ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​លើក​ពេល ប្រកាស​សាលដីកា​សំណុំរឿង លោក នី ចរិយា សុំ​នៅ​ក្រៅ​ឃុំ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា បាន​បើក​សវនាការ​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក នី ចរិយា

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា បាន​បើក​សវនាការ​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) បន្ទាប់​ពី​លោក​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៦ ក្រោម​បទចោទប្រកាន់​ថា សមគំនិត​សូកប៉ាន់​សាក្សី កាលពី​ខែមេសា ឆ្នាំ​២០១៦ ។ ប៉ុន្តែ​សវនាការ​នេះ ត្រូវ​បាន​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​៣១ ខែមីនា​ខាង​មុខ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា មន្ត្រី​ពន្ធនាគារ​ប៉េ​ហ្ស៊ី បាន​នាំ​ខ្លួន​លោក នី ចរិយា មក​កាន់បន្ទប់​សវនាការ​នៃ​តុលាការ​កំពូល ខណៈ​កម្លាំង​សមត្ថកិច្ច​ត្រូវ​បាន​ដាក់​ពង្រាយ​រារាំង​មិន​ឲ្យ​ថតរូប​ជនជាប់ចោទ​នៅ​ក្នុង​បរិវេណ​តុលាការ ដែល​ខុស​ពី​លើកមុខ​ៗ ។ នេះ​ជា​បទបញ្ជា​ថ្មី​មួយ ដែល​សិទ្ធិ​អ្នកកាសែត​ត្រូវ​បាន​ខិត​រួម​កាន់តែ​ចង្អៀត ។

លោក សំ សុ​គង់ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក នី ចរិយា បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា​ថា តុលាការ​កំពូល​ជំនុំជម្រះ​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក នី ចរិយា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មីនា ។ ក្រោយ​ការ​បដិសេធ​ជា​បន្តបន្ទាប់ លោក នី ចរិយា នៅ​តែ​បន្ត​សុំ​ឲ្យ​តុលាការ​កំពូល​ដោះ​លែង​រូប​លោក​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ ។

តុលាការ​កំពូល​បាន​បង្ហាញ​ថា លោក នី ចរិយា ជាប់ចោទ​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៦ យោង​តាម​មាត្រា២៩​និង​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ ។

ក្រៅពី​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នាង​ស្រី​មុំ​នេះលោក នី ចរិយា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​១​ឆ្នាំ​៦​ខែ ដោយ​បទ​ចោទ​ថា​បាន​ធ្វើ​អត្ថាធិប្បាយ​ប៉ះពាល់​ដល់​យុត្តាធិការ​តុលាការ​។ ដើមបណ្តឹង​ជា​ក្រុម​ចៅក្រម​និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​។

គួរ​បញ្ជាក់​ថា ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី​និង​សមគំនិត​សូកប៉ាន់​សាក្សី មាន​ជន​ត្រូវ​ចោទ​៥​នាក់ ត្រូវ​បាន​តុលាការ​ប្រកា​សថាបាន​បញ្ចុះបញ្ចូល ឬ​លួងលោម​នាង ខុ​ម ចាន់​តារា​ទី ហៅស្រី​មុំ មិន​ឲ្យ​និយាយ​ការ​ពិត​ដល់​សមត្ថកិច្ច​ចំពោះ​រឿងអាស្រូវ​ផ្លូវភេទ​របស់​លោក កឹ​ម សុខា បច្ចុប្បន្ន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។ ចំណែក​លោក នី ចរិយា ត្រូវ​បាន​សាលាឧទ្ធរណ៍​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ម្តង​រួច​មក​ហើយ ក្នុង​បទ​សមគំនិត​សួ​ក​ប៉ាន់​សាក្សី ។

លោក នី ចរិយា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៦ ជាមួយនឹង​បុគ្គលិក​អា​ដ​ហុ​ក​ចំនួន​៤​នាក់​ទៀត​គឺ លោក ណៃ វ៉ង់​ដា លោក នី សុខា លោក យី សុខសាន្ត និង លោកស្រី លឹ​ម មុន្នី​។ នៅ​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៦ តុលាការ​បាន​ចោទប្រកាន់​លោក​ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី តែ​លោក​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ៕