ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំងំ​ខ្លួន​ក្នុង​ស្រះទាល់​ថប់ដង្ហើម​ ទើប​​ព្រម

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ មីនា ដោយសារ​តែ​សមត្ថកិច្ច​ជា​ច្រើន​រួម​ជាមួយ​អ្នកស្រុក បាន​ដេញ​ស្ទាក់​ចាប់​ចោរលួច​ម៉ូតូ​ម្នាក់ ហើយ​ជន​នោះ​បាន​រត់​ចូល​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​ស្រះ​ទឹក​មួយ

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ មីនា ដោយសារ​តែ​សមត្ថកិច្ច​ជា​ច្រើន​រួម​ជាមួយ​អ្នកស្រុក បាន​ដេញ​ស្ទាក់​ចាប់​ចោរលួច​ម៉ូតូ​ម្នាក់ ហើយ​ជន​នោះ​បាន​រត់​ចូល​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង​ក្បែរ​របង​បន្ទាយ​ទាហាន​តំបន់សឹករង​កំពង់ឆ្នាំង ដែល​ជា​អតីត​បន្ទាយ​ចាស់​ស្ថិត​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ ឆ្នាំង។

យោង​តាម​សេចក្តីរាយការណ៍​របស់​នគរបាល​ក្រុង​កំពង់ឆ្នាំង បានឱ្យ​ដឹង​ថា ចោរលួច​ម៉ូតូ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​ឈ្មោះ យ៉​ន ឌី ហៅ យ៉​ន ម៉េ​ង​ហៀ​ង អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​សែន ឃុំ​សំរោង​សែន ស្រុក​កំពង់លែង មក​ស្នាក់​នៅ​ជាមួយ​បង ស្រី​ក្នុងភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ជន​ខាងលើ​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​បន្ទប់​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ យ៉ា យ៉ុ​ន អាយុ​៣៦​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង គឺ​ជួល​ស្នាក់​នៅ​ជិត​គ្នា ។

ពេល​គាស់​ទ្វារ​បន្ទប់​បាន​ហើយ ជន​នោះ​បាន​ធ្វើ​សកម្មភាព​កាច់ក និង​កាត់​សោ​ជ​ន្ទ​ល់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​២០១៣ ពាក់​ផ្លា​ក​លេខ​កំពង់ឆ្នាំង ១F-៣០២៨ រួច​ជិះ​ទៅ​បាត់ ។ ក្រោយ​ពី​ម្ចាស់​ម៉ូតូ​ត្រឡប់​ពី​ធ្វើការ​នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់​មក​ដល់​ផ្ទះ​វិញ ដឹង​ថា​បាត់​ម៉ូតូ​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​តាម​រក ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​កំណត់​មុខសញ្ញា​បាន​ហើយ ក៏​ដាក់​កម្លាំង​ស្វែងរក​ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មីនា សមត្ថកិច្ច​បានឃើញ​មុខសញ្ញា​កំពុង​ជិះ​ម៉ូតូ​យា​៉​ង​រំភើយ ក៏​បាន​នាំ​គ្នា​ដេញចាប់ ។ ពេល​នោះ​ជនល្មើស​ទាល់ច្រក​បាន​លោត​ចោល​ម៉ូតូ​ហើយ​ព្យាយាម​រត់គេច​ខ្លួន​លោត​ចូល​ទៅ​សម្ងំ​លាក់​ខ្លូ​ន​នៅ​ក្នុង​ទឹកស្រះ​ក្បែរ​របង​បន្ទាយ​តំបន់សឹករង ដែល​មាន​ស្មៅ​ត្រឹប​អណ្ដែត​ដុះ​ក្រាស់ឃ្មឹក ។

រីឯ​សមត្ថកិច្ច​ពេល​ដេញ​តាម​ចោរ​ទៅ​ដល់​ចំណុច​នោះ​បាត់ដាន​នៅ​មាត់​ស្រះ ក៏​មានការ​សង្ស័យ​ថា ជន​នេះ​អាច​នឹង​មុជទឹក​គេចខ្លួន​ក្នុង​ស្រះ ហើយ​បាន​នាំ​គ្នា​ស្រែក​ឱ្យ​ចេញពី​ក្នុង​ទឹកជា​បន្ទាន់ ព្រមទាំង​នាំ​គ្នា​យក​ឈើស្រួច​ដើរ​ចាក់​ស្មាន​ៗ តាម​ស្មៅ និង​កំប្លោក​ក្នុង​ទឹក​គ្រប់កន្លែង ដោយ​ខ្លះ​គប់​ដុំ​ថ្ម​បង្អើល​ផង ។ ប្រហែល​ជាង​កន្លះ​ម៉ោង ទើប​ជន​នោះ​ទ្រាំង​អត់​ដង្ហើម​លែង​បាន​ក៏​ស្ទុះ​ងើបឡើង​ពី​ក្នុង​ទឹក ក៏​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​តែ​ម្តង ។ ក្រោយ​ការ​ចាប់ខ្លួន សមត្ថកិច្ច​បាន​នាំ​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់ ។

ដោយឡែក ​ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​ជន​នោះ​មក​ស្នាក់​នៅ​ជាមួយ​បងស្រី​របស់​គេ​ក្បែរ​បន្ទប់​គាត់ បុរស​នេះ​បាន​បោះពាក្យ​សម្ដី​ថា ម៉ូតូ​ថ្មី​ៗ​អ​ញ្ចឹ​ង ថ្ងៃ​ណាមួយ​ប្រាកដជា​បាត់​ខ្លួន​មិន​ខាន មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ក៏​បាត់​មែន ៕