ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថោ​ង ខុន ៖ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ចិន​1​លាន​នាក់​នៅ​ឆ្នាំ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​១​លាន​នាក់​នៅ​ឆ្នាំ​នេះ កើនឡើង​ពី​ជាង​៨០​ម៉ឺន​នាក់​កាលពី​ឆ្នាំ​មុន ។

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​១​លាន​នាក់​នៅ​ឆ្នាំ​នេះ កើនឡើង​ពី​ជាង​៨០​ម៉ឺន​នាក់​កាលពី​ឆ្នាំ​មុន ។

លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា លោក​រំពឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ចិន​នឹង​កើន​ដល់​១​លាន​នាក់​នៅ​ឆ្នាំ​នេះ ជាមួយ​កំណើន​ដែល​យើង​ព្យាករ​ថា នឹង​សម្រេច​បាន​២០% ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ បច្ចុប្បន្ន មាន​ភ្ញៀវ​ទេសចរ​ចិន​កាន់តែ​ច្រើន​មក​ទស្សនា​កម្ពុជា តាម​រយៈ​ការ​បង្កើន​ជើងហោះហើរ​ពី​គោលដៅ​សំខាន់​ៗ​របស់​ប្រទេស​ចិន ។ លោក​បន្ត​ថា កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​២​លាន​នាក់​នៅ​ឆ្នាំ​២០២០ ខាង​មុខ​នេះ ។

ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​រួច​ហើយ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា តាម​រយៈ​ការ​ដាក់​ចេញ​សៀវភៅ «​ស​» ឬ China Ready បង្កើន​ការ​បណ្តុះបណ្តាល​មគ្គទេសក៍​និយាយ​ភាសា​ចិន ក៏​ដូច​ជា​ការ​បង្កើត​វេ​ប​សាយ​ជា​ភាសា​ចិន​ជាដើម ។

លោក ថោ​ង ខុន បន្ត​ថា ឆ្នាំ​នេះ ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ពី​គោលដៅ​នានា​បាន​កើនឡើង​ច្រើន ជា​ពិសេស ភ្ញៀវ​ទេសចរ​ចិន លើកលែងតែ​ភ្ញៀវ​ទេសចរ​កូរ៉េ​នៅ​បន្ត​ធ្លាក់​ចុះ​។ ផ្ទុយ​ទៅ​វិញ ភ្ញៀវ​ទេសចរ​ជប៉ុន​បាន​ចាប់ផ្តើម​កើនឡើង ដោយសារ​ការ​ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ក្រុមហ៊ុន​អាកាសចរណ៍ ANA របស់​ជប៉ុន​មក​កាន់​កម្ពុជា ក្នុង​អំឡុង​ដើមខែ​កញ្ញា ឆ្នាំ​មុន ។

ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​កាលពី​ចុងឆ្នាំ​មុន ប្រធានាធិបតី​ចិន ស៊ី ជី​ង​ពីង បាន​សន្យា​ថា នឹង​ជំរុញ​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​ថ្មី​ៗ​ពី​ប្រទេស​ចិន​មក​កាន់​កម្ពុជា​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​សម្រេច​គោលដៅ​ធ្វើ​យ៉ាងណា ឲ្យ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​២​លាន​នាក់​នៅ​ឆ្នាំ​២០២០ តាម​ការ​គ្រោងទុក ។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា មាន​ប្រសាសន៍​ថា កាលពី​ឆ្នាំ​មុន កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ជិត​៨០​ម៉ឺន​នាក់ ។ ដូច្នេះ ឆ្នាំ​នេះ​លោក​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ចិន​១​លាន​នាក់ ព្រោះ​គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​រាជរដ្ឋាភិបាល និង​ការ​កើនឡើង​នៃ​ជើងហោះហើរ​ពី​ប្រទេស​ចិន នឹង​ធ្វើ​ឲ្យ​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​នេះ ។

លោក​បន្ត​ថា បច្ចុប្បន្ន មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន​៦ បាន​ហោះហើរ​ចេញពី​គោលដៅ​ផ្សេង​ៗ​គ្នា​មក​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ទាំង​បី​របស់​កម្ពុជា ដោយ​ក្នុង​មួ​យស​ប្តា​ហ៍​មាន​ជើងហោះហើរ​ពី​ប្រទេស​ចិន​ចន្លោះ​ពី​៣០​ទៅ​៤០​លើក ។ លោក​បន្ត​ថា ភ្ញៀវ​ទេសចរ​ចិន ជា​ប្រភេទ​ភ្ញៀវ​មានគុណ​ភាព ចំណាយ​ប្រាក់​ច្រើន និង​ស្នាក់​នៅ​រយៈពេល​មធ្យម​នៅ​កម្ពុជា ខុស​ពី​បណ្តា​ប៉ុន្មាន​ឆ្នាំ​មុន ដែល​ប្រទេស​នានា​មិនសូវ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ទេ ប៉ុន្តែ​ពេល​នេះ ភ្ញៀវ​ចិន​ត្រូវ​បាន​ប្រទេស​នានា​ស្វាគមន៍ ដោយសារ​ពួក​គេ​ចូល​ចិត្ត​ទិញ​ទំនិញ និង​ចំណាយ​ប្រាក់​ច្រើន ៕