មេបក្សប្រឆាំងអំពាវនាវស្វែងរកយុត្តិធម៌ចំពោះអ្នកស្លាប់និងរបួសដោយគ្រាប់បែក
រាជធានីភ្នំពេញ ៖ ក្នុងពិធីបង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ដោយសារការគប់គ្រាប់បែកដៃ៤គ្រាប់នៅមុខមន្ទីររដ្ឋសភាចាស់កាលពី២០ឆ្នាំមុន
រាជធានីភ្នំពេញ ៖ ក្នុងពិធីបង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ដោយសារការគប់គ្រាប់បែកដៃ៤គ្រាប់នៅមុខមន្ទីររដ្ឋសភាចាស់កាលពី២០ឆ្នាំមុន
រាជធានីភ្នំពេញ ៖ ក្នុងពិធីបង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ដោយសារការគប់គ្រាប់បែកដៃ៤គ្រាប់នៅមុខមន្ទីររដ្ឋសភាចាស់កាលពី២០ឆ្នាំមុន គឺកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់អាជ្ញាធរឲ្យស្វែងរកមុខឃាតករដែលបានគប់គ្រាប់បែកលើហ្វូងបាតុករ ដែលដឹកនាំដោយលោក សម រង្ស៊ី ។
ក្នុងពិធីនាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅមុខវត្តបទុមវតី លោក កឹម សុខា ថ្លែងថា «ខ្ញុំគិតថា យើងត្រូវចាប់ផ្តើមរកយុត្តិធម៌នេះ ដើម្បីបំបាត់ការឈឺចាប់ឲ្យចប់។ ២០ឆ្នាំហើយដែលយើញចង់បានយុត្តិធម៌ យើងអត់មានគុំកួនសងសឹកទេ ។ យុត្តិធម៌មិនមែនគុំកួនសងសឹកទេ យុត្តិធម៌គឺបំបាត់ការឈឺចាប់របស់អ្នកដែលរងគ្រោះដោយអយុត្តិធម៌» ។
លោក កឹម សុខា ថ្លែងទៀតថា ព្រឹត្តិការណ៍កាលពី២០ឆ្នាំមុន គឺយើងមិនអាចបំភ្លេចបានទេ ពីព្រោះការឈឺចាប់វាមិនអាចផ្សះបានដោយការបង្កើត ឬបន្តការឈឺចាប់នោះទេ ។ ការឈឺចាប់ត្រូវបញ្ចប់ដោយយុត្តិធម៌ ហើយអ្វីដែលជាសេចក្តីប្រាថ្នារបស់មនុស្សគ្រប់រូប គឺសុទ្ធតែចង់បានសេចក្តីសុខ និងយុត្តិធម៌ទាំងអស់គ្នា ។
លោកបញ្ជាក់ថា «គ្មានអ្នកណាម្នាក់ចង់បានការឈឺចាប់ និងអយុត្តិធម៌នោះទេ ។ ដូច្នេះ ហើយ ជាទស្សនៈខ្ញុំផ្ទាល់ក៏ដូចជាគណបក្សសង្គ្រោះជាតិ យើងយល់ឃើញថា ល្មមដល់ពេល វេលាដែលខ្មែរគ្រប់គ្នារកយុត្តិធម៌ទាំងអស់គ្នា មិនមែនយុត្តិធម៌តែម្នាក់នោះទេ ។ យុត្តិធម៌កើតមានទាល់តែយើងកាត់បន្ថយ ឬលុបបំបាត់ការធ្វើទុក្ខបុកម្នេញ ការជេរប្រមាថ ការមួលបង្កាច់ ការប្រើអំពើហិង្សានានា។ ទាំងអស់នេះយើងគិតថា វាអាចកាត់បន្ថយការឈឺចាប់ទាំងអស់គ្នា» ។
ទាក់ទងនឹងស្ថានការណ៍នយោបាយមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ លោកកឹម សុខា បានលើកឡើងថា ទោះបីជាគណបក្សនយោបាយមានទស្សនៈផ្សេងគ្នាក្តី ក៏គណបក្សទាំងអស់ត្រូវជៀសវាងឲ្យបាននូវអំពើហិង្សា ការមួលបង្កាច់ ជេរប្រមាថ ។
លោក កឹម សុខា សង្កត់ធ្ងន់ថា «ទោះបីយើងមានទស្សនៈផ្សេងគ្នា ធ្វើការប្រកួតប្រជែងគ្នា ក្នុងការបោះឆ្នោតដើម្បីដណ្តើមការយកសំឡេងគាំទ្រក៏ដោយ ក៏យើងត្រូវតែជៀសឲ្យបាននូវ ការប្រើអំពើហិង្សា ការជេរប្រមាថ ការមួលបង្កាច់ ការគំរាមកំហែង ។ ទាំងអស់នេះ ទោះអ្នកណាឈ្នះអ្នកណាចាញ់ក៏ដោយ ក៏គ្មានអ្នកណាឈឺចាប់នេះទេ» ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងថា អស់រយៈពេល២០ឆ្នាំមកហើយ លោករង់ចាំយុត្តិធម៌ចំពោះអ្នកដែលបានស្លាប់ក្នុងបាតុកម្មកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ។ អ្នកដែលបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍នោះមានចំនួន១៦នាក់ ហើយអ្នករបួសធ្ងន់ ស្រាលជាង១០០នាក់ ។ អតីតមេបក្សប្រឆាំងរូបនេះក៏បានលើកឡើងថា ការលះបង់ជីវិតរបស់បាតុករក្នុងបាតុកម្មនោះ បាននាំមកពន្លឺសេរីភាពរហូតមកដល់ពេលបច្ចុប្បន្ននេះ ។
លោកបញ្ជាក់ថា «កាលពី២០ឆ្នាំមុន គ្មានអ្នកណាហ៊ានធ្វើបាតុកម្មនោះទេ ។ បាតុកម្មថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧ គឺស្ថិតក្នុងចំណោមមុនគេបង្អស់ ដូច្នេះបាតុកម្មនេះបានបើកផ្លូវឲ្យពលរដ្ឋនៅឆ្នាំបន្តបន្ទាប់ហ៊ានតវ៉ា រើបម្រះ និងទាមទារសិទ្ធិសេរីភាព» ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា សោកនាដកម្មនៃការធ្វើបាតុកម្មថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ គេនៅចាំមិនភ្លេចទេ ។ លោក សម រង្សុី បានដឹកនាំធ្វើបាតុកម្មអនាធិបតេយ្យមួយនៅខាងមុខមន្ទីររដ្ឋសភាចាស់ ក្បែរព្រះបរមរាជវាំង ។ ពេលនោះមានបាតុភាពផ្ទុះគ្រាប់បែកចំនួន៤គ្រាប់នៅក្នុងហ្វូងបាតុករ បណ្តាលឲ្យមនុស្សជាង១០នាក់ស្លាប់ ហើយរបួសជាច្រើនសិបនាក់ទៀត ។
លោក សុខ ឥសាន ថ្លែងថា ដោយមានជនបរទេសរបួស ភ្នាក់ងារ FBI បានលូកដៃចូលធ្វើការស៊ើបអង្កេតយ៉ាងមមាញឹក រហូតដល់ដើមទសវត្សរ៍ឆ្នាំ២០០០ ទើបបិទបញ្ចប់ការស៊ើបអង្កេតនេះ ដោយមូលហេតុរកមិនឃើញភ័ស្តុតាង និងអ្នកប្រព្រឹត្ត ។
លោក សុខ ឥសាន បានបញ្ជាក់ថា បាតុកម្មនេះបានបន្សល់ទុកនូវសោកនាដកម្មយ៉ាងជូរចត់សម្រាប់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់សាច់ញាតិជនរងគ្រោះ ។ តាមការជាក់ស្តែង មិនគួរទុកឲ្យមេដឹកនាំបាតុកម្មរួចខ្លួននោះទេ ដោយសារមហិច្ឆតាផ្ទាល់ខ្លួនឯង នាំគេទៅស្លាប់ និងរបួស ។ ដោយសារអត់ទោសពៃរ៍នេះហើយ បានជាក្រោយៗមកទៀត ជនចិត្តខ្មៅនេះនៅតែហ៊ានដឹកនាំធ្វើបាតុកម្មតូចធំតាមអំពើចិត្តទោះបីធ្វើឲ្យមានអ្នកស្លាប់ និងរបួសក៏មិនឈឺក្បាល វិលមុខដែរ ។
គួររំឭកថា ហេតុការណ៍គប់គ្រាប់បែក កាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧ បណ្តាលឲ្យបាតុករស្លាប់ជាង១០នាក់ និងរបួសធ្ងន់ស្រាលជាង ១០០នាក់ ដែលបាតុកម្មនេះដឹកនាំដោយលោក សម រង្ស៊ី ៕
ចែករំលែកព័តមាននេះ