រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ប្រាប់ទៅក្រុមប្រឆាំងយ៉ាងខ្លីថា ប្រសិនបើអ្នកឯងហ៊ានប្រើប្រដាប់អាវុធ ឬហិង្សាបែបប្រដាប់អាវុធ អ្នកឯងក៏ត្រូវប្រឈមជាមួយអាវុធដែរ គ្មានអ្នកណាសុខចិត្តឱបដៃ ឲ្យវ៉ៃ ឬចាប់ខ្លួនទេ ។
ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី តែងតែធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ងើបឡើងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅឆ្នាំ២០២៣ ខាងមុខនេះ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅថ្ងៃទី២០ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំពោះផែនការបង្កចលាចល យើងក៏បានត្រៀមរៀបចំខ្លួនសម្រាប់ហេតុការណ៍ដ៏អាក្រក់បំផុត វាមិនមានកម្លាំងហួសហេតុ រហូតដល់ដូចពួកខ្មែរក្រហម វ៉ៃដណ្ដើមកាន់កាប់ទឹកដី ដូចជាវ៉ៃយកទឹកដីប៉ៃលិន វ៉ៃចូលគៀកបាត់ដំបងអីដែរ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា «យើងក៏បានត្រៀម ជាយថាហេតុ បើអ្នកឯងប៉ុនប៉ងបង្កចលាចល យើងក៏មិនខ្លាចញញើត ជាមួយនឹងការប្រើប្រាស់កម្លាំង ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញ ឬការធ្វើវិទ្ធង្សនា និងបង្កើតចលាចលនោះទេ នេះជាសារមួយសម្រាប់ពួកអ្នកឯងឲ្យបានច្បាស់» ។
សម្ដេចតេជោបន្តថា «បើសិនជាអ្នកឯង ហ៊ានប្រើប្រដាប់អាវុធ ឬហិង្សាបែបប្រដាប់អាវុធ អ្នកឯងក៏ត្រូវប្រឈមជាមួយអាវុធដែរ គឺគ្មានអាជ្ញាធរណា សុខចិត្តឈរឱបដៃឲ្យអ្នកឯងមកវ៉ៃ ឬចាប់ខ្លួននោះទេ» ។
សម្ដេចតេជោ បានចោទសួរទៅក្រុមប្រឆាំងថា កុំចង្អុលឲ្យមកចាប់ ហ៊ុន សែន ហើយតើកម្លាំងអ្នកឯង មានប៉ុន្មានទៅ ដើម្បីមកចាប់ ហ៊ុន សែន បាននោះ ?
សម្ដេចបន្ថែមថា ការប្រើប្រាស់នូវរបៀបញ៉ុះញុង បង្កចលាចល និងឲ្យកម្លាំងប្រដាប់បែរចុងកាណុង មករដ្ឋាភិបាល ឬមិនឲ្យកម្លាំងប្រដាប់អាវុធ ស្ដាប់បទបញ្ជា គឺជាអំពើប្រឆាំងជាមួយច្បាប់ ដែលអ្នកឯងត្រូវមានទោសបន្ថែមទៀត ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លើកឡើងថា ការប្រើហិង្សា រាជរដ្ឋាភិបាលមិនខ្លាចទេ ក្នុងការប្រើកម្លាំងប្រដាប់អាវុធ ប៉ុន្តែរដ្ឋាភិបាលស្តាយសាច់ឈាមមនុស្ស ។
សម្តេចបញ្ជាក់ថា ៖ «ឥឡូវចង់សាក ឬយើងធ្លាប់សាកហើយ តាំងប៉ុន្មានឆ្នាំ ខ្មែរវៃគ្នាពីឆ្នាំ១០៩០ ដល់១៩៩៨ ។ យើងស្តាយសាច់ឈាម ប៉ុន្តែបើអ្នកកម្លាំងសូមអញ្ជើញមក យើងគ្មានជម្រើក្រៅពីការពារជាតិ ការពារជាតិនិយម ការពាររាជ្យបាល័ង្គ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល យើងគ្មានជម្រើសទេ អ៊ីចឹងសូមបញ្ជាក់ថា គ្មានផ្លូវសម្រាប់អ្នកដើរទៀតទេ ហើយអ្នកដែលគាំទ្រ សុំត្រៀម ។ ខ្ញុំបានបញ្ជាក់ថា ងើបមួយ វ៉ៃមួយ ងើបពីរ វ៉ៃពីរ នេះគោលការណ៍ច្បាស់លាស់» ។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរ ក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងបក្សនយោបាយនានា បានចេញញត្តិថ្កោលទោសទ ណ្ឌិត សម រង្ស៊ី ដែលអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ងើបឡើងផ្ដួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ៕

ចែករំលែកព័តមាននេះ