ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ពេល​ដំណាលគ្នា​មាន​អគ្គិភ័យ​២​កន្លែង​នៅ​ខណ្ឌដង្កោ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​កើតឡើង​២​កន្លែង​នៅ​ក្នុង​ខណ្ឌ​ចំនួន​ពីរ​ផ្សេង​ពី​គ្នា ប៉ុន្តែ​ក្នុង​ពេល​ដំណាលគ្នា​តែ​មួយ ដែល​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​កើតឡើង​២​កន្លែង​នៅ​ក្នុង​ខណ្ឌ​ចំនួន​ពីរ​ផ្សេង​ពី​គ្នា ប៉ុន្តែ​ក្នុង​ពេល​ដំណាលគ្នា​តែ​មួយ ដែល​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ ហើយ​ទោះបីជា​បែប​ណា​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​នីមួយ​ៗ បាន​គ្រប់គ្រង​សភាពការណ៍​បាន​ទាំងអស់ មិន​មាន​បញ្ហា​អ្វី​កើតឡើង ដូច​ជា​ឆេះ​រាល​ដល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ និង​អគារ​រោងចក្រ​នោះ​ឡើយ​។ ទីតាំង​ទី​១ គឺ​ភ្លើង​បាន​ឆាបឆេះ​ស្មៅ និង​ព្រៃ​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន ឧស្សាហកម្ម ថា​យ ហេង ផលិត​ស័ង្កសី និង​ទ្វារ​រមូរ ដែល​ទីតាំង​ត្រូវ​ភ្លើង​ឆេះ​នោះ ស្ថិត​នៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៧​។

ខណៈនោះ​អគ្គី​ភ័យ​នោះ បាន​ឆាបឆេះ​ស្មៅ និង​ព្រៃ​យ៉ាង​សន្ធោសន្ធៅ សង្ស័យ​មាន​ក្មេង​ៗ​មួយ​ក្រុម​លួច​ដុត និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​កន្លែង​ដែល​ភ្លើង​ឆេះ​គឺ​ស្ថិត​នៅ​ក្បែរ​អគារ​រោងចក្រ​តែ​ម្ដង​។ ប៉ុន្តែ​ក្រោយ​ពី​មានការ​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ និង​នគរបាល​មូលដ្ឋាន ព្រមទាំង​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៤​គ្រឿង​ទៅ​បាញ់​ពន្លត់​ទើប​រលត់​ទៅ​វិញ​ទាំងស្រុង មិន​បាន​រាលដាល​ដល់​កន្លែង​ផ្សេង​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ភ្លើង​ឆេះ​គេ​បានឃើញ​មាន​ក្មេង​មួយ​ក្រុម ទំនង​កូន​អ្នកស្រុក​ភូមិ​ខាងលើ បាន​នាំ​គ្នា​ដើរ​ចូល​ទៅ​ក្នុង​បរិវេណ​ឧស្សាហកម្ម​នោះ លុះ​ក្រោយមក​ស្រាប់តែ​មាន​ភ្លើង​ឆេះ​បែប​នេះ​តែ​ម្ដង​។ ដែល​តាម​ការ​សន្និដ្ឋាន​សង្ស័យ​ក្មេង​ៗ​ទាំងនោះ​លួច​ដុត​លេង ហើយ​ខណៈ​ដែល​ឃើញ​មាន​ភ្លើង​ឆេះ​ពួកក្មេង​ៗ​ខាងលើ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​។

ចំ​ណែ​កម្លាំង​អាជ្ញាធរ និង​នគរបាល​ខណ្ឌដង្កោ ក៏​បាន​ចេញ​អន្តរាគមន៍ ហើយ​ខណៈ​ឃើញ​ភ្លើង​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ដោយ​ខ្លាច​ភ្លើង​ឆេះ​រាល​ដល់​អគារ​រោងចក្រ និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្បែរ​នោះ ក៏​បាន​ចេញ​អន្តរា​គម​ន៏​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៤​គ្រឿង​ទៅ​បាញ់​ទឹក​ពន្លត់​រហូត​រលត់​ទៅ​វិញ​ទាំងស្រុង មិន​មានការ​ឆេះ​រាល​ដល់ទី​តាំង​ផ្សេង​ទៀត​ឡើយ​។

ដោយឡែក​អគ្គិភ័យ​មួយទៀត ក៏​បាន​កើតឡើង​នៅ​ក្នុង​ពេល​ដំណាលគ្នា​នោះ​ដែរ នៅ​ក្នុង​រោងចក្រ​កាត់ដេរ មួយ​កន្លែង យីហោ​《​ប្រាយ​ស្កា​យ​》​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៧ ដែល​ការ​ឆាបឆេះ​នោះ​សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី​ម៉ាស៊ីន​ខ្យល់​នៅ​ក្នុង​រោងចក្រ​នោះ​។

ខណៈនោះ​អាជ្ញាធរ និង​នគរបាល​ខណ្ឌ​ខាងលើ បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​អន្តរាគមន៍​ភ្លាម​ៗ ប៉ុន្តែ​មិន​បាន​បាញ់​ទឹក​សូ​ម្បី​មួយ​តំណក់​ឡើយ ព្រោះ ក្រុម​សន្តិសុខ និង​កម្មករ​នៅ​ទីនោះ បាន​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ បាញ់​អស់​១​បំពង់​ប៉ុណ្ណោះ ក៏​រលត់​ទៅ​វិញ​៕