ខេត្ដស្ទឹងត្រែង ៖ កម្មវិធីប្រកួតកីឡាទាំង១១ប្រភេទ លើកទី៣ នៅខេត្តស្ទឹងត្រែងដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយសាលាខេត្តស្ទឹងត្រែងចាប់តាំងពីថ្ងៃទី២៤ មីនា កន្លងមកនេះ បានបញ្ចប់ជាស្ថាពរហើយកាលពីព្រឹកថ្ងៃទី២៦ មីនា ។
បើតាមការឱ្យដឹងពីមន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថា កីឡាទាំង១១ប្រភេទ ពេលដល់ថ្ងៃប្រកួតមែនទែនមានតែ៧ប្រភេទកីឡាប៉ុណ្ណោះដែលមានមុខចូលរួមប្រកួត ក្នុងនោះមានបាល់ទាត់ បាល់ទះ ល្បុក្កតោ រត់ប្រណាំង ប្រណាំងកង់ ទាញព្រ័ត្រនិងប្រដាល់ក្បាច់បូរាណខ្មែរ ហើយកីឡាដែលធ្វើឱ្យមានការចាប់អារម្មណ៍បំផុតពីសំណាក់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងនោះគឺប្រដាល់ក្បាច់គុនបុរាណខ្មែរ និងរត់ប្រណាំង ព្រោះការប្រកួតរត់ប្រណាំងនៅថ្ងៃដំបូងមានកុមារា-កុមារីមកចូលរួមរត់យ៉ាងច្រើនកុះករ ។ រីឯប្រដាល់ក្បាច់គុនបុរាណខ្មែរ ក៏មានអ្នកមកចូលទស្សនាស្ទើរតែរកកន្លែងអង្គុយមិនបានផង ។ មន្ត្រីដដែលនោះបានឱ្យដឹងទៀតថា ខេត្តស្ទឹងត្រែង ជាខេត្តឆ្ងាយដាច់ស្រយាលមិនដែលមានអ្នកណារៀបចំកម្មវិធីប្រកួតកីឡាប្រដាល់ទៅដល់ទីនោះឡើយ ដូច្នេះកម្មវិធីមួយនេះមានការប្លែកភ្នែក និងចាប់អារម្មណ៍បំផុត ។ ចំណែកប្រភេទកីឡាផ្សេងទៀតក៏មានការចាប់អារម្មណ៍ណាស់ដែរហើយត្រូវបានគេវាយតម្លៃថា កម្មវិធីបុណ្យទន្លេលើកនេះទទួលបានជោគជ័យយ៉ាងខ្លាំង ។ ដោយឡែកនៅថ្ងៃបញ្ចប់កម្មវិធីមានការប្រកួតបាល់ទាត់ក្នុងសាល និងការប្រកួតបាល់ទះបុរស-នារី ហើយក៏មានក្រុមកីឡាមកពីឡាវចូលរួមប្រកួតផងដែរ ។
ចំពោះលទ្ធផលប្រកួតកីឡាបាល់ទាត់ក្នុងសាលផ្នែកបុរស លេខ១បានទៅលើក្រុម Sand Syone FC លេខ២ បានទៅលើក្រុមវិទ្យាល័យព្រះរាជបូជនីយកិច្ច និងលេខ៣បានទៅលើក្រុមនគរបាលវរការពារព្រំដែនលេខ៧០១ ។ ផ្នែកនារី លេខ១បានទៅលើក្រុមក្រុងស្ទឹងត្រែង លេខ២បានទៅលើក្រុមសាមឃួយរបស់ឡាវ និងលេខ៣បានទៅលើក្រុមស្រុកសេសាន ។
ចំណែកបាល់ទះផ្នែកបុរស លេខ១បានទៅលើក្រុមមន្ទីរអប់រំខេត្តស្ទឹងត្រែង លេខ២បានទៅលើក្រុមសាលាខេត្តស្ទឹងត្រែង និងលេខ៣បានទៅលើក្រុមវិទ្យាល័យព្រះរាជបូជនីយកិច្ច ។
ផ្នែកនារី លេខ១បានទៅលើក្រុមស្រុកស្រែក្រសាំង លេខ២បានទៅលើក្រុមស្រុកសេសាន និងលេខ៣បានទៅលើក្រុមថាឡាបូរីវ៉ាត់ ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ពិធីបុណ្យទន្លេឆ្នាំនេះមិនខុសពីឆ្នាំមុនៗប៉ុន្មានឡើយ គឺមានមហាជនមកចូលរួមអបអរយ៉ាងច្រើនកុះករ ដែលជាហេតុធ្វើឱ្យសកម្មភាពនៃការប្រកួតកីឡាកាន់តែមានភាពអធិកអធមក្រៃលែង ។ លោកថា ជាមួយនឹងការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មហាជន គឺជាជោគជ័យមួយក្នុងផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ក្នុងការបំផុសប្រជាពលរដ្ឋឱ្យចូលរួមលេងកីឡា ដើម្បីជំរុញផែនការមេត្រៀមប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លោកបានឱ្យដឹងទៀតថា កម្មវិធីប្រកួតកីឡាបុណ្យទន្លេដែលបានធ្វើឡើងជារៀងរាល់ឆ្នាំមកនេះក្រៅពីដើម្បីបំផុសឱ្យមានការចូលរួមលេងកីឡាក៏ជាការចូលរួមបំផុសវិស័យទេសចរណ៍នៅកម្ពុជាឱ្យបរទេសបានស្គាល់កាន់តែច្រើនថែមទៀត ។ មិនតែប៉ុណ្ណោះបុណ្យទន្លេមិនត្រឹមតែមានការប្រកួតកីឡានោះទេថែមទាំងមានការដាក់តាំងលក់ផលិតផលរបស់ខ្មែរយើងទៀតផង ៕
ចែករំលែកព័តមាននេះ