ខេត្តសៀមរាប ៖ លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឱ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះថា ដោយអនុវត្តតាមការណែនាំរបស់លោកសូរ ប្លាតុង ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកប្រាសាទបាគង និងបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ នៅវេលាម៉ោង១និង៣០នាទីកណ្តាកអធ្រាត្រ ឈានចូលព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដែក នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងកម្លាំងប្រជាការពារ បានធ្វើការបង្ក្រាបករណីនេសាទខុសច្បាប់ (ឆក់ត្រី) បានម្នាក់ នៅចំណុចត្រពាំងទួលក្ងោក ស្ថិតក្នុងភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្រោយពេលឃាត់ ត្រូវបាននាំយកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅតុលាការខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់។
លោកបានបញ្ជាក់ថា ជនសង្ស័យខាងលើនេះមានឈ្មោះ ខាំ សីហា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ត្រូវបានឃាត់ខ្លួនបានខណៈពេលកំពុងធ្វើសកម្មភាពឆក់ត្រី រួចក៏បានដកហូតវត្ថុតាងបានរួមមាន ៖ ដុំម៉ូទ័រឆក់ត្រី ចំនួន០១គ្រឿង, ដងឆក់ចំនួន០២ដើម និងអាគុយម៉ាកភីណូសូ ៤០អំពែរចំនួន០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ រួននឹងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធីច្បាប់ហើយ៕


ចែករំលែកព័តមាននេះ