ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​នារី​ស្រស់​ស្អាត​ម្នាក់ កំពុង​រង់ចាំ​ឆ្លងផ្លូវ ស្រាប់តែ​រថយន្ត​បោះពួយ​យ៉ាង​លឿន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ក្រដាស់កាតុង​១​គ្រឿង របស់​រោងចក្រ «​ហា​តា​» បាន​បើកបរ​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿង ហើយ​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ជ្រុល​ទៅ​បុក​រះ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ក្រដាស់កាតុង​១​គ្រឿង របស់​រោងចក្រ «​ហា​តា​» បាន​បើកបរ​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿង ហើយ​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង ដែល​កំពុង​ចត​នៅ​ស្ងៀម​នៅ​មុខ​ផ្ទះ​លក់​ឥ​វ៉ា​ន់​ចាប់ហួយ​មួយ​កន្លែង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​។ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​នោះ​មាន​គ្រោះថ្នាក់​នោះ​ឡើយ បន្ទាប់​មក​រថយន្ត​បង្ក​នេះ នៅ​តែ​មិន​ព្រម​ឈប់​ស្ងៀម​ទៀត ក៏​ជ្រុល​បន្ត​ទៅ​បុក​នារី​កម្មការិនី​រោងចក្រ​ម្នាក់ ដែល​កំពុង​ឈរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​រុញ​ផ្ទប់​ជាមួយ​បង្គោល​ភ្លើង​១​ដើម ដែល​ស្ថិត​នៅ​ក្បែរ​នោះ​ទៀត​។ បណ្ដាល​ឲ្យ​នាងរង​របួស​ដាច់​ជើង​ម្ខាង​ត្រឹម​ភ្លៅ និង​បាក់ដៃ​ឆ្វេង​ដេក​សន្លប់​ស្ដូកស្ដឹង​នៅ​នឹង​មុខ​រថយន្ត​បង្ក​នោះ​តែ​ម្តង​។ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​បង្ក​ប្រុង​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន និង​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​កន្ទោក​។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

រថយន្ត​បង្ក​នោះ​ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-5550 ចំណុះ​៥​តោន ជា​រថយន្ត​ដឹក​ក្រដាសកាតុង​របស់​ក្រុមហ៊ុនកាត់ដេរ « ហា​តា​» បើកបរ​ដោយ​ឈ្មោះ ផ​ន សុផល អាយុ​៣០​ឆ្នាំ មុខរបរ​បើករថយន្ត​ឲ្យ​ក្រុមហ៊ុន​ខាងលើ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​អារក្ស ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ដោយឡែក​នារី​រង​គ្រោះ​ឈ្មោះ ធន ណ​យ អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ យីហោ «​ស៊ូ​មិ​» នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​ភូមិ​អណ្តូង​ត្រាច ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ចំណែក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដែល​ត្រូវ​រថយន្ត​បុក បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ដែរ​នោះ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CY-0276  អ្នក​បើ​បរ​មិន​ស្គាល់ឈ្មោះ​ឡើយ​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បានឃើញ​រថយន្ត​បង្ក​នោះ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​មាន​សភាព​រេ​ចុះឡើង​ៗ ដែល​មិនដឹង​ថា មាន​បញ្ហា​អ្វី​នោះ​ឡើយ​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ និង​បាន​បុក​រះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង ដែល​ម្ចាស់​ចត​ទុក​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​បេតុង​ខាងលើ​មុខ​កន្លែង​លក់​ចាប់ហួយ​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​នោះ​ខូចខាត​យ៉ាងដំណំ បន្ទាប់​មក​រថយន្ត​បង្ក​នោះ​បាន​ជ្រុល​ទៅ​បុក​ស្ត្រី​រង​គ្រោះ​ដែល​កំពុង​ឈរ​ជិត​បង្គោល​ភ្លើង​១​ដើម រង់ចាំ​ឆ្លងផ្លូវ​ទៅ​ទិញ​ម្ហូប​ហូប​បាយ​ថ្ងៃត្រង់​យ៉ាង​ពេញទំហឹង​ទៀត និង​បាន​រុញ​ផ្ទប់​បង្គោល​នោះ បណ្ដាល​ឲ្យ​នាងរង​គ្រោះ​ដាច់​ជើង​ម្ខាង​ខាងស្តាំ​ត្រឹម​ភ្លៅ និង​បាក់ដៃ​ឆ្វេង​ម្ខាង​ផង​ដែរ ព្រមទាំង​បណ្ដាល​ឲ្យ​បាក់​បង្គោល​នោះ​ដួល​សង្កត់ជាប់​ក្បាល​រថយន្ត​នោះ​តែ​ម្តង ។ មិនតែប៉ុណ្ណោះ​រថយន្ត​ខាងលើ​ក៏​បាន​រង​ការ​ខូចខាត​ក្រពឹត​រួញ​មុខ និង​បាន​បង្ក​ឲ្យ​ខូចខាត​សំ​យ៉ាប​ផ្ទះ​មួយ​ខ្នង​ដែល​នៅ​ជាប់​បង្គោល​ភ្លើង​នោះ​ថែម​ទៀត​ផង​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​កម្មការិនី​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ហើយ​ខណៈនោះ​ចាត់ទុកជា​សំណាង​ផង​ដែរ ដែល​មាន​ប្រអប់​ត្រង់​ហ្វូ និង​កាប៊ី​ន​ភ្លើង​នៅ​ជាប់​នោះ​ជា​ច្រើន ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​ទុ​ស្សេ​ចរន្ត​ភ្លើង ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ឆាបឆេះ​នោះ​ទេ ប្រសិនបើ​ទុ​ស្សេ​វិញ ប្រាកដជា​ត្រូវ​ឆាបឆេះ​ពលរដ្ឋ  និង​មាន​មហន្តរាយ​កើតឡើង​ធំ​ជាក់​ជា​មិន​ខាន​ឡើយ​។

បន្ទាប់​ពី​បើក​បុក​រះ​ច្រើន​តង់​បែប​នេះ ទើប​រថយន្ត​បង្ក​នោះ​ឈប់​ស្ងៀម ហើយ​អ្នកបើកបរ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន រួច​ប្រគល់​ទៅ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​កន្ទោក សាកសួរ​មួយ​ជំហាន ក្រោយមក​ក៏​បាន​បញ្ជូន​បន្ត​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់៕