ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​កម្ទេច​រថយន្ត​និង​អ្នកបើកបរ ក្រោយ​បង្ក​គ្រោះថ្នាក់​ដ៏​រន្ធត់ ក៏ព្រោះ​តែអស់ជំនឿ​លើ​ប្រព័ន្ធ​តុលាការ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សោកនាដកម្ម​គួរ​ឱ្យ​រន្ធត់​មួយ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ឆ្លាម​មួយ​គ្រឿង

រាជធានី​ភ្នំពេញ ៖ សោកនាដកម្ម​គួរ​ឱ្យ​រន្ធត់​មួយ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ឆ្លាម​មួយ​គ្រឿង បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​ទៅ​បុក​រះ​ម៉ូតូ​ជា​ច្រើន​គ្រឿង បណ្តាល​ឱ្យ​មនុស្ស​ចំនួន​៣​នាក់​ស្លាប់ និង​៧​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​និង​ម្នាក់​ៗ​ស្ទើរ​ស្លាប់ ស្ទើរ​រស់​វេលា​ម៉ោង​ជិត​៦​ល្ងាច​ថ្ងៃ​ទី​២៧ មីនា នៅ​ចំណុច​ខាង​មុខ​អតីត​រោងចក្រ​កាត់ដេរ គួ​ង ហុង វិ​ថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន ។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បង្ក​ឱ្យ​មាន​កំហឹង​ពី​មហាជន​បាន​នាំ​គ្នា​វាយ​កម្ទេច​រថយន្ត និង​វាយដំ​អ្នកបើកបរ​រថយន្ត​របួស​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​រួច​បញ្ជូន​អ្នកបើកបរ​រថយន្ត​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យ​រុ​ស្សី​) គឺ​បើ​កុំ​សមត្ថកិច្ច​ជួយ​ទាន់​សង្ស័យ​មិន​រស់​ទេ ក្នុងនោះក៏​មាន​មតិ​មហាជនមួយចំនួន​បាន​លើក​ឡើង​ផ្សេង​ៗ​គ្នាពីការប្រើហិង្សាមួយនេះ​ផង​ដែរ ។

ជា​ការ​កត់សម្គាល់ នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ដែល​បង្ក​ឱ្យ​មាន​បាតុភាព​ខឹងសម្បា​ជា​ខ្លាំង​នេះរហូតដល់បង្កជាហិង្សា ជាក់ស្តែង​បើ​តាម​ការ​ស្ទាបស្ទង់​មតិ «​ឧទាហរណ៍​: ឃាត់ខ្លួន​ជន​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៏​បាន​ភ្លាម​ៗ បើ​អ្នក​នៅ​កន្លែង​កើតហេតុ តើ​អ្នក​គួរ​ធ្វើ​អ្វី?» បាន​បង្ហាញ​អោយ​ដឹង​ថា ៖ មតិ​ចំនួន​៤៨%​បាន​បង្ហាញ​ថា ត្រូវប្រគល់​ឲ្យ​សមត្ថកិច្ច ទុក​អោយ​តុលាការកាត់ទោសតាមផ្លូវច្បាប់ទៅ​ ។ ហើយមតិដែរថា វាយ​ជន​បង្កនោះ ទៅតាម​កំហឹង គឺមាន​ចំនួន​២៧% ។ រីឯ ១១% ចូលជួយ​ឃាត់​អ្នក​ដទៃ ដែល​វាយ​ជន​បង្ក ។ រួម​និង​ប្រហែល ១៤% ទៀតគឺ​នៅ​ស្ងៀម ឈរ​មើល ឫ​ថត​វី​ដេ​អូ​បង្ហោះ Facebook ទៅ​វិញ ។ ទោះជា​យ៉ាង​ណាក្តី នេះ​គ្រាន់​តែជា​ការ​ស្ទង់​មតិ​មហាជន​មួយ​ចំនួន​តែ​ប៉ុណ្ណោះ មិនមែន​ឆ្លុះ​បញ្ចាំង​ពី​ទស្សន​មតិ​របស់ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​នោះ​ឡើយ ។

ជាមួយ​គ្នា​នេះ​ដែរ​មាន​មតិ​ខ្លះ​លើក​ឡើង​ថា ប្រការ​ដែល​ប្រជាពលរដ្ឋ​ដើរតួ​ជា​ចៅក្រម​នេះ ក៏​ព្រោះតែ​អស់ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​នៅ​ស្រុក​ខ្មែរ ប៉ុន្តែ​ក៏​មិន​ត្រូវ​ប្រើ​អ្វី​តាមតែ​កំហឹង​ចិត្ត​នឹកឃើញ​ឲ្យហួស​ពី​ផ្លូវច្បាប់​នោះ​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ច្រើន​នាក់​នៅ​ក្នុង​ហេតុការណ៍​នោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​អង្គុយ​លក់​ភេសជ្ជៈ​នៅ​ក្បែរ​នោះ ក៏​ស្រាប់តែ​ឭ​សំឡេង​ផាំង​ៗ​ផ្ទួន​ៗ​គ្នា​ពេល​ក្រឡេក​មើលទៅ ក៏​បានឃើញ​រថយន្ត​មួយ​គ្រឿង កំពុង​តែ​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​បុក​រះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​បន្តបន្ទាប់ ដូច​បើក​រត់គេច​ពី​អ្វីមួយ បណ្តាល​ឱ្យ​ម៉ូតូ​ដួល​ត្រៀបត្រា​ពេញ​ផ្លូវ​ជា​បន្តបន្ទាប់ និង​ខ្ទាត​ជន​រង​គ្រោះ​ប្រុស​ស្រី​ចំនួន​៣​នាក់ ហោះ​ផ្លោង​រំលង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ធ្លាក់​មក​ម្ខាង​ផ្លូវ​តែ​ម្តង ។ ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បង្ករ​ឱ្យ​មាន​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់​និង​រង​របួស​រដូករណែល ហើយ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ទៀត​ត្រូវ​បាន​រង​ការ​ខូចខាត​បាន​ធ្វើ​ឱ្យ​រូប​គាត់​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២M-២២៤៥ បាន​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ មាស សុខ​ហេង អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ ស្នាក់​នៅផ្ទះ​លេខ​១១១ ផ្លូវជាតិ​លេខ​២ ភូមិ​ទួលរ​ការ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។ មុន​ពេល​កើតហេតុ បុរស​ខាងលើ​បាន​បើករថយន្ត​របស់​ខ្លួន​តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​តាម​ផ្លូវ​ធម្មតា ។ លុះ​មក​ដល់​ចំណុច​ហាង​លក់​ម៉ូតូ​ហុងដា​មួយ​កន្លែង​ដែល​មា​នទី​តាំងនៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ ក៏​បាន​បើករថយន្ត​ទៅ​ប៉ះ​ជាមួយនឹង​រថយន្ត​មួយ​គ្រឿង ហើយ​ក៏​ព្យាយាម​បើក​គេចខ្លួន ។ លុះ​បើក​រត់គេច​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​ផ្លូវ​មាន​សភាព​ចង្អៀត​ហើយ​ឃើញ​ផ្លូវ​បញ្ច្រាស​ទំនងជា​ទូលាយ​អាច​បើក​គេច​បាន​ទើប​បុរស​រូប​នោះ ក៏​បាន​បើករថយន្ត​ឆ្លង​ទៅ​ម្ខាង​ដែល​ជា​ផ្លូវ​បញ្ច្រាសទិស​ក្នុង​បំណង​ព្យាយាម​បើក​គេចខ្លួន​ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​បាន​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ជា​ច្រើន​គ្រឿង និង​មនុស្ស​ជា​ច្រើន​នាក់​បណ្តាល​ឱ្យ​ស្លាប់ និង​រង​របួស​រដូករណែល​ពេញ​ផ្លូវ​តែ​ម្តង ។ ភ្លាម​ៗ​នោះ​រថយន្ត​និង​អ្នកបើកបរ ត្រូវ​បាន​ក្រុម​អ្នក​ធ្វើ​ចរាចរណ៍​មិនដឹង​អ្នក​ណាខ្លះ​ទេ យ៉ាងច្រើន​នាំ​គ្នា​ធ្វើការ​ឡោម​ព័ទ្ធ​ដេញចាប់​ឃាត់​បាន ដោយ​អ្នកខ្លះ​បាន​នាំ​គ្នា​ចោមរោម​វាយដំ​ទៅ​លើ​អ្នកបើកបរ​រូប​នោះ ដូច​ទឹកបាក់​ទំនប់ បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ហើយ​កុំ​តែ​មានការ​រារាំង​អំពី​សំណាក់​កម្លាំង​មាន​សមត្ថកិច្ច​ជា​ច្រើន​នាក់​នោះ ម្លេះ​នឹង​ឈាន​ទៅ​ដល់​ការ​ស្លាប់​បាត់បង់​ជិ​វិត​ដោយសារ​តុលាការ​លើ​ដងផ្លូវ​មិន​ខាន​ឡើយ ៕