ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូទាត់​ជោគវាសនា មន្ត្រី​ក្រសួងមហាផ្ទៃ​នឹង​ជួប​តំណាង​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​29 មីនា ខាង​មុខ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ជួប សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ជួប សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ផ្ញើ​លិខិត​ឆ្លើយ​តប​ទៅ​កាន់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ដោយ​បាន​ចាត់​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង ដើម្បី​ជួប​ពិភាក្សាជាមួយនឹង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើ​សុំ​ពិភាក្សា​សម្របសម្រួល​បន្ទាប់​ពី​គណបក្ស​បាន​អនុវត្ត​ខុស​លក្ខន្តិកៈ​ដោយ​ខ្លួនឯង​ជុំវិញ​ការ​ធ្វើ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​មុន​នេះ ។ ការ​អនុញ្ញាត​ឱ្យ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​នោះ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៤ មីនា បាន​តម្រូវ​ឱ្យ​តំណាងគណបក្ស​សង្គ្រោះ​ជាតិ​ជួប​ជាមួយ​លោក ប្រាក់ សំ​អឿ​ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​មន្ត្រី​ជំនាញ នៅ​ថ្ងៃ​ទី​២៩ មីនា វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​នៅ​សាល​ប្រជុំ​ក្រសួងមហាផ្ទៃ ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​បដិសេធ​សំណើសុំ​ជួប​ដោយ​ផ្ទាល់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​សំណើ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​លក្ខន្តិកៈ​ដែល​បាន​ធ្វើ​ខុស ។

សូម​រំលឹក​ថា គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​២ មីនា កន្លង​ទៅ បាន​ធ្វើ​សមាជ​វិសាមញ្ញ​ផ្លាស់​ប្តូរ​លក្ខន្តិកៈ​គណបក្ស និង​ជ្រើសរើស​ក្បាលម៉ាស៊ីន​ថ្មី​ដើម្បី​ជំនួស​លោក សម រ​ង្ស៊ី ដែល​បាន​លាលែង ក្នុង​នោះ​លោក កឹ​ម សុខា គឺជា​ប្រធាន និង​មាន​អនុប្រធាន​បី​រូប​ផ្សេង​ទៀត ។ ប៉ុន្តែ​ការ​កែប្រែ​លក្ខន្តិកៈ​ថ្មី និង​ជ្រើសរើស​ក្បាលម៉ាស៊ីន​ថ្មី​ក្នុង​ថ្ងៃ​តែ​មួយ​នេះ គឺ​បាន​ផ្ទុយ​ទៅ​នឹង​លក្ខន្តិកៈ​គណបក្ស​ដែល​បាន​តម្កល់​ទុក​ស្របច្បាប់​នៅ​ក្រសួងមហាផ្ទៃ ។ ត្រង់​ចំណុច​នេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ សង្កត់ធ្ងន់​ថា គណបក្សប្រឆាំង​ត្រូវធ្វើ​សំណើ​មក​កាន់​ក្រសួងមហាផ្ទៃ​ឱ្យ​ទទួលស្គាល់​លក្ខន្តិកៈ​ថ្មី​សិន ទើប​គណបក្ស​អាច​ជ្រើសរើស​ក្បាលម៉ាស៊ីន​ថ្មី ដែល​មាន​ប្រធាន​១​រូប និង​អនុប្រធាន​៣​រូប​ដូច​បច្ចុប្បន្ន​បាន ។ បន្ថែម​ពី​នេះ ក្រសួងមហាផ្ទៃ​បាន​ស្នើ​សុំ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ កែសម្រួល​ឡើង​វិញ​មុន​នឹង​ក្រសួងមហាផ្ទៃ​អាច​ផ្តល់​សុពលភាព​ដល់​ក្បាលម៉ាស៊ីន​គណបក្សប្រឆាំង​ថ្មី​បាន ។

បក្ស​ប្រឆាំង​សុំ​ចរចា​ជាមួយ​ក្រសួងមហាផ្ទៃ​រឿង​ក្រសួង​ចោទ​ថា បក្ស​ធ្វើ​ខុស​លក្ខន្តិកៈ

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់តាំង​មន្ត្រីជាន់ខ្ពស់​របស់​ខ្លួន​ប្រាំ​រូប​រួច​ហើយ​ខណៈ​ធ្វើ​សំណើសុំ​ជួប​ចរចា​ជាមួយ​សម្តេច​ក្រឡាហោម ស ខេ​ង ដើម្បី​ជជែក​ពិភាក្សា​ករណី​ក្រសួងមហាផ្ទៃ​ចោទប្រកាន់​ថា គណបក្សប្រឆាំង​នេះ​បាន​ធ្វើ​សមាជ​វិសាមញ្ញ​ជ្រើសរើស​ក្បាលម៉ាស៊ីន​បក្ស ខុស​លក្ខន្តិកៈ និង​សំណើ​ឱ្យ​ដក​ចេញ​ពាក្យស្លោក «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»​។

ចំណែក​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​បន្លុយ​តប​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​កែប្រែ​អ្វី​ដែល​ខុសឆ្គង​នោះ​ទេ មិនបាច់​ជួប​ចរចា​ក៏​បាន​ដែរ ។
សំណើសុំ​ជួប​ចរចា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើ​ឡើង​តាម​រយៈ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​២៣ មីនា ផ្ញើ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ជួប​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី ឬ​មន្ត្រី​ផ្សេង​ទៀត​នៃ​ក្រសួង​នេះ ដើម្បី​ជជែក​រក​ដំណោះស្រាយ​ពី​ខ្លឹមសារ​លិខិត​របស់​សម្តេច​ក្រឡាហោម​មុន​នេះ ។

ការ​ប្រកាស​សុំ​ជួប​ភាគី​ក្រសួងមហាផ្ទៃ​ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ ក្រោយ​ពេល​ក្រសួងមហាផ្ទៃ​បាន​ផ្ញើ​លិខិត​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បញ្ជាក់​ថា សមាជ​វិសាមញ្ញ​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​គណបក្ស​ថ្មី​កាលពីដើម​ខែមីនា ផ្ទុយ​នឹង​ប្រការ​៤៧ នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួងមហាផ្ទៃ កាលពី​ឆ្នាំ​២០១៣ និង​សំណើ​របស់​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដក​ចេញ​ពាក្យស្លោក «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ព្រោះ​ពាក្យ​នេះ​ផ្ទុយ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ ច្បាប់​គណបក្ស​នយោបាយ និង​ច្បាប់បោះឆ្នោត ។

លិខិត​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡា

ហោម ស ខេ​ង ចុះ​ថ្ងៃ​ទី​២២ មីនា បាន​រៀបរាប់​ថា អាណត្តិ​នៅ​សល់​មាន​រយៈពេល​តិច​ជាង​១៨​ខែ គិត​ត្រឹម​កាលបរិច្ឆេទ​ដែល​លោក សម រ​ង្ស៊ី បាន​លាលែង​ចេញពី​តំណែង​ជា​ប្រធាន​គណបក្ស​នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧​។

លោក យឹ​ម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ និង​ជា​អ្នកនាំពាក្យ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងប្រាប់​វិទ្យុ​ផ្សាយ​ជា​ខេមរភាសា​ថា គណបក្ស​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​២៣ មីនា ដោយ​ស្នើ​ជួប​រដ្ឋមន្ត្រី ឬ​មន្ត្រី​ក្រសួង​នេះ ដើម្បី​ជជែក​រឿង​នេះ​ឲ្យ​ច្បាស់ ។ អ្វី​លើស​ពី​នេះ លោក យឹ​ម សុវណ្ណ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ ។

តាម​វិទ្យុ​ដដែល​ថា ជា​ការ​ឆ្លើយ​តប​នឹង​សំណើ​បក្ស​ប្រឆាំង អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​កែប្រែ​តាម​អ្វី​ដែល​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​នេះ​ទេ ការ​ជួប​គ្នា​នេះ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ឡើយ ។ ចំពោះ​ចំណាត់ការ​យ៉ាងណា​របស់​ក្រសួងមហាផ្ទៃ​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ថា​អាស្រ័យ​លើ​គណបក្សប្រឆាំង​វិញ​ទេ តើ​យល់ព្រម​កែតម្រូវ​កំហុសឆ្គង​របស់​ខ្លួន​ដែរ​ឬទេ ?

ចំណែក​សំណើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដក​ចេញ​ពាក្យស្លោក «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ រូប​នេះ​និយាយ​ថា នេះ​គ្រាន់តែ​ស្នើ​សុំ​ឲ្យ​ដក​ចេញ​ទេ ។ ដក​ឬ​មិន​ដក អាស្រ័យ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​លោក​ព្រមាន​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ដក​ពាក្យ​នេះ​ទេ នឹង​មាន​បញ្ហា​កើត​ឡើងជា​បន្ត​ទៀត ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សមាជ​វិសាមញ្ញ​កាលពី​ថ្ងៃ​ទី​២ ខែមីនា ដោយ​កែប្រែ​ប្រការ​ចំនួន​ពីរ​នៅ​ក្នុង​លក្ខន្តិកៈ​គណបក្ស និង​ជ្រើសរើស​ក្បាលម៉ាស៊ីន​ថ្មី​ដឹកនាំ​បក្ស មាន​លោក កឹ​ម សុខា ជា​ប្រធាន និង​អនុប្រធាន​បី​រូប ។ ភ្លាម​ៗ​នោះ​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​អបអរ​លោក កឹ​ម សុខា ។ ក្នុង​ពេល​នោះ​ដែរ លោក សម រ​ង្ស៊ី សរសេរ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា នេះ​ជា​ការ​ទទួលស្គាល់​ភាព​ស្របច្បាប់​នៃ​ថ្នាក់ដឹកនាំ​ថ្មី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សកម្មជន​អាច​ប្រើ​ពាក្យស្លោក «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ។ លោក​ថា ពាក្យ​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​របស់​ខ្លួន​ទាំង​៥​ចំណុច​ដែល​សមាជ​វិសាមញ្ញ​សម្រេច​ដាក់​ចេញ​យក​ទៅ​ប្រើប្រាស់​ក្នុង​ពេល​ឃោសនាបោះឆ្នោត​ខាង​មុខ​នោះ​ទេ ។ ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​ព្រមាន​ប្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ បើ​បន្ត​ប្រើ​ពាក្យ​នេះ​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ខាង​មុខ ៕