ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុម​ជនជាតិ​ចិន ជំរិត​ទារប្រាក់​20​ម៉ឺន​ដុល្លារ បង្ខាំង​ចំណាប់ខ្មាំង​ក្នុង​សណ្ឋាគារ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​នាយកដ្នា​ន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កម្លាំង​វរៈ​ការពារ​ព្រំដែន​លេខ​៩១១

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​នាយកដ្នា​ន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កម្លាំង​វរៈ​ការពារ​ព្រំដែន​លេខ​៩១១ ដោយ​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា បាន​បង្ក្រាប​ករណី​ជនជាតិ​ចិន​ចាប់​បង្ខាំង​ជំរិត​ទារប្រាក់​ពី​ជនជាតិ​ដូច​គ្នា នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ប៉ោយ​បែ​ត ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យដែល​សមត្ថកិច្ច​ចាប់ខ្លួន​មាន​៤​នាក់ គឺ​ប្រុស​៣​នាក់ និង​ស្ត្រី​ម្នាក់ ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​រំដោះ​ជន​រង​គ្រោះ​ដែល​ជនសង្ស័យ​ចាប់​យក​ទៅ​បង្ខាំង​ទុក​ដើម្បី​ជំរិត​ទារប្រាក់​ផង​ដែរ ។

ប្រភព​ព័ត៌មាន​បន្ត​ថា កាលពី​ថ្ងៃ​ទី​៦ ខែមីនា កន្លង​ទៅ មាន​ស្ត្រីជន​ជាតិចិន​ម្នាក់ ត្រូវ​ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​អន្ទង​ឲ្យ​មក​លេង​នៅ​ស្រុក​ខ្មែរ ។ លុះ​ពេល​ជន​រង​គ្រោះ​មក​ដល់ ពួក​គេ​បាន​បបួល​នាង​ទៅ​លេងល្បែង​ស៊ីសង​នៅ​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​ត ចាញ់​អស់ប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ក្រោយ​ពី​ចាញ់ល្បែង​អស់ប្រាក់​ហើយ ក្រុម​ជនសង្ស័យ​បាន​បង្ខាំង​ជន​រង​គ្រោះ​ទុក​នៅ​ក្នុង​សណ្ឋាគារ ។ ពេល​មួយ​នោះ ប្តី​នាង​បាន​ឆាត (Chat)​តាម​ហ្វេ​ស​ប៊ុ​ក​ទាក់ទង​ចុះឡើង ហើយ​ត្រូវ​ជនសង្ស័យ​គំរាម​ទារប្រាក់​ជាង​២០​ម៉ឺន​ដុល្លារជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ស្ត្រី​ជា​ប្រពន្ធ​វិញ ។ នៅ​ពេល​ដឹង​ថា​ប្រពន្ធ​បាន​ធ្លាក់​ក្នុង​អន្ទាក់​ក្រុម​ជន​ចាប់ជំរិត​ភ្លាម បុរស​ជា​ប្តី​បាន​ធ្វើ​ដំណើរ​មក​ស្រុក​ខ្មែរ ហើយ​ក៏​បាន​ទាក់ទង​តាម​លំដាប់លំដោយ​ទៅ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា បន្ទាប់​ពី​មានពាក្យបណ្តឹង​របស់​បុរស​ជា​ប្តី​ជន​រង​គ្រោះ លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​បទបញ្ជា​ទៅ​អគ្គស្នងការ​រង​ទទួល​ការងារ​ព្រហ្មទណ្ឌ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌ និង​ទៅ​លោក​ឧត្តមសេនីយ៍ឯក សុខ ខេ​ម​រិ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឲ្យ​ប្រើប្រាស់​កម្លាំង​ជំនាញ​ចុះ​ទៅ​ជា​បន្ទាន់​ដើម្បី​ក្រសោប​ជនសង្ស័យ និង​រំដោះ​ជន​រង​គ្រោះ ។

ពេល​នោះ​លោក​ឧត្តមសេនីយ៍ទោ ង៉េ​ង ជួរ អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កងកម្លាំង ជាមួយ​លោក​វរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ទៅ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដូច​បាន​រៀបរាប់​ខាងលើ ពិសេស​កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៩១១ ដែល​មាន​លោក​វរសេនីយ៍ឯក សូ ចាន់​ណា​រី ជា​ប្រធាន​អង្គភាព​ជួយ​សម្រួល​និង​ការពារ​ក្នុង​រង្វង់​កិច្ចសហការ​ចាប់​ជនសង្ស័យ រួម​ទាំង​រំដោះ​ជន​រង​គ្រោះ​។ ក្រោយ​ពី​ចាប់​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ។

នៅ​ថ្ងៃ​ទី​២៥ ខែមីនា សមត្ថកិច្ច​បាន​សាកសួរ​ជនសង្ស័យ និង​ស្តាប់​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​។ ជនសង្ស័យ​ទាំង​៤​នាក់​នេះ​មាន ៖
១-​ឈ្មោះ SUN TAO ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជន​នេះ​ជា​មេខ្លោង​រៀបចំ​គម្រោង​ចាប់​បង្ខាំង​ជន​រង​គ្រោះ​ដើម្បី​ជំរិត​ទារប្រាក់
២-​ឈ្មោះ WANG ZUCHAO ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ
៣-​ឈ្មោះ ZHU LiULiN ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ២​នាក់​ក្រោយ​នេះ​ជា​អ្នកយាម​មុខបន្ទប់​បង្ខាំង​ជន​រង​គ្រោះ និង
៤-​ឈ្មោះ CHENG AiZHEN ភេទ​ស្រី អាយុ​៦២​ឆ្នាំ ជា​អ្នក​នៅ​ជាមួយ​ជន​រង​គ្រោះ ដើម្បី​ផ្គត់ផ្គង់​បាយ​ទឹក ។
ចំណែក​ជន​រង​គ្រោះ​ឈ្មោះ YANG FANG  អាយុ​៣៨​ឆ្នាំ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ពេល​ចាប់​បង្ខាំង​ជន​រង​គ្រោះ​នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​កា​សុ​ី​ណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​រួច​ហើយ ក្រុម​ជនសង្ស័យ​បាន​គំរាម​ទៅ​ប្តី​ជន​រង​គ្រោះ​ទារប្រាក់​ចំនួន​២​លាន​យ៉េន ស្មើនឹង​ជាង​២០​ម៉ឺន​ដុល្លារ ។ ប៉ុន្តែ​ក្រោយ​ពេល​ប្តី​ស្ត្រី​រង​គ្រោះ​ដាក់​លុយ​ចូល​គណនី​ធនាគារ​ហើយ ជនសង្ស័យ​មិន​បាន​ដោះ​លែង​ជន​រង​គ្រោះ​ទេ ថែម​ទាំង​គំរាម​ទារប្រាក់​២០​មុ​ឺ​ន​ដុល្លារ​ទៀត ។ ចំណុច​នេះ​ហើយ​បានជា​ប្តី​ស្ត្រី​រង​គ្រោះ​ជិះ​យន្តហោះ​ពី​ប្រទេស​ចិន មក​ប្តឹង​សមត្ថកិច្ច​នៅ​កម្ពុជា ហើយ​សមត្ថកិច្ច​ក៏​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​បង្ក្រាប​បាន​ជនសង្ស័យ​ទាំង​៤​នាក់ ព្រមទាំង​រំដោះ​ជន​រង​គ្រោះ​ផង​ដែរ ។ ក្រុម​ជនសង្ស័យ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ៕