រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោប្លន់ប្រុសស្រីចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីពួកគេបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូម៉ាកស្គូពីមួយគ្រឿង និង កាបូបលុយចំនួន១ ពីស្ត្រីជាមិត្តភក្តិរបស់ខ្លួនម្នាក់រួចហើយនោះ។ ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ៨៦ ផ្លូវ៩៩ ក្រុម២៧ ភូមិ៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
តាមប្រភពពីនគរបាលបានប្រាប់ឱ្យដឹងថា ក្រុមជនសង្ស័យទាំងពីរនាក់ដែលបានឃាត់ខ្លួនមានទី១-ឈ្មោះ វ៉ន លីនដា ភេទស្រី អាយុ២៥ឆ្នាំ បម្រើការនៅក្នុងខារ៉ាអូខេរ៉ក់ និងទី២-ឈ្មោះ បញ្ញា រិទ្ធី ហៅចុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្ស ពួកគេស្នាក់នៅផ្ទះជួល ផ្លូវ៩៧ ក្រុម៣១ ភូមិ៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជាមួយគ្នា។ ស្ត្រីរងគ្រោះមានឈ្មោះ ដួង ពឿន អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅក្រុម១២ ភូមិ២ ក្នុងសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន។
មុនពេលកើតហេតុ ស្ត្រីជាជនសង្ស័យធ្វើជាទូរស័ព្ទហៅស្ត្រីជាជនរងគ្រោះដែលត្រូវជាមិត្តភក្តិ និងគ្នានោះឲ្យមកជួបនៅខាងមុខហាង បុប្ផាជាយដែន ដើម្បីជួនទៅធ្វើច្រមុះនៅផ្សារថ្មី ហើយនាងក៏បានជិះម៉ូតូម៉ាក ស្គូពីពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ ១GC-៤៣៥២ មួយគ្រឿង ដោយមានស្ពាយកាបូបក្រឡាពណ៌សូកូឡា លាយខ្មៅ ដែលមានលុយដុល្លារចំនួន៥០០ដុល្លារ និងខ្មែរចំនួន១០០. ០០០រៀលផងដែរ។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនាងទៅដល់មិនបានជួបស្ត្រីជាជនសង្ស័យដូចការណាត់ឡើយ ក៏ស្រាប់តែគេបានទូរស័ព្ទម្តងទៀតឲ្យទៅឌុបនាងនៅម៉ាតកាល់តិចមុខរ៉ក់វិញ ពេលទៅក៏បានជួបគ្នា ហើយស្ត្រីរូបនោះក៏បានឲ្យនាងឌុបទៅខាងមុខហាង បុប្ផាជាយដែនវិញ ដោយបានប្រាប់ថា <<ទៅឌុបមិតភក្តិម្នាក់ទៀត ដើម្បីទៅធ្វើច្រមុះជាមួយគ្នា>>។
ពេលនោះ ស្ត្រីរងគ្រោះក៏បានឌុបស្ត្រីជាជនសង្ស័យទៅដល់មុខផ្ទះខាងលើនៅខាងមុខហាង បុប្ផាជាយដែន ម្តងទៀត ក៏ត្រូវបានស្ត្រីជាជនសង្ស័យបបួលឱ្យនាងយកកាបូបលុយទៅដាក់នៅខាងក្រោមកែបម៉ូតូទាំងទាំងអស់គ្នា ស្របពេលនោះក៏លេចមុខបុរសម្នាក់ជាបក្ខពួករបស់នាងមកធ្វើជាឈ្លោះប្រកែកគ្នា ក៏បានរុញស្ត្រីជាជនសង្ស័យឲ្យដួលសង្កត់ទៅលើស្ត្រីជាជនរងគ្រោះ រួចជិះម៉ូតូម៉ាកស្គូពីនោះជិះគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ ស្ត្រីជាជនរងគ្រោះក៏បានរត់មកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ហើយការធ្វើការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រីទាំងពីរនាក់ ដែលបានរួមគំនិតគ្នាធ្វើសកម្មភាពប្លន់នេះ ជាបន្តបន្ទាប់ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ផងដែរ៕
ចែករំលែកព័តមាននេះ