វេជ្ជបណ្ឌិតផ្នែកវះកាត់នៅក្នុងប្រទេសអ៊ីតាលី បានចែករំលែកពីព័ត៌មានលម្អិតនៃការវះកាត់ខួរក្បាលកាលពីពេលថ្មីៗដែលអំឡុងការវះកាត់ អ្នកជំងឺនៅដឹងខ្លួន និងផ្លុំឧបករណ៍ត្រែ (saxophone)។

មន្ទីរពេទ្យអន្តរជាតិ Paideia ក្នុងទីក្រុង Rome បានបញ្ជាក់ក្នុងសេចក្តីប្រកាសថា អ្នកជំងឺវ័យ៣៥ឆ្នាំឈ្មោះថា G.Z នៅដឹងខ្លួន និងបានផ្លុំត្រែរបស់គាត់ អំឡុងការវះកាត់៩ម៉ោង ដើម្បីយកដុំសាច់ចេញពីខួរក្បាល។
វេជ្ជបណ្ឌិតនិយាយថា ការលេងឧបករណ៍ភ្លេងបានធ្វើឱ្យក្រុមពេទ្យវះកាត់កំណត់ពីមុខងារខុសគ្នានៃខួរក្បាលរបស់គាត់ នៅពេលធ្វើប្រតិបត្តិការ។

វេជ្ជបណ្ឌិត Christian Brogna ដែលដឹកនាំការវះកាត់នោះបាននិយាយក្នុងសេចក្តីប្រកាសថា «ការវះកាត់ខណៈអ្នកជំងឺដឹងខ្លួន អាចធ្វើឱ្យវាកំណត់ពីភាពជាក់លាក់នៅក្នុងអំឡុងការវះកាត់បណ្តាញសរសៃប្រសាទដែលស្ថិតនៅក្រោមមុខងារខួរក្បាលផ្សេងៗដូចជា ការលេង ការនិយាយ ការកំរើក ការចងចាំ និងការរាប់ជាដើម» ។

លោកបន្ថែមថា«គោលបំណងនៃការវះកាត់នោះគឺដើម្បីយកដុំសាច់ខួរក្បាល ឬសរសៃឈាមចេញ ខណៈរក្សាបានគុណភាពជីវិតរបស់អ្នកជំងឹ»។

លោកនិយាយទៀតថា ការវះកាត់នោះទទួលបានជោគជ័យ៕ (យោងតាមប្រភព៖ UPI)



ចែករំលែកព័តមាននេះ