ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រះរាជពិធីបុណ្យខួបទី១០០ នៃទិវាប្រសូត្រ និងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម
សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១០ឆ្នាំ នៃការសោយទីវង្គតរបស់ព្រះអង្គ នៅព្រះរាជដំណាក់ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាព លោក អ៊ាង ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ទៀ សីហា អភិបាលខេត្ត ដោយមានការ ចូលរួមពីសំណាក់ លោក លោកជំទាវ លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំគ្រប់មន្ទីរ អង្គភាពទាំងអស់ក្នុងខេត្ត មន្ត្រីអ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តជាច្រើនរូប។

ព្រះរាជពិធីបុណ្យនាឱកាសនេះដែរ គឺដើម្បីបង្ហាញនូវសេចក្តីគោរពស្រឡាញ់ លើសពីជីវិតដែលពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន របស់ប្រជារាស្ត្ររបស់ ព្រះបរមរតនកោដ្ឋ និងរំលឹកនូវគុណូបការៈគុណរបស់ព្រះអង្គ ដែលបានបន្សល់ទុកនូវស្នាព្រះហស្ដ នៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ដែលជាពិសេសនោះ គឺជោគជ័យរបស់ប្រទេសកម្ពុជាយើង ក្នុងការដណ្តើមយកឯករាជ្យជាតិពីអាណានិគមនិយមបារាំងសេស នាឆ្នាំ១៩៥១ និងការទាមទានូវប្រាសាទព្រះវិហារខ្មែរមកវិញ ពីសំណាក់សៀមឈ្លានពាន នាឆ្នាំ១៩៦២ ការបង្រួប បង្រួមផ្សះផ្សាជាតិ និងសមទ្ធិផលធំៗជា ច្រើនផងដែរ ។

ក្នុងឱកាសនោះដែរ ក្នុង នាមជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ សូមសម្តែងឱ្យឃើញពីក្តីសោកស្តាយ អាឡោះអាល័យ នឹកឃើញនូវព្រះគុណូបការៈដ៏ថ្លៃថ្លា និងវិសេសវិសាលដ៏ឧត្តុង្គឧត្តម ចំពោះស្នាព្រះហស្ថរបស់ព្រះ ករុណា ដែលបានបន្សល់ទុកនូវសមទ្ធិផលជាច្រើន សម្រាប់ជាតិមាតុភូមិ សម្រាប់ កូនចៅ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស។

គួររំលឹកថា ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ព្រះអង្គបានឡើងគ្រងរាជ្យ ពីឆ្នាំ១៩៤១ ដល់១៩៥៥ និងម្ដងទៀតគឺចាប់ពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០០៤ ។ ទ្រង់ចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង០១ នឹង២០នាទីយប់ នៅទីក្រុងប៉េកាំងប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា។ ព្រះសពរបស់អតីតព្រះមហាក្សត្រ ត្រូវបានដឹកតាមជើងយន្តហោះពិសេសពីប្រទេសចិនមកកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង ៣រសៀល។

ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តសៀមរាប តែងតែរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតា ឯករាជ្យជាតិ ដើម្បីបង្ហាញនូវការគោរពស្រឡាញ់ ពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបានរបស់ប្រជានុរាស្ត្ររបស់ព្រះអង្គ និងរំលឹកថ្វាយចំពោះព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តសីហនុ ក្នុងការរំលឹកនូវគុណូបការៈរបស់ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុកនូវស្នាព្រះហស្ថនៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ដល់កូនចៅជំនាន់ក្រោយមកទល់បច្ចុប្បន្ននេះ៕





ចែករំលែកព័តមាននេះ