ជំនួបគ្មានលទ្ធផល ក្រសួងមហាផ្ទៃនៅតែប្រកាន់ជំហរថា សមាជវិសាមញ្ញ CNRP ខុសលក្ខន្តិកៈ
រាជធានីភ្នំពេញ ៖ ក្រោយពីជំនួបអស់រយៈពេលជិត២ម៉ោងជាមួយភាគីគណបក្សសង្គ្រោះជាតិ ក្រសួងមហាផ្ទៃនៅតែប្រកាន់ជំហរថា
រាជធានីភ្នំពេញ ៖ ក្រោយពីជំនួបអស់រយៈពេលជិត២ម៉ោងជាមួយភាគីគណបក្សសង្គ្រោះជាតិ ក្រសួងមហាផ្ទៃនៅតែប្រកាន់ជំហរថា
រាជធានីភ្នំពេញ ៖ ក្រោយពីជំនួបអស់រយៈពេលជិត២ម៉ោងជាមួយភាគីគណបក្សសង្គ្រោះជាតិ ក្រសួងមហាផ្ទៃនៅតែប្រកាន់ជំហរថា ការជ្រើសតាំងក្បាលម៉ាស៊ីនថ្មីរបស់គណបក្សសង្គ្រោះជាតិគឺខុសលក្ខន្តិកៈគណបក្ស និងស្នើឲ្យដូរពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ចេញ ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្រោយពីជំនួបពិភាក្សានារសៀលថ្ងៃទី២៩ ខែមីនា នៅ ទីស្តីការ ក្រសួងមហាផ្ទៃថា ការជួបគ្នានោះមិនខុសពីខ្លឹមសារអ្វីដែលក្រសួងមហាផ្ទៃសរសេរទៅកាន់គណបក្សសង្គ្រោះជាតិនោះទេ ។
លោកបញ្ជាក់ថា «យើងមានការចាប់អារម្មណ៍ចំណុចខ្លះព្រោះថា ការពិភាក្សាគ្នានោះតំណាងក្រសួងមហាផ្ទៃបានបញ្ជាក់ថា ដំណើរការសមាជវិសាមញ្ញស្របច្បាប់ ហើយការធ្វើវិសោធនកម្មលក្ខនិ្តកៈរបស់បក្សមិនទាស់ទេ។ ប៉ុន្តែទាស់នឹងការជ្រើសតាំងក្បាលម៉ាស៊ីនគណបក្ស និងពាក្យស្លោករបស់បក្ស» ។
ក្នុងជំនួបនោះដែរ លោក អេង ឆៃអ៊ាង បានអះអាងថា ក្នុងជំនួបនេះភាគីគណបក្សសង្គ្រោះជាតិ ស្នើសុំឲ្យក្រសួងសរសេរជាលិខិតច្បាស់លាស់ថា សមាជនិងលក្ខន្តិកៈបក្សធ្វើត្រូវ ប៉ុន្តែក្រសួងមហាផ្ទៃមិនចេញនោះទេ ដោយរក្សាជំហរដូចលិខិតដែលដាក់ជូនគណបក្សសង្គ្រោះជាតិលើកមុនដដែល ។
ត្រង់ចំណុចនោះលោក អេង ឆៃអ៊ាង ថ្លែងថា គណបក្សសង្គ្រោះជាតិនឹងយកទៅពិភាក្សាផ្ទៃក្នុងគណបក្ស ។ ទោះបីជាមានការទាមទារឲ្យដូរពាក្យស្លោក និងគោរពតាមលក្ខន្តិកៈគណបក្សត្រង់ប្រការ៤៧ ត្រេទី២ ពីភាគីក្រសួងមហាផ្ទៃយ៉ាងណាក្តី ក៏លោក អេង ឆៃអ៊ាង អះអាងថា មិនបានប៉ះពាល់ដល់គណបក្សក្នុងដំណើរការបោះឆ្នោតនៅពេលខាងមុខនោះទេ ។
លោកបញ្ជាក់ថា «ការលើកឡើងរបស់ក្រសួងមហាផ្ទៃមានតែ២ចំណុចទេ គឺការជ្រើសតាំងក្បាលម៉ាស៊ីនថ្មី និងពាក្យស្លោកប៉ុណ្ណឹង» ។
លោក អេង ឆៃអ៊ាង ថ្លែងទៀតថា គណបក្សមិនបានព្រួយបារម្ភចំពោះការបាត់បង់ការចូលរួមបោះឆ្នោតនោះទេ ។ លោកបញ្ជាក់ថា «ទោះបីលក្ខន្តិកៈបក្សចាស់ លោក កឹម សុខា ក៏នៅជាប្រធាន ហើយលក្ខន្តិកៈថ្មីក៏លោកនៅតែជាប្រធាន» ។ ចំពោះពាក្យស្លោកនោះ គណបក្សលោកមិនបានដាក់ចូលជាគោលនយោបាយនោះទេ ។ ចំពោះសំណើរបស់ក្រសួងមហាផ្ទៃនោះ គណបក្សនឹងគិតពិចារណាឡើងវិញ ។
លោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃ ថ្លែងថា ខាងក្រសួងមហាផ្ទៃចង់ឲ្យគណបក្សសង្គ្រោះជាតិដូរពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» និងឲ្យគណបក្សនេះគោរពតាមលក្ខន្តិកៈគណបក្សត្រង់ប្រការ៤៧ ត្រេទី២ ។
លោកបញ្ជាក់ថា «ការជ្រើសរើសលោក កឹម សុខា ជាប្រធាន លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង និងលោក ប៉ុល ហំម ជាអនុប្រធាននោះ ផ្ទុយនឹងប្រការ៤៧ ត្រេទី២ ដែលគណបក្សតម្កល់នៅក្រសួងមហាផ្ទៃ» ។
លោក ប្រាក់ សំអឿន ថ្លែងថា ពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» នោះ ខុសនឹងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រង់វាក្យខណ្ឌទី១ មាត្រា៥០ ដែលចែងថា ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយសេរីពហុបក្ស ។
លោកថ្លែងទៀតថា ទោះបីជាគណបក្សនេះបានអះអាងថា ពាក្យស្លោករបស់គណបក្សមិនបានដាក់ជាគោលនយោបាយក្តី ប៉ុន្តែគណបក្សបានដាក់នៅក្រសួងរួចហើយ ដូច្នេះត្រូវតែគោរព ។
លោក ប្រាក់ សំអឿន បន្ថែមថា ក្នុងករណីដែលគណបក្សសង្គ្រោះជាតិ មិនព្រមកែសម្រួលតាមការស្នើសុំរបស់ក្រសួងទេ នោះក្រសួងនឹងធ្វើតាមនីវិធីបន្តបន្ទាប់ជាច្រើនទៀត ។
លោកបញ្ជាក់ថា «យ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃសំណូមពរឲ្យគាត់ ធ្វើយ៉ាងណាអនុវត្តតាមលិខិតរបស់ក្រសួងមហាផ្ទៃលេខ៤៨០ ចុះថ្ងៃទី២២ ខែមីនា កន្លងមកនេះ ពាក់ព័ន្ធនឹងការធ្វើសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិកន្លងមកនេះ» ។
លោក ប្រាក់ សំអឿន បានអះអាងថាគណបក្សសង្គ្រោះជាតិ ត្រូវគោរពតាមអ្វីដែលក្រសួងមហាផ្ទៃស្នើខាងលើ គឺគោរពតាមលក្ខន្តិកៈបក្សប្រការ៤៧ ត្រេទី២ និងដូរពាក្យស្លោក ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ទាំងលោក អេង ឆៃអ៊ាង និងលោក ប្រាក់ សំអឿន បញ្ជាក់ថាជំនួបនេះដើម្បីសិក្សាឲ្យស្គាល់ចិត្តគ្នានិងភាពទន់ភ្លន់ ហើយមិនចាំបាច់ជួបគ្នាលើកក្រោយនោះទៀតទេ ។
សូមរំឭកថា កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរលិខិតនៅកាន់លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបតិ្តគណបក្សសង្គ្រោះជាតិថា សមាជវិសាមញ្ញបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអនុប្រធានគណបក្សសង្គ្រោះជាតិ គឺបានអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២ នៃលក្ខន្តិកៈគណបក្ស ដោយអាណត្តិនៅសល់មានរយៈពេលតិចជាង១៨ខែ គិតត្រឹមកាលបរិច្ឆេទដែលលោក សម រង្ស៊ី បានលាលែងពីតំណែងប្រធានគណបក្សនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ។
សម្តេចក្រឡាហោម ក៏បានស្នើឲ្យគណបក្សសង្គ្រោះជាតិ ធ្វើការដកចេញនូវពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដែលមានចែងនៅក្នុងគោលនយោបាយអាទិភាព៥ចំណុចរបស់គណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដោយសារមានខ្លឹមសារផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់។ ពិសេសរបបប្រជាធិបតេយ្យសេរីពហុបបក្សនៅកម្ពុជា និងគោលការណ៍នៃប្រព័ន្ធបោះឆ្នោតសមាមាត្រ ៕
ចែករំលែកព័តមាននេះ