ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ទេសចរណ៍​កំពុង​រីក​ចម្រើន​ទាំង​សេវាកម្ម និង​គុណភាព

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​តែ​រីក​ចម្រើន​ទាំង​សេវាកម្ម និង​គុណភាព តាម​រយៈ​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​វត្តមាន​ក្រុមហ៊ុន​នានា​កាន់តែ​ច្រើន ដែល​បាន​និង​កំពុង​ផ្តល់​សេវាកម្ម​ក្នុង​វិស័យ​នេះ ។

រាជធានី​ភ្នំពេញ ៖ វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​តែ​រីក​ចម្រើន​ទាំង​សេវាកម្ម និង​គុណភាព តាម​រយៈ​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​វត្តមាន​ក្រុមហ៊ុន​នានា​កាន់តែ​ច្រើន ដែល​បាន​និង​កំពុង​ផ្តល់​សេវាកម្ម​ក្នុង​វិស័យ​នេះ ។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ថា វិស័យ​ទេសចរណ៍​កំពុង​មានការ​រីក​ចម្រើន​ទាំង​គុណភាព និង​សេវាកម្ម ។ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​ក្រុមហ៊ុន​ទេសចរណ៍​បាន​កើនឡើង​ពី​២៨៨​ដល់​ជិត​៦០០ ទាំង​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ និង​បរទេស និង​ការ​មក​ដល់​នូវ​វត្តមាន​សណ្ឋាគារ​ល្បី​ៗ​នៅ​លើ​ពិភពលោក​កាន់តែ​ច្រើន ។

លោក​ថ្លែង​ថា​៖ « ការ​រីក​ចម្រើន​ក្នុង​វិស័យ​នេះ ដោយសារ​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ការ​បើកចំហ​ជើងមេឃ និង​គោលនយោបាយ​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគទុន​ខ្នាត​មធ្យម និង​ខ្នាត​ធំ ចូល​មក​កាន់​កម្ពុជា​បន្តបន្ទាប់ » ។ លោក​បន្ត​ថា​៖ « សេវាកម្ម​រថយន្ត​ប្រណីត និង​សេវាកម្ម​ជា​ច្រើន​ទៀត​ក៏​បាន​និង​កំពុង​រីក​ចម្រើន និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ » ។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ថា វិស័យ​នេះ​ពិតជា​មានការ​រីក​ចម្រើន​ច្រើន ដោយ​ក្រុមហ៊ុន​នានា​បាន​កើនឡើង​កាន់តែ​ច្រើន និង​មាន​សកម្មភាព​មមាញឹក ស្រប​ពេល​ក្រសួងទេសចរណ៍​កំពុង​បង្កើត​ឲ្យ​មាន​សកម្មភាព និង​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ជា​ច្រើន ដើម្បី​ឆ្លើយ​តប​ទីផ្សារ​កំពុង​មានការ​រីក​ចម្រើន ព្រោះ​អ្នក​នៅ​ក្នុង​វិស័យ​នេះ ចង់​ឲ្យ​ភ្ញៀវ​ទេសចរ​មិន​ត្រឹម​មក​មើល​អង្គរ​ទេ តែ​ចង់​ជំរុញ​និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​ផ្សេង​ៗ​ទៀត ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​កម្សាន្ដ និង​ស្នាក់​នៅ​កម្ពុជា​បាន​យូរអង្វែង​ផង​ដែរ ។

លោកស្រី​បន្ត​ថា អ្វី​ដែល​សមាគម​រៀបចំ​កម្មវិធី​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី​៣០ មីនា ខាង​មុខ​នេះ ដើម្បី​ចែករំលែក​ពិសោធន៍​ក៏​ដូច​ជា​ចង់​ជួប​ជាមួយ​អតីត​ប្រធាន​សមាគម​ចាស់​ៗ ដែល​បាន​បង្កើត និង​ដឹកនាំ​សមាគម​នេះ​តាំងពី​ដើម​រៀង​មក ។

រហូត​មក​ទល់​ពេល​នេះ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ឈាន​ដល់​អាណត្តិ​ទី​៨​ហើយ ។ សមាគម​នេះ ដឹកនាំ​ដោយ​លោកស្រី ជុង ច័ន្ទ​សោភា ជា​ប្រធាន​ទី​១ ។

ទាក់ទង​នឹង​ការ​រៀបចំ​រាត្រី​ជួបជុំ​គ្នា​នេះ​លោក ហូ វ​ណ្ឌី បាន​ថ្លែង​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ជា​ការ​អបអរសាទរ​ខួប​២១​ឆ្នាំ​របស់​សមាគម​ដែល​មាន​សមាជិក​ជាង​៤០០​នាក់ ដើម្បី​ចែករំលែក​បទ​ពិសោធន៍ ក៏​ដូច​ជា​ស្តាប់​មតិយោបល់​របស់​រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា ព្រោះ​សមាគម​នេះ ជា​សំឡេង​តែ​មួយ​គត់​របស់​វិស័យ​ឯកជន ដែល​បាន​ចាប់កំណើត​មុនគេ​ដើម្បី​ការ​ធ្វើ​ការងារ​ជា​ដៃគូ​ឯកជន​របស់​រាជរដ្ឋាភិបាល ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោ​ង ខុន បាន​ថ្លែង​ថា លោកស្រី​ឆាយ ស៊ី​វលី​ន បាន​ដឹកនាំ​សមាគម​នេះ​បាន​ល្អ ដោយ​លោកស្រី​បាន​ចូលរួម​គ្រប់​សកម្មភាព និង​ការ​តាំងពិព័រណ៍​នានា​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ដែល​ជា​ការ​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់ និង​ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ថ្នាក់​ជាតិ និង​អន្តរជាតិ ។

តាម​របាយការណ៍​ក្រសួងទេសចរណ៍​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​មក​កម្ពុជា​តាម​ផ្លូវអាកាស​មាន​ចំនួន​៦២៩.៩២៧​នាក់ ស្មើនឹង​៦១,៤%​នៃ​ចំនួន​សរុប កើនឡើង​១៦,៥% ក្នុង​នោះ ច្រក​ភ្នំពេញ​មាន​ចំនួន​២២៩.១៨៥​នាក់ ស្មើនឹង​២២,៣%​នៃ​ចំនួន​សរុប កើនឡើង​១៥,៥% ។ ច្រក​សៀមរាប​មាន​ចំនួន​៣៨៥.៤៥៩​នាក់ ស្មើនឹង​៣៧,៦%​នៃ​ចំនួន​សរុប កើនឡើង​១៣,៥% និង​ច្រក​កងកេង​មាន​ចំនួន​១៥.២៨៣​នាក់ ស្មើនឹង​១,៥% នៃ​ចំនួន​សរុប កើនឡើង​៥៤៧,៣% ។

ចំណែក​ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ​ទាំង​១០​ដែល​មក​កម្ពុជា​ក្នុង​រយៈពេល​២​ខែ​ដើម ឆ្នាំ​នេះ​ធៀប​នឹង​២​ខែ​ដើមឆ្នាំ​២០១៦ រួម​មាន ៖ ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​១ មាន​ចំនួន​១៧២.៤៣៨​នាក់​កើនឡើង​១៦,៧%​។ វៀតណាម​ជាប់​លេខ​២ មាន​ចំនួន​១៤១.៣៩៤​នាក់​ថយ​ចុះ​០,៩%​។ កូរ៉េ​ជាប់​ចំណាត់ថ្នាក់​លេខ​៣ មាន​ចំនួន​១០១.៤៩៩​នាក់​ថយ​ចុះ​២,១% តាម​ពីក្រោយ​ដោយ​ថៃ​ជាប់​លេខ​៤ មាន​ចំនួន​៦៨.៧៦៥​នាក់​កើនឡើង​១៨,៨%​។ ឡាវ​ជាប់​ចំណាត់ថ្នាក់​លេខ​៥ មាន​ចំនួន​៦៥.៦៧៥​នាក់​កើនឡើង​៦៤,៥% ខណៈ​អា​មេ​រិ​ក​ឈរ​នៅ​លេខ​រៀង​ទី​៦ មាន​៥៦.១០២​នាក់​កើនឡើង​១០,៥% ។ ចំណែក​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​ទី​៧ មាន​ចំនួន​៤០.៧២០​នាក់​កើនឡើង​១៤,១% តាម​ពីក្រោយ​ដោយ​បារាំង​ជាប់​ចំណាត់ថ្នាក់​លេខ​៨ មាន​ចំនួន​៣៨.៥៧៣​នាក់​កើនឡើង​១២,៧% និង​អង់គ្លេស​ស្ថិត​នៅ​លេខ​រៀង​ទី​៩ មាន​ចំនួន​៣៧.៦២៣​នាក់​កើនឡើង​១០,៦% ខណៈ​អា​ល្លឺ​ម៉​ង់ មាន​ចំនួន​៣៤.៥៧៨​នាក់ កើនឡើង​៨,២% ស្ថិត​នៅ​លេខ​រៀង​ទី​១០ ៕