ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន​ថ្ងៃអាទិត្យ​ខាន​ស្អែក​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃអាទិត្យ ​ទី​២ មេ​សា ខានស្អែក​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន មាន​រៀបចំ​ការ​ប្រកួត​ប្រដាល់​ដូច​រាល់ដង​ដែល​ប្រមូលផ្ដុំ​ដោយ​កីឡាករ​ជើង​ចាស់​និង​ជើង​ថ្មី​ចំនួន​៤​គូ​ឡើង​បញ្ចេញ​ស្នៀត

រាជធានី​ភ្នំពេញ ៖ ថ្ងៃអាទិត្យ ​ទី​២ មេ​សា ខានស្អែក​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន មាន​រៀបចំ​ការ​ប្រកួត​ប្រដាល់​ដូច​រាល់ដង​ដែល​ប្រមូលផ្ដុំ​ដោយ​កីឡាករ​ជើង​ចាស់​និង​ជើង​ថ្មី​ចំនួន​៤​គូ​ឡើង​បញ្ចេញ​ស្នៀតគុន​ជូនទស្សនិកជន​បាន​ទស្សនា​កម្សាន្ត​នា​ថ្ងៃ​សម្រាក​ចុង​ស​ប្ដា​ហ៍​មិន​ឱ្យ​ខកបំណង​ឡើយ ។

កីឡាករ ពុ​យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ ពុទ្ធ អំ​អាន មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ព្រែក​តា​ទែន ។ រវាង ពុ​យ វណ្ណៈ និង ពុទ្ធ អំ​អាន ទើបតែ​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​សង្វៀន​ប្រដាល់​មួយ​រយៈ​ខ្លី​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ប្រដាល់​ជើង​ចាស់​ល្មម​ៗ​ពិបាក​ទប់ទល់​ជាមួយ​គេ​ខ្លាំង​ណាស់ ។ ពុ​យ វណ្ណៈ ស្នៀត​កែង​និង​ជង្គង់​ល្អ ចលនា​វាយ​ចេញ​រហ័ស ប៉ុន្តែ​មិន​ដែល​បាន​ជួប​ប្រកួត​ជាមួយ ពុទ្ធ អំ​អាន ពី​មុន​មក​ឡើយ ។ ពុទ្ធ អំ​អាន ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​រូប​នេះ​ទើបតែ​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​សង្វៀន​មិន​បាន​ប៉ុន្មាន​ផង គេ​អាច​ផ្ដួល​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​ចំនួន​ឱ្យ​ចាញ់​នៅ​ក្រោម​កណ្ដាប់ដៃ​របស់​គេ​ជា​បន្តបន្ទាប់ ។

ប៉ុន្តែ​លើក​នេះ​នៅ​មិន​ទាន់​ដឹង​ថា យ៉ាងណា​នោះ​ទេ ព្រោះ​អី ពុ​យ វណ្ណៈ ក៏​មិនមែន​ជា​ជើង​អន់​ដែល​ងាយស្រួល​បង្ក្រាប​ប៉ុន្មាន​ទេ ។

ចំណែក​កីឡាករ យុគ យក្ស​ផ្លែ មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​ឫទ្ធិ ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ ព្រឿ​ង សុ​ជាតិ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ លើក​នេះ​មិន​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ដែរ​ ព្រោះពួក​គេ​ទាំង​ពីរ​មិន​ធ្លាប់​ជួប​គ្នា​ទេពី​មុន​មក ។ យោង​តាម​ការ​សង្កេត​យុគ យក្ស​ផ្លែ ថ្វីដៃ​ប្រកួត​របស់​គេ​ល្អ​គួរសម​ទាំង​ផ្លែ​កែង​និង​ជង្គង់​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ​បំផុត គ្រាន់តែ​ចិត្ត​របស់​គេ​រាង​ឆេវឆាវ​បន្តិច ។ រីឯ​ព្រឿ​ង សុ​ជាតិ ដែល​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​យុគ យក្ស​ផ្លែ បន្តិច​នោះ​ក៏​មិន​ប្រាកដ​ថា​អាច​ផ្ដួល​គូប្រកួត​បាន​ឬ​អត់​នោះ​ទេ ។ ព្រឿ​ង សុ​ជាតិ ផ្លែ​កែង​និង​ជង្គង់​មិនសូវ​ជា​ប្រើ​ការ​បាន​ល្អ​ប៉ុន្មាន ប៉ុន្តែ​ស្នៀត​កណ្ដាប់ដៃ​របស់​គេ​មិន​អាច​មើល​ស្រាល​បាន​ឡើយ ឯ​កម្លាំង​ស៊ុ​ហ្វ​ត្រឹម​ប្រកួត​៥​ទឹក​គឺ​មិន​លំបាក​សម្រាប់​រូបគេ​សោះ ។ ចាំ​មើល​គូ​នេះ​អ្នក​ណា​នឹង​ក្លាយជា​អធិរាជ​នៅ​លើ​សង្វៀន ?

ចំណែក​២​គូ​ទៀត កីឡាករ លី ជិន​ហឺ មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ ម៉ុ​ន  ស៊ី​ម៉ាក់ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្ត​សៀមរាប និង​កីឡាករ ផា​ន រះ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ លី​ន វី​រៈ មកពី​ក្លិប​បុរី​រាជសីហ៍​មាន​ឫទ្ធិ ៕