ឃាត់តាំងពី​1​ជាន់ រហូត​5​ជាន់​រួចរាល់ សង្ស័យភូមិគ្រឹះមាន​បារមីខ្ពស់


រាជធានី​ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី នគ​រូប នី​យ​កម្ម និង​សំណង់ ព្រមទាំង​អាជ្ញាធរ​រាជធានី​និង​ខណ្ឌនៅ​តែ​ចំណាត់ការ​ខ្យល់​លើ​សំណង់​អត់​ច្បាប់​ដែល​រំលោភ​ច្រាំង​ទន្លេមេគង្គ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​ស្ថិត​នៅ​វិ​ថីកែវ ចិន្តា ក្បែរ​រោងចក្រ​ផលិត​ទឹក​ស្អាត សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ទោះបី​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ និង​ចេញ​លិខិត​ឱ្យ​រុះរើ​ចេញ​យ៉ាងណា ក៏​នៅ​តែ​គ្មាន​ប្រសិទ្ធភាព​ដដែល​។ នេះ​មិនមែន​ជា​បាតុភាព​ថ្មី​ៗ​នោះ​ទេ គឺ​វា​បាន​អូស​បន្លាយ​យូរ​មក​ហើយ ដែល​ចំណាត់ការ​ហាក់​ទៅ​មុខ​មិន​រួច សង្ស័យមាន​បារមីខ្ពស់កាន់ហើយ​មើល​ទៅ។

អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍​សម្រាប់​សាធារណ​មតិ​នោះ គឺ​ខណៈ​ពេល​ដែល​អាជ្ញាធរ​ចុះ​ហាមឃាត់​និង​ចេញ​សេច​ត្តី​ជូនដំណឹង​ឱ្យ​ម្ចាស់​រុះរើ​នោះ ម្ចាស់​ភូមិ​គ្រឹះ​ដែល​សាងសង់​បំពាន​ច្រាំង​ទន្លេ​នេះ​ពុំ​បាន​សហការ​ទេ គឺ​នៅ​តែ​បន្ត​សាងសង់​រហូត​ដល់​កម្ពស់​៥​ជាន់ ប្រក់​ដំបូល​បាន​រួចរាល់​ទៀត ។ មិនតែប៉ុណ្ណោះ នៅ​ពេល​ថ្មី​ៗ​នេះ​កាលពី​រសៀល​ថ្ងៃ​ទី​២៣ មីនា លោក ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​សំណង់​អត់​ច្បាប់​នេះ តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​គ្មាន​ចំណាត់ការ​ចំពោះ​សំណង់​នេះ​ដដែល ។

ប្រការ​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​នៅ​ពេល​កំពុង​ចាប់​ដំណើរការ​សាងសង់​បាន​ប្រមាណ​ជាន់​ទី​១ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា ដឹកនាំ​ដោយ​លោក ហ៊ុយ សា​រុណ អភិបាលរង​ខណ្ឌ ព្រមទាំង​មន្ត្រី​សណ្តាប់ធ្នាប់​ចុះ​ទៅ​ណែនាំ ឱ្យ​ម្ចាស់​សំណង់​ផ្អាក​ការ​សាងសង់ និង​ចាប់​ដកហូត​សម្ភារ​ចំនួន​២​ដង​។ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់ សំណង់​នោះ​ត្រូវ​បាន​បន្ត​សាងសង់​ដដែល ប្រៀប​ដូច​ផ្គើន​នឹង​អាជ្ញាធរ ។ លុះ​ក្រោយមក ក៏​បាន​ស្ងប់ស្ងាត់​ទៅ អាជ្ញាធរ​ខណ្ឌ​ក៏​លែង​ខ្វល់​ដែរ ហើយ​សំណង់​នេះ​ក៏​ចេះ​តែ​ពង្រីក​ខ្លួន​ឡើង​កម្ពស់​រហូត​បាន​៥​ជាន់ ដែល​ជា​ជាន់​លើ​បំផុត តែ​មិន​ទាន់​ប្រក់​ដំបូល​នោះ​ទេ ។ ស្រាប់តែ​មាន​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​ចុះហត្ថលេខា ដោយ​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​មាន​វិធានការ​ណែនាំ​ឱ្យ​ម្ចាស់​រុះរើ ។

មន្ត្រី​សាលា​ខណ្ឌ​ម្នាក់​ពេល​នោះ​បាន​និយាយ​លេងសើច​ថា មាន​តែ​ដាក់​គ្រាប់បែក​កម្ទេច​ចោល​ទេ ទើប​អាច​បញ្ចប់​សំណង់​នេះ​បាន ព្រោះ​វា​មិន​ដែល​ធ្វើ​បាន​កប់​ពពក​ហើយ​មក​បញ្ជា​បែប​នេះ ។ ទន្ទឹម​នោះ​អាជ្ញាធរ​ខណ្ឌ​ក៏​បាន​ធ្វើ​លិខិត​ជួន​ដំណឹង​ដល់​ម្ចាស់​ឱ្យ​រុះរើ​ដោយ​ទុក​ឱ​សា​នុ​វាទ​រយៈពេល​១​ខែ ។ លុះដល់​ពេល​ផុត​ឱ​សា​នុ​វាទ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា មិន​មាន​វិធានការ​រដ្ឋបាល​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង​ឡើយ​គឺ​ស្ងាត់ឈឹង​ដដែល ព្រោះ​ថ្នាក់លើ​អត់​ហ៊ាន​ទៅ​ហើយ ថ្នាក់​ក្រោម​កាន់តែ​លែង​ហ៊ាន​ទៀត ។ នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​សួរនាំ អាជ្ញាធរ​ទម្លាយ​ឱ្យ​ដឹង​ថា ម្ចាស់​បាន​ទៅ​រក​អន្តរាគមន៍​នៅ​សាលា​រាជធានី​ភ្នំពេញ ដូច្នេះ​ទាល់តែ​ទៅ​សួរ​សាលា​រាជធានី​ភ្នំពេញ​ទៅ ។ បន្ទាប់​ពី​គ្មាន​វិធានការ​ណាមួយ​ត្រូវ​បាន​អនុវត្ត​ក្នុង​ការ​បញ្ចប់​សំណង់​នេះ គេ​ឃើញ​ថា សំណង់​នោះ​នៅ​តែ​បន្ត​សាងសង់​បន្ត​ទៀត​ដោយ​ប្រក់​ដំបូល និង​សម្អាត​រហូត​រួចរាល់​ជា​ស្ថាពរ​ទៅ​ហោង ។

ថ្មី​ៗ​នេះ​ទៀត គេ​ឃើញ​លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​សំណង់​អត់​ច្បាប់​នោះ​ទៀត ហើយ​ក៏​នៅ​តែ​គ្មាន​វិធានការ​ដដែល គឺ​បាន​ត្រឹមតែ​ទៅ​អើត​មើល ជា​ជាង​អង្គុយ​យូរ​ក្នុង​បន្ទប់​ដែល​នាំ​ក្តៅ​គូទ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ម្ចាស់​សំណង់​នេះ​គេ​មាន​ខ្នង​ធំ​ណាស់ នៅ​ពេល​ដែល​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ ម្ចាស់​សំណង់​នេះ​មិន​បាន​សហការ​ទេ​ដោយ​មិន​ទាំង​បើកទ្វារ​របង​ឱ្យ​មន្ត្រី​ជំនាញ​ចូល​ទៅ​ពិនិត្យ​ទៀត​ផង ។

គេ​និយាយ​ថា ក្រសួង និង​អាជ្ញាធរ​ធ្វើ​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន ដែល​មើលឃើញ​ថា ច្បាប់​ទាំងឡាយ​គេ​ប្រើ និង​អនុវត្ត​បាន​តែ​លើ​អ្នក​ក្រីក្រ អ្នក​តូចតាច​ប៉ុណ្ណោះ ។ រហូត​មក​ដល់​ពេល​នេះ គេ​មិនដឹង​ថា ម្ចាស់​សំណង់​រំលោភ​មាត់ច្រាំង​ទន្លេ​នេះ ជា​អ្នកមាន​អំណាច​ប្រភេទ​ណា​នោះ​ទេ ព្រោះ​គ្រាន់តែ​ឈ្មោះ​ក៏​មិន​ដែល​ឮ​ផង​។

បានជា​ហ៊ាន​និយាយ​បែប​នេះ ព្រោះថា​បញ្ហា​សំណង់​ដ៏​ធំ​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នេះ​បើ​អ្នក​រកស៊ី​ល្មម​ៗ ឬ​មន្ត្រី​ដែល​គ្មាន​ពិស​នោះ​ប្រហែលជា​មិន​ប្រថុយធ្វើ​នោះ​ទេ ទាំង​ការ​ធ្វើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​រំលោភ​ច្រាំង​ទន្លេ​ថែម​ទៀត ។ ពលរដ្ឋ​ខ្លះ​និយាយ​ថា កំពុង​រង់ចាំ​មើល បើសិនជា​ធ្វើ​មិន​បែក​សំណង់​នេះ​ទេ អាច​និង​មាន​សំណង់​ឯទៀត យក​តាម​គំរូ​បែប​នេះ​បាន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ