ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​លើកទឹកចិត្ត​ក្រុម​គោព្រៃ​កម្ពុជា​ក្រោយ​ម្ចាស់ផ្ទះ​ហ្ស៊​ក​ដា​នី​លត់​ទក់​សាច់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែល​មាន​រហស្សនាម​ថា​«​គោព្រៃ​កម្ពុជា​»​ត្រូវ​ក្រុម​ម្ចាស់ផ្ទះ​ហ្ស៊​ក​ដា​នីលត់​ទក់​សាច់​ដោយ​លទ្ធផល​៧-០​ក្នុង​ជំនួប​បើក​ឆាក​ពូ​ល C នៃ​ពានរង្វាន់​ជើងឯក​អាស៊ី

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែល​មាន​រហស្សនាម​ថា​«​គោព្រៃ​កម្ពុជា​»​ត្រូវ​ក្រុម​ម្ចាស់ផ្ទះ​ហ្ស៊​ក​ដា​នីលត់​ទក់​សាច់​ដោយ​លទ្ធផល​៧-០​ក្នុង​ជំនួប​បើក​ឆាក​ពូ​ល C នៃ​ពានរង្វាន់​ជើងឯក​អាស៊ី AFC Asian Cup 2019 នៅ​ពហុ​កីឡដ្ឋាន​អន្ដរជាតិ King Abdullah II កាលពី​យប់​ថ្ងៃ​ទី​២៨ មីនា ម្សិលមិញនេះ ។

ការ​ប្រកួត​នៅ​យប់​នោះ ក្រុម​ម្ចាស់ផ្ទះ​មាឌ​យក្ស​ហ្ស៊​ក​ដា​នី ដែល​តាម​ហាងឆេង​ភ្នាល់​តឱ្យ​ក្រុម​ភ្ញៀវ​ដល់​ទៅ​៤​គ្រាប់​នោះ​បាន​លេង​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​លើ​ក្រុម​គោព្រៃ​កម្ពុជា​ស្ទើរ​ពេញ​មួយ​ប្រកួត​តែ​ម្ដង ។ ចំណែក​ក្រុម​ភ្ញៀវ​មាឌ​ល្អិត​គោព្រៃ​កម្ពុជា​វិញ គឺ​មានឱកាស​តិចតួច​បំផុត​ក្នុង​ការ​គ្រប់គ្រង​បាល់ និង​លេង​ក្នុង​តំបន់​គ្រោះថ្នាក់​របស់​ក្រុម​ម្ចាស់ផ្ទះ ។ គ្រាន់តែ​នៅ​តង់​ទី​១ ក្រុម​ហ្ស៊​ក​ដា​នី​បាន​បំប៉ោង​សំណាញ់​ទី​ក្រុម​គោព្រៃ​កម្ពុជា​ដល់​ទៅ​២​គ្រាប់​បាត់​ទៅ​ហើយដោយ​កីឡាករ Hamza Aldardoor នៅ​នាទី​ទី​១២ និង​នាទី​ទី​២១ ហើយ​លទ្ធផល​នេះ​បាន​រក្សា​រហូត​ដល់​ចប់​តង់​ទី​១ ។

បន្ទាប់​ពី​នាំមុខ​២-០​ហើយ​នោះ ក្រុម​ជម្រើសជាតិ​ហ្ស៊​ក​ដា​នី មិន​ត្រឹមតែ​មិន​បន្ធូរបន្ថយ​ដល់​ក្រុម​គោព្រៃ​កម្ពុជា​នោះ​ទេ ផ្ទុយ​ទៅ​វិញ​នៅ​តង់​ទី​២​ក្រុម​ម្ចាស់ផ្ទះ​មួយ​នេះ​កាន់តែ​បង្កើន​ការ​លេង​សម្រុក​ខ្លាំង​ជាង​មុន​ហាក់ដូចជា​ចង់​បំបាក់មុខ​ក្រុម​ភ្ញៀវ​អ៊ីចឹង​រហូត​រកបាន​៥​គ្រាប់​បន្ថែម​ទៀត ។ ៥​គ្រាប់​នេះ​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Yasen Al Bakhet នៅ​នាទី​ទី​៤៧ កីឡាករ Odai Al Saify នៅ​នាទី​ទី​៦១ កីឡាករ Ahmed Samir​នៅ​នាទី​ទី​៦៣ កីឡាករ Hamza Aldardoor នៅ​នាទី​ទី​៨៧ និង​កីឡាករ Moussa Al Tamari នៅ​នាទី​ទី​៩០ ។

ទោះបី​ក្រុម​គោព្រៃ​កម្ពុជា​ទទួលលទ្ធផល​មិនល្អ​យ៉ាងណា​ក៏​ដោយ ក៏​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​តែ​គាំទ្រ​លើកទឹកចិត្ត​ដដែល ។ សម្តេច​បាន​សរសេរ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​កថា​៖ «​សូម​អបអរសាទរ​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ខិតខំ​ប្រកួត​ជាមួយ​ក្រុមកីឡា​បាល់ទាត់ ហ្ស៊​ក​ដា​នី (Cambodia 0-7 Jordan) ក្នុង​ការ​ប្រកួត​ពានរង្វាន់​ជើងឯក​អាស៊ី​២០១៩ វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ (AFC Asian Cup 2019 Final Group Qualifiers)​ដែល​ទើបបាន​បញ្ចប់​នៅ​ពហុ​កីឡដ្ឋាន​អន្ដរជាតិ King Abdullah II នៅ​មុន​នេះ​បន្តិច​» ។

«​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​សមត្ថភាព​ក្មួយ​ៗ​កីឡាករ​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ខិតខំ​លេង​បាន​យ៉ាង​ល្អ​ក្នុង​លក្ខណៈ​មិត្តភាព​អន្តរជាតិ ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រីក​ចម្រើន​វិស័យ​កីឡា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ។ ចាញ់​ឈ្នះ​គឺជា​ការ​ធម្មតា សង្ឃឹមថា​ក្មួយ​ៗ​កីឡាករ​នឹង​ខិតខំ​លេង​ឱ្យ​កាន់តែ​ល្អ​ដើម្បី​ទទួល​ជ័យជម្នះ​នៅ​ក្នុង​ការ​ប្រកួត​លើក​ក្រោយ​» ។

«​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​វិស័យ​កីឡា និង​សូម​ជូនពរ​កីឡាបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ខាង​មុខ​ទៀត​» ៕