ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ខ្សែក្រវាត់​ ឡុ​ង ជិន ប្រាប់​មូលហេតុ​ដាច់​ចិត្ត​ដើរ​ចេញពី​គុន​ខ្មែរ​ទៅ​លក់​ដូងតាមរទេះ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់​ខ្សែក្រវាត់ ខា​រ៉ា​បាវឡុ​ង ជិន ត្រូវ​បាន​គេ​ឃើញ​ដើរ​លក់​ដូង​តាម​រទេះ បន្ទាប់​ពី​

រាជធានី​ភ្នំពេញ ៖ ម្ចាស់​ខ្សែក្រវាត់ ខា​រ៉ា​បាវឡុ​ង ជិន ត្រូវ​បាន​គេ​ឃើញ​ដើរ​លក់​ដូង​តាម​រទេះ បន្ទាប់​ពី​មួយ​រយៈ​នេះ​មានរឿង​អាស្រូវ​ថា មិន​គោរពវិន័យ និង​បាន​ដើរ​ចេញពី​ក្លិប ដោយ​មិន​ប្រាប់​ម្ចាស់​ក្លិប និង​គ្រូបង្វឹក​ឡើយ ។ សម្រាប់​កីឡាករ ឡុ​ង ជិន ក៏​បាន​ចេញ​មុខ​ប្រាប់​ពី​មូលហេតុ​ដែល​រូបគេ​សុខចិត្ត​ដើរ​ចេញពី​គុន​ខ្មែរ​ទៅ​លក់​ដូង​ចិញ្ចឹមកូន​។

ជុំវិញ​បញ្ហា​កីឡាករ ឡុ​ង ជិន ខាងលើ​នេះ​ត្រូវ​លោក Ricky ដែល​ជា​គ្រូបង្វឹក ធ្លាប់​បាន​បង្ហើប​ថា អាច​បណ្តាល​មក​ពី​ការ​កាត់​ភាគរយ​នៃ​ប្រាក់​ចំណូល​ពី​ការ​ប្រកួត​ម្តង​រួច​មក​ហើយ ។ ទើបតែ​នៅ​ពេល​នេះ​កីឡាករ​ជើង​ខ្លាំង ឡុ​ង ជិន បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ថែម​ថា មូលហេតុ​រូបគេ​ដើរ​ចេញពី​ក្លិប​មិនមែន​បណ្តាល​មក​ពី​បញ្ហា​អន់ចិត្ត​នឹង​រឿង​កាត់​ភាគរយ​នេះ​ទេ ព្រោះ​ការ​កាត់​ភាគរយ​ពី ១៥ ទៅ ២០ % នោះ គឺជា​រឿង​យូរ​មក​ហើយ​។ កីឡាករ​ទើប​ងាក​ទៅ​ប្រកប​របរ​លក់​ដូង​តាម​រទេះ​រូប​នេះ​បាន​បន្ត​ថា ចំណែក​រឿង​មិនសូវ​ទៅ​ហាត់​កាលពី​ពេល​កន្លង​មក វា​មាន​ទាក់ទង​នឹង​រឿង​ផ្សេង​ទៀត​ដែល​ខ្លួន​មិន​អាច​និយាយ​បាន​។

ស្រាប់តែ​ថ្មី​ៗ​នេះ មានការ​ផុស​របស់​លោក Ricky ថា បើ​កីឡាករ ឡុ​ង ជិន ចង់​ចូល​ហាត់​នៅ​ក្លិប ខ្លារខិន វិញ ត្រូវ​ពិន័យ​ទឹកប្រាក់​៥០០​ដុល្លារ ពី​បទ​មិន​គោរព​វិន័យ និង​ការ​មិន​គោរព​គ្រូបង្វឹក ព្រមទាំង​មិន​គោរព​ម្ចាស់​ក្លិប​ជាដើម ។ ជា​ការ​ឆ្លើយ​តប​ទៅ​វិញ ម្ចាស់​ខ្សែក្រវាត់ ខា​រ៉ា​បាវ ឡុ​ង ជិន ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា « ដំបូង​ខ្ញុំ​ថា ទៅ​ហាត់​វិញ​ដែរ តែ​ពេល​ខ្ញុំ​ឃើញ​គាត់​ផុស​អ៊ីចឹង​ទៅ​ខ្ញុំ​អន់ចិត្ត ព្រោះ​អី​ខ្ញុំ​ខ្មាស​គេ​ណាស់ ទៅ​ណា​មក​ណា​ឮ​គេ​និយាយ​ពី​ខ្ញុំ​ថា​បែប​នេះ​បែប​នោះ​រហូត ។ ទើប​ខ្ញុំ​សម្រេច​ថា ដើរ​ចេញពី​ប្រដាល់​តែ​ម្ដង​ទៅ​បង ហើយ​តាម​ពិត​ទៅ​អា​រឿង​វ៉ៃ ខ្ញុំ​នៅ​តែ​ចង់​វ៉ៃ​ហ្នឹង ព្រោះ​អី​ខ្ញុំ​នៅ​ស្រលាញ់ ហើយ​ណាមួយ​ដើរ​លក់​ដូង​ហូប​មិន​គ្រប់​ទេ​បង មួយ​ថ្ងៃ​បាន​២-៣ ម៉ឺន​ហ្នឹង​»​។

កីឡាករ​ដដែល​បន្ថែម​ថា ពេល​នេះ​ខ្លួន​ត្រូវ​សម្រាក​ពី​ប្រដាល់​មួយ​រយៈ​សិន ដើម្បី​ឲ្យ​រឿង​វា​ស្ងប់ស្ងាត់​បន្តិច​សិន ហើយនឹង​ត្រឡប់​ចូល​សង្វៀន​វិញ​នា​ថ្ងៃ​ណាមួយ​។ ជាមួយ​គ្នា​នោះ​ពេល​អ្នក​យក​ព័ត៌មាន​សួរ​ថា​ទៅ​សុំ​ទោស​គ្រូ និង​ម្ចាស់​ក្លិប ដើម្បី​ចូល​ក្លិប ខ្លារខិន វិញ ឬ​យ៉ាងណា? ឡុ​ង ជិន បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា មិន​ទាន់​ដឹង​ទេ​ចំណុច​នេះ​។

គួរ​រំលឹក​ថា សម្រាប់​ការ​មិនសូវ​ហ្វឹកហាត់​ពេញលេញ​របស់ ឡុ​ង ជិន ត្រូវ​លោក Ricky ធ្លាប់​បាន​ទម្លាយ​ច្រើន​ដង​រួច​មក​ហើយ​ថា សិស្ស​របស់​ខ្លួន​រូប​នេះ​មិនសូវ​គោរព​ច្បាប់​ហ្វឹកហាត់​ឡើយ ពេល​ខ្លះ​ហាត់​បាន​២ ឬ​៣​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​ឡើង​ប្រកួត ប៉ុន្តែ​ចំណុច​នេះ​សម្រាប់​សាមីខ្លួន​ផ្ទាល់​បាន​លើក​ហេតុ ផល​ថា ចំណុច​នេះ​ខ្លួន​ពិតជា​ទទួលស្គាល់ តែ​គេ​បាន​បកស្រាយ​ថា រវល់​ទៅ​ជួសជុលផ្ទះ​ដែល​ខ្យល់​បក់​រលំ និង​មើលថែ​ប្រពន្ធ​មាន​ទម្ងន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ