ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សំ សិរី​រតន៍ ផ្តល់​រូបចម្លាក់​គោ​ជា​ចំណងដៃ​ក្នុង​ខេត្តស្វាយរៀង

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ លោក សំ សិរី​រតន៍ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ផ្តល់​រូប​គោ​ធ្វើ​ពី​ថ្មភក់​ទម្ងន់​៧​តោន​ជា​ចំណងដៃ ជូន​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​។

ខេត្តស្វាយរៀង ៖ លោក សំ សិរី​រតន៍ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ផ្តល់​រូប​គោ​ធ្វើ​ពី​ថ្មភក់​ទម្ងន់​៧​តោន​ជា​ចំណងដៃ ជូន​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​។ ការ​ផ្តល់​រូប​គោ និង​រៀបចំ​ដាក់​រូប​គោ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក ដល់​ម៉ោង​៤​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៧ មីនា​២០១៧ នៅ​ចំណុច​សួន​ច្រមុះជ្រូក ជាប់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​ថ្មី​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ដឹកនាំ​ក្រុមការងារ​ដោយ​លោក សំ ប៊ុ​ណ្ណា​រិ​ន អភិបាលរង​ខេត្ត និង​ប្រធាន​អនុប្រធាន​មន្ទីរ​នានា ជា​ច្រើន​រូប​ផង​ដែរ​។

បើ​តាម​លោក មា​ក ឆ​សុ​វ​ណ្ណា​រុន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន មាន​ប្រសាសន៍​ថា ចម្លាក់​រូប​គោមួយ​នេះ​គឺជា​អំណោយ​របស់​ឯកឧត្តម សំ សិរី​រតន៍ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ផ្តល់​ជា​ចំណងដៃ​ជូន​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង ដើម្បី​ដាក់​លម្អ​សួន និង​សម្រាប់​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​១ ពី​ក្រុង​បា​វិត​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ មក​ដល់​សួន​ច្រមុះជ្រូក​នេះ​បាន​ទស្សនា និង​បានឃើញ​រូប​គោ​នេះ គឺ​ដឹង​ថា​ដល់​ក្រុង​ស្វាយ​រៀង​ហើយ​។

លោក មា​ក ឆ​សុ​វ​ណ្ណា​រុន បាន​បន្ត​ទៀត​ថា ខេត្តស្វាយរៀង​គឺ មាន​រូប​គោ​ជា​តំណាង​ឲ្យ​ខេត្ត បើ​យើង​ធ្វើ​ដំណើរ​មក​ពី​រាជធានី​ភ្នំពេញ យើង​មាន​រង្វង់​មូល​រូប​គោ ដែល​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ខាងលិច​ក្រុង​ស្វាយ​រៀង​មុន​នឹង​ចូល​ក្រុង​ស្វាយ​រៀង​ទើប​ម្ចាស់​អំណោយ​ផ្តល់​រូប​គោ ដាក់​នៅ​ខាងកើត​ក្រុង​ស្វាយ​រៀង​ដើម្បី​ស្វាគមន៍​ភ្ញៀវ​មក​ពី​ក្រុង​បា​វិត​ឆ្លងកាត់​ក្រុង​ស្វាយ​រៀង​បានដឹង​។ សូម​បញ្ជាក់​រូប​គោ​នេះ​បានជា​វយ​កមក​ពី​ភ្នំ​ខេត្តព្រះវិហារ និង​បាន​ដឹក​យក​មក​ឲ្យ​ជាងចម្លាក់ ដាប់​ឆ្លាក់​នៅ​ស្រុក​ស​ន្ទុ​ក​ខេត្តកំពង់ធំ កសាង​រូប​គោមួយ​នេះ​អស់​រយៈពេល​ជិត​៣​ខែ គឺ​ចាប់ផ្តើម​កសាង​ពី​ថ្ងៃ​១​មក​រា​២០៧ ដល់​ថ្ងៃ​ទី​២៥ មីនា ២០១៧ និង​បាន​ដឹក​មក​ដល់​ខេត្តស្វាយរៀង​នៅ​ថ្ងៃ​ទី​២៧ មីនា​នេះ​។

លោក សំ ប៊ុ​ណ្ណា​រិ​ន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​តំណាង​ឲ្យ​លោក ម៉ែ​ន​វិបុល អភិបាលខេត្ត បាន​ថ្លែង​អរគុណ​ដល់​ឯកឧត្តម សំ សិរី​រតន៍ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ផ្តល់​អំណោយ​រូប​គោ ជា​ចំណងដៃ ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​សូម​ជូនពរ​សូម​ឯកឧត្តម និង​លោក​ជំទាវ​ព្រមទាំង​បុត្រ ទទួល​បាន​នូវ​ពុទ្ធ​ពរ​បួន​ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕