ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ចាស់​ទ្រាំ​ហិ.ង្សា​ពី​ប្តី​ក្មេង​មិន​បាន​ប្តឹង​លែង ឯ​ប្ដី​ចោទ​ថា​ផិតក្បត់​មាន​សហាយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អាយុ​ជាង​៤០​ឆ្នាំ​ម្នាក់បាន​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ជួយ​ឃាត់ខ្លួន​បុរស​ជា​ប្តី អាយុ​ជាង​៣០​ឆ្នាំ ឲ្យ​ចាត់ការ​តាម​ច្បាប់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អាយុ​ជាង​៤០​ឆ្នាំ​ម្នាក់បាន​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ជួយ​ឃាត់ខ្លួន​បុរស​ជា​ប្តី អាយុ​ជាង​៣០​ឆ្នាំ ឲ្យ​ចាត់ការ​តាម​ច្បាប់ ហើយ​គាត់​ក៏​បាន​សុំ​លែងលះ​គ្នា​ជាមួយ​ប្ដី​ដែរ ។

ស្ត្រី​ចំណាស់​រូប​នេះ​និយាយ​ថា ប្ដី​ក្មេង​របស់​គាត់​តែងតែ​ប្រើ​អំពើ​ហិង្សា​វាយតប់​គាត់​ជា​ញឹកញាប់ រហូត​ធ្វើ​ឲ្យ​គាត់​មានការ​ភ័យ​ខ្លាច​ស្ទើរ​មិនហ៊ាន​នៅផ្ទះ​ថែម​ទៀត​ផង ។ ប៉ុន្តែ​ក្រោយ​ពេលប្រពន្ធ​និយាយ​បែប​នេះ បុរស​ជា​ប្ដី​បាន​តប​វិញ​ថា ដើមហេតុ​ដែល​នាំ​ឲ្យ​មាន​ភាព​រកាំរកូស​នៅ​ក្នុង​គ្រួសារ គឺ​ដោយសារ​តែ​ប្រពន្ធ​ផិត​មាន​សហាយ​ជាមួយ​កូនប្រុស​ម្ចាស់ផ្ទះ​ជួល​ដែល​មាន​វ័យក្មេង​ជាង​រូបគេ​។

បុរស​ជា​ប្ដី​រូប​នេះ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ប្រពន្ធ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៣ មីនា នៅ​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ច​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ។ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ពុធ មឿ​ន អាយុ​៤៣​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ ។ ចំណែក​បុរស​ជា​ប្ដី​ឈ្មោះ ប៊ុ​ន ឡេ​ង​ប៉ូច អាយុ​៣៦​ឆ្នាំ ជា​កម្មករ​សំណង់​មានស្រុក​កំណើត​នៅ​ខេត្ត​ក​ពង់​ចាម ហើយ​អ្នក​ទាំង​ពីរ​មានកូន​ប្រុស​ម្នាក់​អាយុ​៦​ឆ្នាំ នៅ​ក្នុង​បន្ទុកគ្រួសារ​។

ស្ត្រី​ជា​ប្រពន្ធ​និយាយ​ថា គាត់​និង​ប្ដី​ក្មេង​នោះ​បាន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ តែ​មិន​បាន​រៀប​ការ​ទេ គឺ​ស្រឡាញ់​គ្នា​ដោយ​ចិត្តនឹង​ចិត្ត និង​បាន​រស់នៅ​ជាមួយ​គ្នា​រហូត​មក ដោយ​ប្ដី​ជា​កម្មករ​សំណង់ ចំណែក​គាត់​មានមុខ​របរ​លក់​ពង​ទា ។ ជីវិត​ប្ដី​ប្រពន្ធ​ឥត​ខាន់ស្លា​នេះ មុន​ដំបូង​ពួក​គាត់​មាន​សេចក្ដីសុខ​ខ្លាំង​ណាស់ ព្រោះ​គាត់​ក៏​ស្រឡាញ់​ប្ដី​ក្មេង​ខ្លាំង ចំណែក​ប្ដី​ក្មេង​វិញ​ក៏​ស្រឡាញ់​គាត់​ខ្លាំង​ណាស់​ដែរ ថែម​ទាំង​សន្យា​ថា​មិន​ក្បត់ចិត្ត​គាត់ និង​មិន​ឲ្យ​គាត់​អស់សង្ឃឹម គឺ​មើលថែ​គាត់​អស់​មួយ​ជីវិត​ទៀត​ផង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​បានឮ​ប្ដី​និយាយ​ផ្អែមល្ហែម​បែប​នេះ គាត់់​មាន​អារម្មណ៍​ថា​មាន​សុភមង្គល​ខ្លាំង​ណាស់ ហើយ​ក្ដី​សង្ឃឹម​មាន​គ្រប់​បែប​យ៉ាង​ទាំងអស់ ។ ប៉ុន្តែ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ មិនដឹង​ថា​ខ្មោច​ចូល​អី​ទេ ប្ដី​នោះ​ភ្លេច​អស់​ពាក្យ​សន្យា​ដែល​ធ្លាប់​មាន​ជាមួយ​គាត់ មួយ​ថ្ងៃ​ៗ​គិតតែ​រករឿង​មិន​ឈប់ ។

ដំបូង​បាន​ឈ្លោះ​ត្រឹមតែ​ពាក្យ​សម្ដី​ប៉ុណ្ណោះដល់​ពេល​យូរ​ទៅ​លោក​ប្ដី​ចាប់ផ្ដើម​ប្រើ​ហិង្សាម្ដងម្កាល លុះ​ក្រោយមក​ទៀត​អំពើ​ហិង្សា បានកើតឡើង​កាន់តែ​ញឹកញាប់ ។ គាត់​ត្រូវ​ប្ដី​វាយ​ធ្វើបាប​ស្ទើរ​រាល់ថ្ងៃ មិនតែប៉ុណ្ណោះ​ឲ្យ​តែ​ពេល​ខឹង​បន្តិចបន្តួច លោក​ប្ដី​បាន​វេច​បង្វេច​ចាកចោល​គាត់​បាត់​មួយ​រយៈ លុះ​ពេល​នឹកឃើញ​ឆ្នាំងចាស់​ទើប​វិល​ត្រឡប់​ទៅ​រក​គាត់​វិញ គឺ​ធ្វើ​បែប​នេះ​ជា​ច្រើន​លើក​ច្រើន​សា​។ ដោយ​ទ្រាំ​នឹង​ទ​ង្វើ​នេះ​មិន​បាន ទើប​គាត់​សម្រេច​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ចុះ​ទៅ​ឃាត់ខ្លួន​ប្តី​ចាត់ការ​តាម​ច្បាប់ និង​សុំ​លែងលះ​ឈប់​យក​គ្នា​ទៀត​ហើយ​សុខចិត្ត​នៅ​ទំនេរ​វិញ​ល្អ​ជាង​មាន​គូកម្ម​។

ដោយឡែក​បុរស​ជា​ប្ដី​វិញ​និយាយ​ថា ខ្លួន​និង​ប្រពន្ធ​តែងតែមាន​ភាព​រកាំរកូស​នឹង​គ្នា​ពិតមែន ព្រោះ​ខ្លួន​ប្រចណ្ឌ ដែល​នេះ​ជា​ការ​និយាយ​ត្រង់គ្មាន​ការ​លាក់លៀម​ឡើយ ។ កាលពីមុន​ពិតជា​មាន​សុភមង្គល​មែន ប៉ុន្តែ​រយៈពេល​២​ទៅ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្លួន​បានដឹង​ថា​ប្រពន្ធ​មានចិត្ត​មិន​ស្មោះត្រង់ ហ៊ាន​ផិតក្បត់​លួចលាក់​ទៅ​មាន​ស្នេហា​ជាមួយ​ប្រុស​ម្នាក់​ទៀត ដែល​មាន​វ័យក្មេងជាង​ខ្លួន ។ អ្នក​ដែល​ប្រពន្ធ​ស្រឡាញ់​នោះ គឺជា​កូន​ម្ចាស់ផ្ទះ​ជួល​ដែល​ខ្លួន​និង​ប្រពន្ធ​ជួល​ស្នាក់​នៅ ។

មិនតែប៉ុណ្ណោះ ខ្លួន​និង​ប្រុស​សហាយ​នោះ​ធ្លាប់​មាន​ទំនាស់​នឹង​គ្នា ហើយ​ជន​នោះ​បាន​ទាញ​ដំបង​ដេញ​វាយ​ខ្លួន រហូត​ទ្រាំ​មិន​បាន​ខ្លួន​ក៏​ទាញ​កាំបិត​តបត​វិញ​បណ្ដាល​ឲ្យ​របួស ។ បន្ទាប់​មក​ខ្លួន​ត្រូវ​បាន​នគរបាល​នាំ​ទៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ប៉ុន្តែ​មិន​បាន​ជាប់គុក​ទេ ដោយ​ជជែក​គ្នា​បញ្ចប់រឿង​ហើយ​ខ្លួន​សងជំងឺចិត្ត​ទៅ​ជន​នោះ​ចំនួន​១៥០​ដុល្លារ​។

បុរស​ជា​ប្ដី​បន្ត​ថា ដោយសារ​តែ​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​គ្រួសារ​គ្មាន​សេចក្ដីសុខ ហើយ​កាល​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​នោះ ខ្លួន​ក៏​នៅ​កំលោះ ចំណែក​ប្រពន្ធ​ក៏​នៅ​ក្រមុំ​ដែរ ។លុះដល់​ពេល​គ្រួសារ​មាន​ភាព​រកាំរកូស ខ្លួន​ពិតជា​បាន​វាយ​ប្រពន្ធ​មែន ប៉ុន្តែ​មិន​ដែល​វាយ​ខ្លាំង​រហូត​មាន​របួស​ស្នាម​ឡើយ គឺ​គ្រាន់តែ​វាយ​បន្តិចបន្តួច​ជា​ការ​ព្រមាន​ប៉ុណ្ណោះ​។
មិនដឹង​ថា ការ​ចោទ​ថា​ប្រពន្ធ​ផិត​នេះ​ជា​ការ​ពិត​ឬ​បែប​ណា​ទេ ហើយ​ការ​សម្រេច​លែងលះ​គ្នា​នេះ​ក៏​មិនដឹង​ថា សមត្ថកិច្ច​ផ្តល់​យោបល់​បែប​ណា​ដល់​ភាគី​ជម្លោះ​ប្តី​ប្រពន្ធ​នេះ​ដែរ ៕