ទីក្រុងឡុងដ៍ ៖ វិស័យទេសចរណ៍នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស អាចនឹងធ្លាក់ក្រោមសម្ពាធ បន្ទាប់ពីមានការវាយប្រហារភេរវកម្មនៅកណ្តាលទីក្រុងមួយនេះ ។
ជនដៃដល់ជនជាតិអង់គ្លេសបានបើករថយន្តមួយគ្រឿងទៅបុកអ្នកធ្វើដំណើរថ្មើរជើងកាលពីថ្ងៃពុធ សប្ដាហ៍មុន នៅលើស្ពាន Westminster ហើយបានចាក់ប៉ូលិសក្នុងសភាចក្រភពអង់គ្លេសផងដែរ ។ ក្នុងហេតុការណ៍នោះ មានមនុស្ស៣នាក់បានបាត់បង់ជីវិត រួមជាមួយភ្ញៀវទេសចរជនជាតិអាមេរិកម្នាក់ផងដែរ ។ ទោះបីយ៉ាងណា ជនដៃដល់នោះ ក៏បានបាត់បង់ជីវិតផងដែរ ។
អ្នករងរបួសរួមមាន ប្រជាជនមកពីប្រទេសបារាំង រ៉ូមានី អូស្ត្រាលី កូរ៉េខាងត្បូង អាល្លឺម៉ង់ ប៉ូឡូញ អៀរឡង់ ចិន អីុតាលី និងក្រិក ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុម ISIS បានអះអាងថា ខ្លួនជាអ្នកដឹកនាំការវាយប្រហារ។ ហេតុការណ៍នេះបានកើតឡើងក្នុងតំបន់ទាក់ទាញភ្ញៀវទេសចរយ៉ាងសំខាន់មួយនៅទីក្រុងឡុងដ៍ ។
ការវាយប្រហារនេះអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍របស់ទីក្រុងឡុងដ៍ ជាពិសេស ក្នុងរដូវកាលវិស្សមកាលខាងមុខ ។ រាជរដ្ឋធានីនេះបានទទួលភ្ញៀវទេសចរមកពីជុំវិញពិភពលោកដល់ទៅ២០លាននាក់ក្នុងមួយឆ្នាំ និងជាទីក្រុងដែលមានភ្ញៀវទេសចរមកទស្សនាច្រើនជាងគេបំផុតលើពិភពលោក ។
អ្នកធ្វើដំណើរមួយចំនួនពេលនេះអាចនឹងសម្រេចថា ចាំមើលសភាពការណ៍ជាមុនសិន ទើបទិញសំបុត្រយន្តហោះទៅកាន់ទីក្រុងឡុងដ៍ ខណៈដែលអ្នកធ្វើដំណើរដទៃទៀត អាចនឹងបញ្ឈប់ការធ្វើដំណើររបស់ពួកគេតែម្តង ដោយសារតែបារម្ភពីសុវត្ថិភាពរបស់ពួកគេ ។
លោក Olivier Jager នាយកប្រតិបត្តិរបស់ ForwardKeys និយាយថា ៖ « ខ្ញុំគិតថា ពួកយើងនឹងមើលឃើញស្ថានភាពជាក់ស្តែង និងគួរឲ្យយោគយល់អ្នកធ្វើដំណើរដែលផ្លាស់ប្តូរផែនការធ្វើដំណើររបស់ពួកគេ » ។
យោងតាម Mastercard ឲ្យដឹងថា ការចំណាយរបស់ភ្ញៀវទេសចរក្នុងទីក្រុងឡុងដ៍បានកើនឡើងយ៉ាងលឿនកាលពីឆ្នាំមុន គឺច្រើនជាង៧%ទៅទៀត មកស្មើ២០ប៊ីលានដុល្លារក្នុងឆ្នាំ២០១៦ ។
វិស័យនេះបានទទួលអត្ថប្រយោជន៍ពីការធ្លាក់ចុះនៃតម្លៃប្រាក់ផោន ដែលជាលទ្ធផលនៃការបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុបកាលពីខែមិថុនា ។ វាបានធ្វើឲ្យការធ្វើដំណើរកម្សាន្តមានតម្លៃទាបសម្រាប់ភ្ញៀវបរទេស ។
យោងតាម U.K. Tourism Alliance ឲ្យដឹងដែរថា វិស័យទេសចរណ៍បានជួយបង្កើតការងារប្រមាណ៥០ម៉ឺនក្នុងរដ្ឋធានីនេះ ៕
ចែករំលែកព័តមាននេះ