក្នុងមួយខែៗ។ អ្នកខ្លះទៀតថែមទាំងនិយាយថា «ខែនេះស៊ីសៀងហើយពីព្រោះត្រូវចងដៃការ៤រោង»។
រូបតំណាងទោះបីការលើកឡើងទាំងអស់នោះទំនងជាការលេងសើច ប៉ុន្តែចំណងដៃហាក់បានក្លាយជាបន្ទុកថវិកាប្រចាំគ្រួសាររបស់ពលរដ្ឋ។ទំហំថវិកាចំណងដៃមានខុសៗគ្នា។ នៅទីជនបទពលរដ្ឋអាចចងដៃពី៥ម៉ឺនទៅ១០ម៉ឺនរៀល នៅទីប្រជុំជន និងទីក្រុងចំណងដៃកាន់ខ្ពស់អាចពី៣០ទៅ១០០ដុល្លារ ឬលើសពីនេះ។
ឧបមាថា អ្នកចងដៃ៥០ដុល្លារសម្រាប់ពិធីមង្គលការមួយ។អ្នកទទួលបានលិខិតអញ្ជើញការ៤នោះប្រាកដជាត្រៀមថវិកាសម្រាប់ចងដៃ គឺ២០០ដុល្លារសម្រាប់ចងដៃការគេហើយ។ដូច្នេះ បើសិនជាអ្នកជាបុគ្គលិកក្រសួងរដ្ឋដែលមានប្រាក់ខែ ៣០០ ឬ៤០០ ដុល្លារនោះ អ្នកអាចនឹងត្រូវស៊ីសៀងហើយ បើសិនជាមានធៀបការដល់៤ក្នុងមួយថ្ងៃនោះ។
នៅក្នុងពេលរដូវរៀបមង្គលការនឹងចូលមកដល់នៅពេលប៉ុន្មានថ្ងៃខាងមុខនេះ មានការសួរគ្នាបែបលេងសើចក្នុងស្រទាប់ពលរដ្ឋខ្លះថា តើហាងឆេងចងដៃការឆ្នាំនេះឡើងថ្លៃទេ? បើទំនិញសព្វសារពើបានឡើងថ្លៃអស់ហើយនោះ។ ដូច្នេះ បើសិនជាចំណងដៃ មិនឡើងតាម ការឡើងថ្លៃទំនិញទេនោះ ម្ចាស់ដើមការមុខជាខាតធ្ងន់។
រូបតំណាងដូចការលើកឡើងពីខាងលើអីចឹង ចំណងដៃបានក្លាយជាកាតព្វកិច្ចសង្គម ដែលមនុស្ស បានគិតថាម្តងគេម្តងយើង។ គ្រប់គ្នាបានខិតខំបំពេញកាតព្វកិច្ចនេះ ទោះមានការលំបាក យ៉ាងណាក្តី ពីព្រោះវាជាទំនាក់ទំនងសង្គមផងដែរ។ តែមានការលើកឡើងថា ការចំណាយថវិកាច្រើនពេកលើពិធីធីមង្គលការនិងការដែលចេះតែអញ្ជើញអ្នកចូលរួមឲ្យបានកាន់តែច្រើនរបស់ម្ចាស់ដើមការនោះ គឺជាការខាតបង់ថវិកា និងជាការរំខានទៅវិញនោះទេ៕ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ