ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​រូប​ស្រស់ ពេជ្រ អា​វី​ហ្សា ជួប​គ្រោះថ្នាក់​ចរាចរណ៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សាច់​ស​ខៃ ពេជ្រ អា​វី​ហ្សា ដែល​ចេញពី​ជប់លៀង​មិត្ត​ភ​ក្កិ​នៅ​ក្លឹ​ប​៥៥ បាន​បើករថយន្ត​បុក​ម៉ូតូ​មួយ​គ្រឿង​បង្ក​ឱ្យ​រង​របួសធ្ងន់​២​នាក់

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សាច់​ស​ខៃ ពេជ្រ អា​វី​ហ្សា ដែល​ចេញពី​ជប់លៀង​មិត្ត​ភ​ក្កិ​នៅ​ក្លឹ​ប​៥៥ បាន​បើករថយន្ត​បុក​ម៉ូតូ​មួយ​គ្រឿង​បង្ក​ឱ្យ​រង​របួសធ្ងន់​២​នាក់ នៅ​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ មីនា តាម​បណ្តោយ​ផ្លូវ​សុធារស នៅ​មុខ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។
តារា​រូប​ស្រស់ ពេជ្រ អា​វី​ហ្សា បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស GS300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2R 2141 ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Today ពណ៌​ទឹកសមុទ្រ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 2FL 3864 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សុធារស​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សុធារស​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ទំនង​អាង​យប់​ស្ងាត់​មិនសូវ​មាន​ចរាចរណ៍​មិន​បាន​បន្ថយល្បឿន​នោះ​ទេ ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ទាំង​២​នាក់ ។ ចំណែកឯ​ម៉ូតូ​Today ខូចខាត​ខ្ទេច​អស់ទាំង​ស្រុង រីឯ​រថយន្ត​បង្ក​វិញ​ខ្ទេច​មួយ​ចំហៀង​ខាងឆ្វេង​ហើយ​កង់​មុខ​តៀរ​ជាប់​ចិញ្ចើម​ផ្លូវ ។

បើ​តាម​សំដី​របស់​នាង អា​វី​ហ្សា ជា​អ្នក​បើករថយន្ត​បាន​បកស្រាយ​ថា រូប​នាង​ទើបតែ​ចេញ​មក​ពី​កម្ម​ពី​ធី​ជប់លៀង​មិត្តភក្តិ​នៅ​ឯ​ក្លឹ​ប​៥៥ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។ លុះ​ពេល​ចេញពី​កម្ម​ពិធី​ហើយ បាន​បើករថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ម៉ូតូ Today ​ជិះ​ដោយ​ប្រុស​ៗ២​នាក់​ក្នុង​ស្ថានភាព​ស្រវឹងស្រា​បើក​រេ​ពេញ​តែ​ផ្លូវ ហើយ​រេ​ចង្កូត​ចូល​មក​បុក​រថយន្ត​របស់​នាង​ចំ​ពីមុខ ពេញទំហឹង​បណ្តាល​អោយ​រង​របួសធ្ងន់​ទាំង​២​នាក់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​ទាំង​២​នាក់​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ហុង​ហាក់ ។ ចំណែក​តារា​សម្តែង ពេជ្រ អា​វី​ហ្សា  បន្ទាប់​ពី​កើតហេតុ​មាន​មិត្ត​ភ​ក្កិ​បើករថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រម​ក​ដល់​កន្លែង​កើតហេតុ​សុំ​ធានា​យក​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​សមត្ថកិច្ច​មិន​ព្រម​ទេ​គឺ​បាន​នាំ​យក​មក​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ដើម្បី​ប្រគល់​ឲ្យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ដែល​តាម​ព័ត៌មាន​ក្រៅ​ៗ​ថា អ្នក​រង​គ្រោះ​ទាមទារ​សំណង​មួយ​ម៉ឺន​ដុល្លារ ។

តារា​សម្តែង ពេជ្រ អា​វី​ហ្សា ទើប​ងាក​មក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​វិញ បន្ទាប់​ពី​រឿងរ៉ាវ​ស្នេហា​បែកបាក់ ក្រោយ​កើត​មាន​ហិង្សា​ប្រុស​ស្នេហ៍​របស់​នាង​វាយដំ ។ ទោះជា​បែប​ណា​រឿង​ដែល​កើតឡើង​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ​នោះ ត្រូវ​បាន​បញ្ចប់​ហើយ ដោយ​នាង​បាន​ដក​ពាក្យបណ្តឹង​វិញ ហើយ​រហូត​មក​ដល់​ពេល​នេះ រឿង​ជូរ​ចត់​នោះ ក៏​បាន​ក្លាយទៅជា​សុបិន​ដ៏​អាក្រក់​មួយ​សម្រាប់​រូប​នាង ។

គូរ​កត់​សម្គាល់ថា ពេល​រាត្រី​នៅ​រាជធានី​ភ្នំពេញ ភាគច្រើន​ជា​អាណាចក្រ​របស់​អ្នក​ស្រវឹង​។ គ្មាន​រាត្រី​ណាមួយ​ដែល​គ្មាន​អ្នក​ស្រវឹង​បើកបរ​ទេ ។ បើ​និយាយ​ពី​រាត្រី​នៅ​រាជធានី គួរ​ឱ្យ​ព្រឺ​ខ្លាច​ណាស់ ៕