ខេត្តសៀមរាប ៖ ឌីជេរប្រចាំក្នុងក្លិប «ឆេ» ម្នាក់ ត្រូវជនមិនស្គាល់មុខបាញ់ប្រហារ បណ្តាលឱ្យត្រូវចំ.ពោះខាងស្តាំ១គ្រាប់របួសធ្ងន់ ខណៈជនរងគ្រោះចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៣ និង៤០នាទីព្រឹកថ្ងៃទី៣១ មីនា ស្ថិតនៅចំណុចជិតផ្សារត្រាំនាគ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ប្រភពឱ្យដឹងថា ជនរងគ្រោះឈ្មោះមាស សុធារ័ត្ន អាយុ៣៤ឆ្នាំ ជាឌីជេរនៅក្នុងក្លិប «ឆេ» ម្តុំផ្សារចាស់ មានទីលំនៅក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ខេត្តសៀមរាប ។ រីឯខាងជនបង្កពុំស្គាល់មុខទេ មានចំនួន៤នាក់ ស្លៀកពាក់ឯកសណ្ឋាន និងស៊ីវិល ជិះម៉ូតូពុំស្គាល់ម៉ាក បានបាញ់ទៅលើជនរងគ្រោះរួច ជិះម៉ូតូគេចទៅទិសខាងត្បូងបាត់ ។
បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ មីនា នេះថា ករណីឃាតកម្មមកលើជនរងគ្រោះនេះ ភ្លាមៗ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋនាំគ្នាចុះទៅដល់កន្លែងកើតហេតុ គឺបានត្រឹមតែឃើញជនរងគ្រោះដេកស្តូកតែម្នាក់តែប៉ុណ្ណោះ ហើយសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។
គួរបញ្ជាក់ថា តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញថា ក្នុងករណីឃាតកម្មគិតទុកជាមុននេះ សង្ស័យជារឿងគំនុំ ព្រោះជនបង្កប្រហែលធ្លាប់មានទំនាស់ជាមួយជនរងគ្រោះ ។ សមត្ថកិច្ចកំពុងដុតដៃដុតជើង ដើម្បីស្វែងរកចាប់ជនសង្ស័យហើយ ។
ចែករំលែកព័តមាននេះ