ជំហរក្រសួងមហាផ្ទៃ ការធ្វើសមាជវិសាមញ្ញរបស់ CNRP គឺខុសលក្ខន្តិកៈជាច្បាប់កំពូលរបស់ខ្លួន
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិបានអះអាងថា ក្នុងកិច្ចពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៩ មីនា
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិបានអះអាងថា ក្នុងកិច្ចពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៩ មីនា
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិបានអះអាងថា ក្នុងកិច្ចពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៩ មីនា នៅទីស្តីការក្រសួងកន្លងមកនេះ ក្រសួង មហាផ្ទៃបានទទួលស្គាល់ចំនួន២ចំណុចពាក់ព័ន្ធនឹងការធ្វើសមាជវិសាមញ្ញកន្លងមក។ ប៉ុន្តែក្រសួងមហាផ្ទៃថា ការជ្រើសតាំងប្រធានថ្មី និងអនុប្រធានគឺខុសលក្ខន្តិកៈគណបក្ស ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិចុះផ្សាយកាលពីថ្ងៃទី២៩ មីនា បានឲ្យដឹងថា ក្នុងជំនួបជាមួយក្រសួងមហាផ្ទៃដែលភាគីគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដើម្បីពិនិត្យ និងពិភាក្សាអំពីលទ្ធផលសមាជវិសាមញ្ញរបស់គណបក្ស មានចំនួនពីរចំណុចគឺ ៖
១-ទទួលស្គាល់នូវដំណើរការនៃសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ
២-មិនយល់ទាស់នឹងការធ្វើវិសោធនកម្ម ប្រការ៤៥ និងប្រការ៤៧នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិទេ ។
ជាមួយគ្នានោះដែរគណបក្សសង្គ្រោះជាតិថា ចំពោះករណីដែលមិនទាន់យល់ស្របគ្នា គណបក្សសង្គ្រោះជាតិ នឹងរកដំណោះស្រាយឲ្យបានសមស្របផងដែរ ។
យ៉ាងណាក្តីនៅរសៀលថ្ងៃទី៣០ មីនា ក្រសួងមហាផ្ទៃបានធ្វើសន្និសីទសារព័ត៌មានជាសាធារណៈមួយស្តីពីសមាជវិសាមញ្ញគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២ មីនា ឆ្នាំ២០១៧កន្លងមក ដើម្បីបំភ្លឺកុំឲ្យមានកាភ័ន្តច្រឡំ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចេញផ្សាយនៅថ្ងៃទី៣០ មីនា បានឱ្យដឹងថា ការធ្វើសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ ជ្រើសតាំងប្រធានថ្មី និងអនុប្រធានថ្មីទាំង៣រូប របស់គណបក្សសង្គ្រោះជាតិគឺ ខុសទៅនឹងប្រការ៤៧ ទាំងប្រការ៤៧ចាស់ និងប្រការ៤៧ថ្មីនៃលក្ខន្តិកៈរបស់ គណបក្សសង្គ្រោះជាតិដែលជាច្បាប់កំពូលរបស់គណបក្សនេះ ។
សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា ដើម្បីចៀសវាងការភ័ន្តច្រឡំ និងការបកស្រាយខុសការណ៍ពិត ក្រសួងមហាផ្ទៃសូមជម្រាបជូនសាធារណមតិជាតិ និងអន្តរជាតិឲ្យដឹងថា ជំនួបរវាងតំណាងក្រសួងមហាផ្ទៃ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺជាជំនួបបច្ចេកទេសទាក់ទង នឹងការអនុវត្តច្បាប់ ពុំមែនជាជំនួបដើម្បីរកការសម្របសម្រួលនយោបាយនោះទេ។ សមាជវិសាមញ្ញកាលពីថ្ងៃទី២ មីនា ឆ្នាំ២០១៧ ដែលបានធ្វើវិសោធនកម្មប្រការ៤៥ និងប្រការ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ គឺធ្វើឡើងស្របតាមលក្ខន្តិកៈ របស់គណបក្សសង្គ្រោះជាតិ ។ ប៉ុន្តែសមាជវិសាមញ្ញកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ដែលបានសម្រេចជ្រើសតាំងលោក កឹម សុខា ជាប្រធានថ្មីនៃគណបក្ស និងអនុប្រធានថ្មីចំនួន៣រូប គឺបំពានទៅនឹងប្រការ៤៧នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ដែលជាច្បាប់កំពូលរបស់គណបក្សនេះ ។
លិខិតរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការធ្វើសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ ជ្រើសតាំងប្រធានថ្មី និងអនុប្រធានថ្មីទាំង៣រូប របស់គណបក្សសង្គ្រោះជាតិគឺ ខុសទៅនឹងប្រការ៤៧ទាំងប្រការ៤៧ចាស់ និងប្រការ៤៧ថ្មីនៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ដែលជាច្បាប់កំពូលរបស់គណបក្សនេះ ។
លោក ប៊ុន ហុន អតីតប្រធានគណៈមេធាវីកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងក្នុងសន្និសីទកាសែតនារសៀលថ្ងៃ៣០ ខែមីនា ថា លោកចង់ឲ្យអ្នកសារព័ត៌មាន និងមតិសាធារណៈជ្រាបពីបញ្ហាដែលយើងបានជួបជជែកគ្នា កាលពីថ្ងៃទី២៩ ខែមីនា ។ ក្រោយពីការជួបគ្នា ក៏មានការបកស្រាយខុសៗគ្នា ជាពិសេសខុសពីការពិតនូវអ្វីដែលយើងបានជួបគ្នា ។ សម្រាប់រូបលោក លើកឡើងតែពីបញ្ហាផ្លូវច្បាប់ពាក់ព័ន្ធនឹងបញ្ហានេះ គឺមិនពាក់ព័ន្ធនឹងនយោបាយនោះទេ ។
លោកបន្តថា អ្វីដែលគណបក្សសង្គ្រោះជាតិបានធ្វើខុសលក្ខន្តិកៈរបស់ខ្លួន ប្រការ៤៧ចំណុច(ត្រេទី១និងទី២) ក្នុងនោះគណបក្សនេះបានធ្វើវិសោធនកម្មលក្ខន្តិកៈរបស់ខ្លួនដែលបានលើកឡើងថា កាលណាប្រធានគណបក្សទទួលមរណភាព លាឈប់ បាត់បង់សមាជិកភាព ឬបាត់បង់សមត្ថភាពដឹកនាំគណបក្ស ដែលបញ្ជាក់ដោយគណៈកម្មការធិការនាយកក្នុងអាណត្តិនៅតិចជាង១៨ខែ អនុប្រធានគណបក្សដែលមានអាយុច្រើនជាងគេត្រូវទទួលតួនាទីជាប្រធានគណបក្ស ។
លោក ប៊ុន ហុន លើកឡើងថា អនុប្រធានគណបក្ស គណៈកម្មាធិការនាយក ត្រូវជ្រើសរើសប្រធានគណបក្សថ្មីក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរពីក្នុងចំណោមសមាជិករបស់ខ្លួនដោយសំឡេងភាគច្រើនដាច់ខាត៥០%បូក១នៃសមាជិកគណៈកម្មការធិការនាយកទាំងមូលដើម្បីជួយដល់ប្រធានគណបក្សរហូតដល់ចប់អាណត្តិ ។ អាណត្តិនៅលើស១៨ខែគណៈកម្មាធិការអចិន្ត្រៃយ៍ ត្រូវកំណត់ពេលធ្វើសមាជវិសាមញ្ញ ដើម្បីជ្រើសរើសប្រធានគណបក្ស និងអនុប្រធានគណបក្សយ៉ាងយូរ៣០ថ្ងៃ ដើម្បីដឹកនាំគណបក្សរហូតដល់ចប់អាណត្តិ ។
លោក ប៊ុន ហុន បានលើកឡើងថា ក្រោយពីជំនួបកាលពីថ្ងៃទី២៩ ខែមីនា រវាងតំណាងគណបក្សសង្គ្រោះជាតិ និងក្រសួងមហាផ្ទៃមានការបកស្រាយខុសពីការពិតនៃខ្លឹមសារជំនួបនោះ ។ តាមពិតជំនួបនេះ ទី១-គឺជាជំនួបបច្ចេកទេសទាក់ទងនឹងការអនុវត្តច្បាប់ មិនមែនជាជំនួបដើម្បីរកការសម្របសម្រួលនយោបាយនោះទេ ។ ទី២-យោងតាមលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃស្រាប់ ។
លោកបានលើកឡើងថា សមាជរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២ ខែមីនាស្របតាមលក្ខន្តិកៈគណបក្ស និងវិសោធនកម្មប្រការ៤៥ , ៤៧ ស្របតាមលក្ខន្តិកៈបក្ស។ ប៉ុន្តែសមាជដែលបានជ្រើសតាំងប្រធានថ្មីលោក កឹម សុខា និងអនុប្រធានថ្មីចំនួន៣រូប(លោក ប៉ុល ហំម លោកអេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ) គឺបំពានលើប្រការ៤៧នៃលក្ខន្តិកៈគណបក្ស ជាច្បាប់កំពូលរបស់បក្ស ។ គណបក្សណាក៏មានលក្ខន្តិកៈរបស់ខ្លួនដែរគណបក្សសង្គ្រោះជាតិក៏មានលក្ខន្តិកៈរបស់ខ្លួន ។
ក្រសួងមហាផ្ទៃចង់បញ្ជាក់ថា «នីតិវិធីក្នុងការជ្រើសរើសប្រធាននិងអនុប្រធាន មិនត្រឹមត្រូវតាមលក្ខន្តិកៈប្រការ៤៧ចាស់ និងប្រការ៤៧ថ្មី។ យើងចង់បញ្ជាក់ថា ការជ្រើសរើសប្រធានបក្ស និងអនុប្រធាន មិនត្រឹមត្រូវតាមលក្ខន្តិកៈរបស់ខ្លួន» ។
លោកបានលើកឡើងថា លោក សម រង្ស៊ីបានលាឈប់នៅថ្ងៃទី១១ ខែកុម្ភៈ ហើយនៅថ្ងៃទី១២ ខែកុម្ភៈ គណៈកម្មការធិការនាយកទទួលស្គាល់ការលាឈប់និងទទួលស្គាល់លោក កឹម សុខា ជាប្រធានស្តីទី។ គណបក្សសង្គ្រោះជាតិ បង្កើតឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ។ ការលាឈប់របស់លោក សម រង្ស៊ី គឺលាឈប់ប្រហែល១៤ខែ តិចជាង១៨ខែត្រូវធ្វើយ៉ាងណា។ បើអាណត្តិនៅសល់លើសពី១៨ខែ ការធ្វើសមាជជ្រើសរើសប្រធាននិងអនុប្រធានត្រឹមត្រូវ ។
លោក ប៊ុន ហុម បានលើកឡើងទៀតថា គណបក្សសង្គ្រោះជាតិបានបំពានលក្ខន្តិកៈរបស់ខ្លួន។ ច្បាប់ស្តីពីគណបក្សនយោបាយ(មាត្រា១៧ថ្មី) ក្រសួងមហាផ្ទៃជាអ្នកត្រួតពិនិត្យច្បាប់គណបក្សសង្គ្រោះជាតិបាន។ ក្រសួងមិនអាចទៅបញ្ជាគណបក្សនយោបាយបានទេ តែគណបក្សត្រូវគោរពតាមលក្ខន្តិកៈដែលតម្កល់នៅក្រសួងមហាផ្ទៃ ៕
ចែករំលែកព័តមាននេះ