ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេស សំខាន់ និង សុខ សុវណ្ណ ដល់​ថ្ងៃ​ប៉ះ​ថៃ លើ​រេញ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​១ មេ​សា ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ មិន​ទាន់​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅឡើយ​ទេ បន្ទាប់​ពី​បាន​រក​ឃើញ​កីឡាករ​ឡាវ​ជា​ម្ចាស់​ជើងឯក គឺ​

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​១ មេ​សា ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ មិន​ទាន់​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅឡើយ​ទេ បន្ទាប់​ពី​បាន​រក​ឃើញ​កីឡាករ​ឡាវ​ជា​ម្ចាស់​ជើងឯក គឺ​មាន​តែ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ដែល​មាន​កីឡាករ ទេស សំខាន់ និង​កីឡាករ សុខ សុវណ្ណ ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ដែល​ល្បី​ថា​ខ្លាំង​មិនធម្មតា ។

បើ​ទោះជា​បាន​បញ្ចប់​ចំនួន​២​ស​ប្ដា​ហ៍​មក​ហើយ តែ​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ខា​រ៉ា​បាវ​វគ្គ​២​បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ស្រទាប់​អ្នក​ស្នេហា​កីឡាប្រដាល់ ។ កីឡាករ​ម្នាក់​ៗ​ទាំង​កម្ពុជា និង​បរទេស​សុទ្ធតែ​បាន​រួម​គ្នា​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ទាំងមូល​ទទួល​បាន​នូវ​ការ​គាំទ្រ ក្នុង​ពេល​កីឡាករ​បរទេស​ក៏​បាន​រុញ​ឱ្យ​ការ​ប្រកួត​មាន​ភាព​ទាក់ទាញ​ផង​ដែរ ។ កីឡាករ​កម្ពុជា ឡុ​ង សុវណ្ណ​ឌឿ​ន នៅ​តែ​មាន​អារម្មណ៍​ខកចិត្ត​ក្នុង​ពេល​ការ​ប្រកួត​វគ្គ​១​ភាគ​៤ និង​ផ្ដាច់ព្រ័ត្រ​មិន​ទទួល​បាន​ផ្លែផ្កា​តាម​ការ​ចង់បាន ។ អ្នកខ្លះ​យល់​ថា ពួក​គេ​មិន​បាន​ឈ្នះ​ដោយសារ​តែ​ការ​ប្រកាន់​បក្សពួក ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​យល់​ថា​ពួក​គេ​បរាជ័យ​ព្រោះតែ​វាយ​ទៅ​លើ​គូប្រកួត​មិន​បាន​ល្អ ធ្វើ​ឱ្យ​គណៈកម្មការ​ខ្មែរ​យោង​មិន​រួច​នោះ​ដែរ ។ ក្រុម​មន្ត្រី​បច្ចេកទេស​នៅ​តែ​បន្ត​អះអាង​ថា ឡុ​ង សុវណ្ណ​ឌឿ​ន ដែល​មានឱកាស​ឡើង​ប្រកួត​នៅ​វគ្គ​ចុង​ក្រោយ​វាយ​ចេញ​បាន​ច្រើន​មែន ប៉ុន្តែ​បើ​ឱ្យ​ត្រូវ​ចំ​គោលដៅ​គឺ​មិនល្អ​នោះ​ទេ ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​ក្នុង​ថ្ងៃ​ចុង​ក្រោយ​បាន​ត្រឹម​ខកចិត្ត ហើយ​ស្រែក​ឡាំប៉ា​ថា នោះ​ជា​លទ្ធផល​មិន​យុត្តិធម៌ ។ មន្ត្រី​រៀបចំ​ការ​ប្រកួត​បន្ត​ថា កីឡាករ​ឡាវ​មាន​ជំហរ​រឹង​ជាង​ឆ្ងាយ​ណាស់ ហើយ​បើ​ទោះជា​៣​ទឹក​ដំបូង​កីឡាករ​កម្ពុជា​វាយ​ត្រូវ​ច្រើន​ជាង​ក្ដី ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខាង​គណៈកម្មការ​គ្មាន​អ្នក​ណា​ចង់ឱ្យ​កីឡាករ​បរទេស​លើក​ទង់ជាតិ ហើយ​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​នោះ​ទេ ប៉ុន្តែ​មក​ពី​កីឡាករ​បរទេស​គេ​មាន​ជំហរ​ល្អ​ជាង ហើយ​ម្យ៉ាង​ក្នុង​ទឹក​ចុង​ក្រោយ កីឡាករ​កម្ពុជា​ត្រូវ​ឡាវ​វាយ​ឡើង​ត្រដាបត្រដួស​ផង ទើប​ខ្សែក្រវាត់​អន្តរជាតិ​ធ្លាក់​ទៅ​ក្នុង​ដៃ​កីឡាករ​ឡាវ ។ លោក​ថា ក្នុង​ពេល​ខាង​មុខ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​វគ្គ​៣ នឹង​ត្រូវ​ដំណើរការ ប៉ុន្តែ​លោក​មិន​មាន​បំណង​ដាក់​កីឡាករ​បរទេស​ដែល​មាន​សមត្ថភាព​អន់​ៗ​ដើម្បី​ឱ្យ​កីឡាករ​កម្ពុជា​បាន​ឈ្នះ​ជើងឯក​នោះ​ទេ គឺ​នៅ​តែ​រក្សា​ជំហរ​សម្រាំង​យក​កីឡាករ​ជើង​ខ្លាំង​ដដែល ។ លោក​ថា បើ​ការ​ប្រកួត​ប្រហាក់ ប្រហែល គណៈកម្មការ​នៅ​តែ​មាន​ជំហរ​ឱ្យ​កីឡាករ​កម្ពុជា​ឈ្នះ​សម្រាប់​ការ​ប្រកួត​ខ្សែក្រវាត់ ប៉ុន្តែ​បើ​ទន់​ជំហរ​ខ្លាំង​ពេក​ដូច​ករណី​ឡុ​ង សុវណ្ណ​ឌឿ​ន ប្រកួត​វគ្គ​ចុង​ក្រោយ​ជាមួយ​កីឡាករ​ឡាវ គឺ​លោក​ក៏​មិន​ឯកភាព​ឱ្យធ្វើ​ជា​ម្ចាស់​ខ្សែក្រវាត់​នោះ​ដែរ ។ លោក​ថា​២​ទឹក​ចុង​ក្រោយ កីឡាករ​កម្ពុជា​ចាញ់​ប្រៀប​កីឡាករ​ឡាវ​ដាច់​ឆ្ងាយ ទើប​លទ្ធផល​ការ​ប្រកួត​មិន​ឱ្យ​គេ​កាន់​ពាន ខណៈ​លោក​ក៏​ពិតជា​មានការ​សោកស្ដាយ ។ 

ងាក​មក​កាន់ការ​ប្រកួត​មិត្តភាព​នៅ​ថ្ងៃ​សៅរ៍​នេះ​វិញ លោក ញាណ សុធី បញ្ជាក់​ថា កីឡាករ​ទេស សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Vy Rakvath ។ លោក​ថា កីឡាករ​កម្ពុជា​នឹង​មិន​ភ្លាត់​ឱ្យ​ចាញ់​សម្រាប់​ការ​ប្រកួត​នេះ​ទេ ដ្បិត​ថាបើ​ប្រកួត​ឈ្នះ​នឹង​ឡើង​ក្រេ​ឌី​ត តែបើ​ចាញ់​នឹង​រង​ការ​រិះគន់​ថា​ប្រកួត​ធ្លាក់ដៃ ។ លោក​ថា កីឡាករ​រូប​នេះ​នឹង​ត្រូវការ​ឈ្នះ​ដើម្បី​លុបលាង​ភាព​អាម៉ាស់ ខណៈ​ដែល​កីឡាករ​ថៃ​ក៏​ប្រា​ថា្ន​ចង់​ឈ្នះ​ដូច​គ្នា ។ កីឡាករ​ថៃ​ត្រូវ​លោក​ប្រកាស​ថា ធ្លាប់​ប្រកួត​៦៥​លើក ឈ្នះ​៥២​លើក ចាញ់​១២​លើក និង​ស្មើ​១​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ឆ្លងកាត់​ការ​ប្រកួត​រហូត​ដល់​៨០​លើក ឈ្នះ​៦៦​លើក ចាញ់​១០​លើក និង​ស្មើ​៤​លើក។

សម្រាប់​កីឡាករ សុខ សុវណ្ណ លោក​ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Thing Phuothon ក្នុង​លក្ខណៈ​មិត្តភាព​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ​នោះ​ដែរ ។ លោក​ថា ឆ្លងកាត់​ការ​ប្រកួត​បាន​ច្រើន​លើក លោក​ក៏​មិន​ទាន់​ហ៊ាន​ទុកចិត្ត​កីឡាករ​កម្ពុជា​១០០​ភាគរយ​នោះ​ដែរ បើ​ទោះជា​គេ​ជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន និង​ឡើង​កូដ នោះ​គឺ​ដោយសារ​តែ​កីឡាករ​កម្ពុជា​ក៏​ខ្លាំង​មិនធម្មតា ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៧២​លើក ឈ្នះ​៦២​លើក និង​ចាញ់​១០​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៧៧​លើក ឈ្នះ​៥៤​លើក ចាញ់​១០​លើក និង​ស្មើ​៣​លើក ទើប​លោក​មិន​ហ៊ាន​ទុកចិត្ត​ចំពោះ​កីឡាករ​កម្ពុជា ៕