យោងតាម YONHAP ថា កាសែត CHINA PRESS ជាកាសែតភាសាចិនមួយនៅម៉ាឡេស៊ី រាយការណ៍កាលពីថ្ងៃទី២៧ មីនា ថា ប្រទេសម៉ាឡេស៊ី អាចយល់ព្រមប្រគល់សពលោកគីម ជុងណាម ឱ្យកូរ៉េខាងជើងជាថ្នូរនឹងការធ្វើមាតុភូមិនិវត្ដន៍របស់ជនជាតិម៉ាឡេស៊ីដែលបង្ខាំងទុកនៅកូរ៉េខាងជើង ។
ម៉ាឡេស៊ី ក៏អាចយល់ព្រមអនុញ្ញាតឱ្យជនជាតិកូរ៉េខាងជើង៣នាក់ ជាប់សង្ស័យក្នុងការធ្វើឃាតលោកគឹម ជុងណាម ចាកចេញពីប្រទេសដែរ ។ ម៉ាឡេស៊ី អាចប្រគល់សពនោះដែលពុំទាន់បូជាឱ្យដល់បណ្ដាមន្ដ្រីកូរ៉េខាងជើងដោយឆាប់បំផុត ។ ម៉ាឡេស៊ី នៅពុំទាន់ចេញការប្រកាសផ្លូវការពីរឿងនោះនៅឡើយ ។
លោកគីម ជុនណាម ត្រូវគេធ្វើឃាតកាលពីថ្ងៃទី១៣ កុម្ភៈ នៅព្រលានយន្ដហោះទីក្រុងកូឡាឡាំពួរ ក្នុងការវាយប្រហារដោយសារធាតុពុល VX ពីសំណាក់នារី២នាក់ ។
ក្រសួងការបរទេសកូរ៉េខាងជើង ប្រកាសកាលពីដើមខែមីនាថា ខ្លួននឹងមិនអនុញ្ញាតឱ្យជនជាតិម៉ាឡេស៊ីនៅកូរ៉េខាងជើងចាកចេញពីប្រទេសនោះឡើយ បើសន្ដិសុខរបស់បណ្ដាអ្នកការទូតកូរ៉េខាងជើង និងបណ្ដាពលរដ្ឋខ្លួននៅម៉ាឡេស៊ីពុំត្រូវបានធានាទេនោះ ៕
ចែករំលែកព័តមាននេះ