ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លាក់​បាយ័ន​បង្ហាញ​ទ័ព​ចិន​ជួយ​ច្បាំង​ទ័ព​ខ្មែរ​ឈ្នះ​ទ័ព​ចាម

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ វត្តមាន​ទ័ព​ចិន​ក្នុង​ជួរ​ទ័ព​ខ្មែរ​នៃ​ជ័យជម្នះ​លើ​កងទ័ព​ចាម​នៅ​លើ​ចម្លាក់ ប្រាសាទបាយ័ន​ត្រង់​ថែវ​ខាងក្រៅ នា​ទិស​ខាងកើត មាន​ទិដ្ឋភាព​ដ៏​ធំ​ពីរ​ផ្ទាំង​ជាប់​គ្នា ដែល​រៀបរាប់​អំពី​ជ័យជម្នះ​ដ៏​អស្ចារ្យ​

ខេត្តសៀមរាប ៖ វត្តមាន​ទ័ព​ចិន​ក្នុង​ជួរ​ទ័ព​ខ្មែរ​នៃ​ជ័យជម្នះ​លើ​កងទ័ព​ចាម​នៅ​លើ​ចម្លាក់ ប្រាសាទបាយ័ន​ត្រង់​ថែវ​ខាងក្រៅ នា​ទិស​ខាងកើត មាន​ទិដ្ឋភាព​ដ៏​ធំ​ពីរ​ផ្ទាំង​ជាប់​គ្នា ដែល​រៀបរាប់​អំពី​ជ័យជម្នះ​ដ៏​អស្ចារ្យ​នៃ​កងទ័ព​ខ្មែរ លើ​កងទ័ព​ចាម​ដែល​បាន​ឈ្លានពាន​ចូល​គ្រប់គ្រង​នគរ​ខ្មែរ តាំងពី​ឆ្នាំ​១១៧៧​មក ។

ទិដ្ឋភាព​នេះ​មិន​ថា​ទេសចរ​ខ្មែរ ឬ​បរទេស​ទេ គឺ​បានដឹង​បាន ឮជា​ទូទៅ ព្រោះ​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​មុន​ការ​ចាប់ផ្តើម​ឡើង​គ្រងរាជ្យ​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​ជា​ព្រះ​មហា​ក្ស​ត្ស​ខ្មែរ​ដ៏​ល្បីល្បាញ​ទាំង​គុណធម៌ និង​ស្នា​ព្រះ​ហ​ស្ថ​បន្សល់​ទុក​រហូត​ដល់​សព្វថ្ងៃ ។

បើ​មើល​ឱ្យ​លម្អិត​លើស​ពី​ធម្មតា​បន្តិច យើង​នឹង​ឃើញ​កងទ័ព និង​មេទ័ព​មួយ​ចំនួន​មាន​ឯកសណ្ឋាន​ខុស​ពី​កងទ័ព​ខ្មែរ បម្រើ​ការ​នៅ​ខាង​ទ័ព​ខ្មែរ ។ កងទ័ព​នោះ​គឺជា​កងទ័ព​ចិន​ដែល​មក​ជួយ​ច្បាំង​ខ្មែរ​ក្នុង​ចម្បាំង​នឹង​នគរ​ចាម ។

ហេតុ​អ្វី​មាន​វត្តមាន​ទ័ព​ចិន​មក​ជួយ​ខ្មែរ​នៅ​ពេល​នោះ ?
លោក​អុ​ឹ​ម សុខ​រិ​ទ្ធី អ្នក​ស្រាវជ្រាវ និង​ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ពន្យល់​ថា នា​សតវត្ស​ទី​១២​រាជវង្ស​សុង ដែល​គ្រប់គ្រង​នគរ​ចិន ត្រូវ​ដួលរ​លំដោយ​កងទ័ព​សេះ​របស់​ម៉ុង​ហ្គោ​លី ។ កងទ័ព​ចិន​ដែល​នៅ​តំបន់ ឆ្ងាយ​ៗ​បាន​បែកខ្ញែក​គ្នា រត់គេច​ពី​ចម្បាំង​ចាញ់ ។

ទ័ព​ខ្លះ​ក៏​ចេញ​ដើរ​ច្បាំង ដើម្បី​បន្ត​ជីវភាព​រស់នៅ​ទៀត ។ ទេសកាល​នេះ​ហើយ ដែល​នាំ​ឱ្យ​មាន​ជា​ទ័ព​ស៊ីឈ្នួល​នៅ​តាម​ប្រទេស​ខ្លះ មាននៅ​ប្រទេស​ខ្មែរ​ជាដើម ។ ក្រុម​កងទ័ព​ស៊ីឈ្នួល​ចិន​មួយ​ក្រុម​បាន​ធ្វើ​ចម្បាំង​ជួយ​ខ្មែរ​តទល់​នឹង​ទ័ព​ចាម​ផង​ដែរ ។

អ្នក​ស្រាវជ្រាវ​រូប​នេះ​ក៏​បាន​បញ្ជាក់​អំពី​ការ​ឆ្លង​គ្នា​នៃ​ទំនៀមទម្លាប់​ជិះសេះ​ធ្វើសង្គ្រាម​របស់​ព្រះមហាក្សត្រ​ខ្មែរ​ដែល​មាន​ក្នុង​ចម្លាក់​នេះ ។

លោក​អ៊ឹ​ម សុខ​រិ​ទ្ធី បញ្ជាក់​ថា មុន​វត្តមាន​កងទ័ព​ចិន​ចូល​មក ព្រះមហាក្សត្រ​ពុំដែល​គង់​ប្រថាប់​លើ​ខ្នង​សេះ​ក្នុង​ការ​ចេញ​ច្បាំង​នោះ​ទេ គឺ​គង់​ប្រថាប់​តែ​លើ​ខ្នង​ដំរី​ប៉ុណ្ណោះ ។ ដូច​គ្នា​ដែរ មេទ័ព​ចិន​មួយ​ចំនួន​ក៏​រៀន​ជិះ​ដំរី​ធ្វើសង្គ្រាម​តាម​ខ្មែរ​ដែរ ព្រោះ​នៅ​ប្រទេស​ចិន​ពុំ​មាន​ដំរី​ចម្បាំង​សម្រាប់​ជិះ​ធ្វើសង្គ្រាម​ទេ ៕