បង្ក្រាបទីតាំងលួចជីករ៉ែត្បូងនិងដាក់អន្ទាក់សត្វព្រៃនៅក្នុងដែនតំបន់អភិរក្ស
ខេត្តប៉ៃលិន ៖ ក្រុមសមត្ថកិច្ចចម្រុះចំនួន៦នាក់បានធ្វើការចុះបង្ក្រាប និងរុះរើកន្លែងជំរករបស់ជនសង្ស័យដែលបានលួចបោះជំរុំ
ខេត្តប៉ៃលិន ៖ ក្រុមសមត្ថកិច្ចចម្រុះចំនួន៦នាក់បានធ្វើការចុះបង្ក្រាប និងរុះរើកន្លែងជំរករបស់ជនសង្ស័យដែលបានលួចបោះជំរុំ
ខេត្តប៉ៃលិន ៖ ក្រុមសមត្ថកិច្ចចម្រុះចំនួន៦នាក់បានធ្វើការចុះបង្ក្រាប និងរុះរើកន្លែងជំរករបស់ជនសង្ស័យដែលបានលួចបោះជំរុំនៅក្នុងដែនតំបន់អភិរក្សដើម្បីរុករករ៉ែត្បូង និងដាក់អន្ទាក់សត្វព្រៃ ដូចជា ខ្ទីង ឈ្លូស ប្រើស ជ្រូកព្រៃ អស់រយៈពេលជាយូរមកហើយនៅក្នុងព្រៃជ្រៅនៃតំបន់អភិរក្ស ។ លុះកម្លាំងចម្រុះចុះល្បាតឃើញក៏ដោះយកអន្ទាក់ និងបំផ្លាញជំរកពួកគេចោលតែម្តង ។ ហេតុការណ៍នេះបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភ្នំទ្រព្យ ក្នុងភូមិបហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពីលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនបានឱ្យដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះចំនួន៦នាក់មានសមាសភាពចូលរួមមកពីមន្ត្រីអនុរក្ស មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត កងរាជអាវុធហត្ថ នគរបាលវរៈការពារព្រំដែន និងកម្លាំងរបស់អង្គការ អភិរក្សសត្វព្រៃ (MJP) បានចុះធ្វើការល្បាតនៅក្នុងភូមិសាស្ត្រ តំបន់អភិរក្សប្រើប្រាស់ច្រើនយ៉ាងសំឡូត ប៉ៃលិន ស្រាប់តែប្រទះឃើញទីតាំងការលួចបោះជំរុំនៅក្នុងព្រៃស្ថិតនៅចំនុចភ្នំទ្រព្យ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ លោកបានឱ្យដឹងទៀតថា មន្ត្រីអភិរក្សរបស់មន្ទីរបរិស្ថានខេត្តបានសហការជាមួយកម្លាំងចម្រុះដើម្បីដើរត្បាតតាមគោលដៅនានាក្នុងតំបន់ការពារធនធានធម្មជាតិជាពិសេសតំបន់អភិរក្សប្រើប្រាស់ច្រើនយ៉ាងប៉ៃលិន-សំឡូត ដែលជានិច្ចកាលក្រុមជនល្មើសតែងតែលួចចូលទៅកាប់បំផ្លាញព្រៃឈើមានតម្លៃដោយកាប់ទន្ទ្រានដីព្រៃយកមកធ្វើចំការ និងធ្វើកម្មសិទ្ធិរបស់ខ្លួន ។
សូមបញ្ជាក់ថា បច្ចុប្បន្នព្រៃឈើ សត្វព្រៃ និងរ៉ែធម្មជាតិ នៅក្នុងខេត្តប៉ៃលិនកំពុងទទួលរងការបំផ្លាញរាល់ថ្ងៃមើលទៅកូនចៅជំនាន់ក្រោយមិនមានអ្វីប្រើប្រាស់បន្តនោះទេ បើទោះបីជាមានខាងមេព្រៃ ខាងបរិស្ថាន និងសមត្ថកិច្ចជំនាញ គ្រប់លំដាប់ថ្នាក់ឈរជើងចាំការពារក៏ដោយ មិនមានអ្វីសេសសល់ដែរពោលគឺបាត់បង់ជារៀងរាល់ថ្ងៃតែម្តង ៕
ចែករំលែកព័តមាននេះ