ខេត្តសៀមរាប ៖ យ៉ាងហោចណាស់ក៏មានកម្មករឡឥដ្ឋ ប្រុសស្រីចំនួន៨នាក់ ត្រូវបានរងរបួសស្រាល ខណៈដែលរថយន្តដឹកឥដ្ឋបើកជែងគ្នាជាមួយរថយន្តដឹកទឹកកកមួយបាំងកន្លះបម្រុងឡើងវ៉ា ប៉ុន្តែមិនផុត ទើបបណ្តាលឱ្យក្រឡាប់ផ្ងាជើងទាំងកំរោលម្នាក់ឯង បង្កឱ្យមានការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍ពេញផ្លូវជាតិលេខ៦ មួយសន្ទុះផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅលើដងផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា ពួកគេបានឃើញរថយន្តដឹកឥដ្ឋ និងរថយន្តដឹកទឹកកកបើកជែងគ្នាបម្រុងឡើងវ៉ា ប៉ុន្តែមិនផុតទើបបណ្តាលឱ្យរថយន្តដឹកឥដ្ឋនោះ ក្រឡាប់ផ្ងារជើងឡើងលើ ធ្លាក់ឥដ្ឋពេញចិញ្ចឹមផ្លូវ និងកម្មករប្រុសស្រី មួយចំនួនបណា្តលឱ្យរបួសស្រាល ក្នុងនោះមានស្ត្រីវ័យក្មេង រួមទាំងព្រូ និងតៃកុងឡានផងដែរ។ តាមប្រភពពីសមត្ថកិច្ចស្រុកបានប្រាប់ថា បន្ទាប់ពីកើតហេតុគ្រោះថ្នាក់ចរាចរណ៍ភ្លាម ត្រូវបានបងប្អូនប្រជាពលរដ្ឋរាយការណ៍មកឱ្យកម្លាំងនគរបាលជំនាញ ខណៈនោះកម្លាំងក៏បានចុះទៅមើលដល់កន្លែងកើតហេតុភ្លាមៗផងដែរ។
ប្រភពបានបន្តថា ក្រោយពីចុះដល់កន្លែងកើតហេតុហើយ កម្លាំងជំនាញក៏បានធ្វើការវាស់វែង រួចបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមភ្លាម។ ចំណែកតៃកុងឡានដឹកឥដ្ឋធុនធំពាក់ស្លាកលេខ ភ្នំពេញ 3C-5576 នោះ បាននិយាយថា មុនពេលកើតហេតុ រូបគេកំពុងបើកបរពីទិសខាងកើតឆ្ពោះទៅលិច ក៏ស្រាប់តែមានរថយន្តធុនកូរ៉េ ដឹកទឹកកករបស់ក្រុមហ៊ុនយីហោ បឹងមាលា បើកស្របទិសហើយឡើងវ៉ា តែវ៉ាមិនផុតក៏បានខោករថយន្តរបស់ខ្លួន បណ្តាលឱ្យរេចង្កូតទៅចិញ្ចើមថ្នល់ហើយក្រឡាប់ផ្ងារជើងតែម្តង។
ក្រោយពេលកើតហេតុរថយន្តបង្កបានព្យាយាមបើករត់គេចទៅទិសខាងលិចបាត់ស្រមោល។ ចំណែកអ្នកភូមិដែលបានជួយសង្គ្រោះក្រុមនារីកម្មករ បាននិយាយថា បន្ទាប់ពីកើតហេតុ គេឃើញក្រុមនារីទាំងនោះប្រមាណជា៦នាក់ដេកសន្លប់រណែលលើគំនឥដ្ឋ ដោយអ្នកខ្លះត្រូវឥដ្ឋសង្កត់សន្លប់ស្តូកស្តឹង ហើយពួកគាត់បាននាំគ្នាសែងយកទៅជួយសង្គ្រោះបឋម។ ចំណែកនារីម្នាក់ព្រូឡានរួមទាំងតៃកុង បានហោះចេញពីកាប៊ីនឡានតាមកញ្ចក់មុខ តែរងរបួសស្រាល។
រីឯក្រុមអ្នកភូមិបានអះអាងប្រាប់ថា បើតាមហេតុការណ៍ឡានក្រឡាប់នេះ អាចពុំមែនមកពីឡានដឹកទឹកកកកៀនោះទេ ពីព្រោះឡានដឹកឥដ្ឋនេះខ្នាតធំ ហើយផ្ទុកទម្ងន់ធ្ងន់ ឯឡានទឹកកកកូរ៉េធុនតូចល្មមហើយស្រាល ពុំអាចកៀរឱ្យក្រឡាប់ងាយៗនោះឡើយ។
បច្ចុប្បន្ន រថយន្តដឹកឥដ្ឋនោះ និងកម្មករ ប្រុសស្រីទាំងអស់នោះ បានត្រលប់ទៅផ្ទះវិញអស់ហើយ ខណៈសមត្ថកិច្ចជំនាញសុំយកឡានមកទុក ដើម្បីរកម្ចាស់ឡានម្ខាងទៀត មកដោះស្រាយ ត្រូវបានខាងម្ចាស់ឡានដឹកឥដ្ឋ បដិសេធមិនឱ្យយកមកទុកទេ រួចក៏ឱ្យរថយន្តមកស្ទួចយកទៅកន្លែងឡឥដ្ឋគេវិញទៅ បើតាមការអះអាងរបស់សមត្ថកិច្ចស្រុក៕
ចែករំលែកព័តមាននេះ