ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​បង្ក្រាប​ក្រុម​ចោរប្លន់​កក្រើក​នៅ​ខេត្តកំពត​និង​ខេត្តកំពង់ស្ពឺ

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ចោរប្លន់​ម៉ូតូ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ប្លន់​នៅ​តាម​បណ្តា​ខេត្ត​នានា​ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពត និង​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ​

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ចោរប្លន់​ម៉ូតូ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ប្លន់​នៅ​តាម​បណ្តា​ខេត្ត​នានា​ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពត និង​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ​សហការ​ជាមួយ​កម្លាំង​នគរ បាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​25 ខែមីនា ឆ្នាំ​2017 កន្លង​ទៅ​នេះ​បាន​បើក​ប្រតិបត្តិការ​តាម​បង្ក្រាប​ក្រុម​ចោរប្លន់​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​បាន​ចំនួន​២​នាក់ ។ ការ​បង្ក្រាប​ក្រុម​ចោរប្លន់​ពី​សំណាក់​នគរបាល​ទាំងនេះ​បន្ទាប់​ពី​ជនសង្ស័យ​បាន​ប្លន់​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​មួយ​គ្រឿង​នៅ​ភូមិ​តា​យុង ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ក្រោយ​ពី​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​ពី​ជន​រង​គ្រោះ​នៅ​ស្រុក​ភ្នំស្រួច​បាន​ហើយ​ចោរ​បាន​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​សំដៅ​ទៅ​ខេត្តកំពត ។ ក្រោយ​ទទួល​បាន​ព័ត៌មាន​អំពី​ករណី​ប្លន់​នេះ​កម្លាំង​នគរបាល​ខេត្តកំពត​បាន​ជួយ​ស្ទាក់​ក្នុងភូមិ​សាស្ត្រ​ជាប់​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ ស្រាប់តែ​ជនល្មើស​ហាក់បីដូចជា​ដឹងខ្លួន​មុន​ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ខេត្តកំពង់ស្ពឺ​វិញ​តាម​ផ្លូវជាតិ​លេខ​41 ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ខាង​ខេត្តកំពង់ស្ពឺ​ចាប់​បាន​នៅ​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​តែ​ម្តង ។

នគរបាល​បាន​បញ្ជាក់​ទៀត​ថា ជនល្មើស​ដែល​ឃាត់ខ្លួន​បាន​នៅ​ខេត្តកំពង់ស្ពឺ​ឈ្មោះ ម៉ៅ គឹ​ម​អេ​ង ហៅ​ច​ន អាយុ​38​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅ​អាសន្ន​នៅ​ក្នុងភូមិ​មាន​ជ័យ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មានស្រុក​កំណើត​នៅ​ភូមិ​ចំលង​ជ្រៃ ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​ដកហូត​ម៉ូតូ​របស់​ជន​រង​គ្រោះ​នៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា ចំពោះ​ម៉ូតូ​ដែល​ប្លន់​បាន​នោះ​ម៉ាក​ហុងដា​C125 ស៊េរី​ឆ្នាំ​2017 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1H-6919 ដែល​ម្ចាស់​ឈ្មោះ ផាត សា​រឿ​ន ភេទ​ប្រុស អាយុ​41​ឆ្នាំ រស់នៅ​ក្នុងភូមិ​តា​យ៉ុ​ង ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ច​ក៏​បាន​ដក​ហួត​ម៉ូតូ​ជនសង្ស័យ​1​គ្រឿង​ធុន​សេ​125 ស៊េរី​ឆ្នាំ​2011 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AK-4747 ដែល​ជិះ​ធ្វើ​សកម្មភាព​កន្លង​មក​នៅ​ខេត្តកំពត និង​តាម​បណ្តា​ខេត្ត​នានា​នោះ ។

ក្រោយ​ការ​ចាប់ខ្លួន​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​បាន​នាំ​ជនសង្ស័យ​ទៅ​យក​អាវុធ​ដែល​បាន​លាក់​ទុក​ផង​ដែរ​គឺ​កាំភ្លើងខ្លី​1​ដើម ។ បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​ទាំង​2​នាក់​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​ទៅ​សួរនាំ​បន្ត​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់ការ​បន្ត​ទៀត​តាម​ផ្លូវច្បាប់ ៕