សពបងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់កូរ៉េខាងជើង ហើយក្រោយកិច្ចព្រមព្រៀងមួយរវាងម៉ាឡេស៊ី និងរបបក្រុងព្យុងយ៉ាង ខណៈមានវិបត្តិការទូតរវាងប្រទេសទាំង២ ។
លោកគីម ជុងណាម ត្រូវសម្លាប់ដោយឧស្ម័នពុលយ៉ាងខ្លាំងកាលពីថ្ងៃទី១៣ កុម្ភៈ នៅព្រលានយន្តហោះអន្តរជាតិក្រុងគូឡាឡាំពួរ ។ ជនសង្ស័យជានារី២នាក់ត្រូវចាប់ខ្លួន ហើយប៉ូលិសតាមរកចាប់ខ្លួនជនសង្ស័យឯទៀតៗ ។ ក្រុងព្យុងយ៉ាងសង្ស័យថា ជាអ្នកនៅពីក្រោយការធ្វើឃាតនេះ ។ លោកគីម ជុងណាម រស់នៅនិរទេសជាមួយគ្រួសារឯទីក្រុងម៉ាកាវ ។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA រាយការណ៍នាថ្ងៃទី៣០ មីនា ថា ម៉ាឡេស៊ីបានយល់ព្រមបញ្ជូនសពលោកគីម ជុងណាម ទៅកាន់កូរ៉េខាងជើងហើយ ដែលនេះជាការបញ្ចប់ជម្លោះការទូតរវាងប្រទេសទាំង២ ។
សេចក្តីប្រកាសរួមមួយរវាងម៉ាឡេស៊ី និងកូរ៉េខាងជើងចេញផ្សាយដោយ KCNA គូសបញ្ជាក់ថា កូរ៉េខាងជើងដែលបញ្ជូនបណ្តាឯកសារចាំបាច់សម្រាប់ការបញ្ជូនសពនេះតាមរយៈគ្រួសារសព ម៉ាឡេស៊ីក៏យល់ព្រមបញ្ជូនសពទៅឱ្យសាច់ញាតិគ្រួសារនៅកូរ៉េខាងជើង ។
កិច្ចព្រមព្រៀងនេះក៏អំពាវនាវផងដែរឱ្យលុបចោលការហាមឃាត់ពលរដ្ឋប្រទេសនីមួយៗចាកចេញពីដែនដីនៃប្រទេសរៀងៗខ្លួន ។ សពរបស់លោកគីម ជុងណាម បញ្ជូនចេញពីទីក្រុងគូឡាឡាំពួរនារសៀលថ្ងៃទី៣០ មីនា តាមយន្តហោះជើងហោះហើរលេខ៣៦០ របស់ក្រុមហ៊ុន MALAYSIA AIRLINES ហើយទៅដល់ក្រុងប៉េកាំងនាវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី៣១ មីនា ។ បណ្តាអ្នកការទូតកូរ៉េខាងជើងរង់ចាំនៅព្រលានយន្តហោះចាំទទួលសព ។ សពលោកគីម ជុងណាម បន្ទាប់មកនឹងបញ្ជូនទៅកាន់ក្រុងព្យុងយ៉ាងតាមយន្តហោះមួយរបស់ក្រុមហ៊ុន AIR KORYO យ៉ាងឆាប់នាថ្ងៃទី១ មេសា ៕
ចែករំលែកព័តមាននេះ