ប្រទេសឡាវ ៖ ឡាវ និងម៉ាឡេស៊ីមានបំណងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេស ទាក់ទងនឹងការវិនិយោគ ធនាគារ ហិរញ្ញវត្ថុ ការដឹកជញ្ជូន ទេសចរណ៍ អប់រំ និងការអភិវឌ្ឍធនធានមនុស្សសម្រាប់ផលប្រយោជន៍ទៅវិញទៅមក ។ នេះជាលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Anifah Aman និងរដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក Saleumxay ទៅកាន់ប្រទេសម៉ាឡេស៊ី គឺចាប់ពីថ្ងៃទី១៦-១៨ មីនា កន្លងទៅ ។ ក្នុងកិច្ចពិភាក្សាកាលពីថ្ងៃសុក្រ ភាគីទាំងពីរបានបង្ហាញនូវគោលបំណងរបស់ខ្លួនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ។
ភាគីទាំងពីរនិយាយថា ពួកគេឱ្យតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ជាមួយការផ្លាស់ប្តូរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ទ្វេភាគី។ នេះបើយោងតាមក្រសួងការបរទេសឡាវ ។
លោក Anifah ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Saleumxay នឹងមានលទ្ធផលផ្លែផ្កាអាចពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិម៉ាឡេស៊ី (Bernama) ។
លោកនិយាយថា ដំណើរទស្សនកិច្ចរបស់លោក Saleumxay ទៅកាន់វិទ្យាស្ថានការទូត និងទំនាក់ទំនងការបរទេសក្នុងទីក្រុងគូឡាឡាំពួ រំពឹងថា នឹងផ្តល់ឲ្យឡាវយល់ដឹងមួយចំនួនសម្រាប់ការបណ្តុះបណ្តាលការទូតនៅទីនោះ និងវគ្គបណ្តុះបណ្តាលមានប្រយោជន៍សម្រាប់អ្នកចូលរួមពីប្រទេសឡាវ ។
នៅឆ្នាំ២០១៦ ពាណិជ្ជកម្មសរុបរបស់ម៉ាឡេស៊ីជាមួយឡាវ មានភាពប្រសើរឡើងយ៉ាងខ្លាំងក្នុងអត្រា១២០% ឬស្មើនឹង៣០,៩៦លានដុល្លារអាមេរិក កើនឡើង៧៥% បើធៀបនឹងឆ្នាំមុន ។
បច្ចុប្បន្ន តម្លៃសរុបនៃការវិនិយោគរបស់ម៉ាឡេស៊ីនៅឡាវ ស្មើ៨២០លានដុល្លារអាមេរិកក្នុងគម្រោងចំនួន១០៤ ដែលធ្វើឱ្យប្រទេសនេះក្លាយជាវិនិយោគិនធំជាងគេបំផុតលំដាប់ទី៥ ក្នុងប្រទេសឡាវ ។
កាលពីខែវិច្ឆិកាឆ្នាំមុន ក្រុមហ៊ុន AirAsia បានបើកការហោះហើរថ្មីមួយតភ្ជាប់ពីទីក្រុងគូឡាឡាំពួ ទៅកាន់តំបន់បេតិកភណ្ឌអង្គការយូណេស្កូ គឺក្រុងហ្លួងព្រះបាងរបស់ឡាវ ដែលមានជើងហោះហើរ៤ជើងក្នុង១សប្តាហ៍ ។
AirAsia គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូង និងតែមួយគត់ ដែលបានហោះហើរត្រង់ពីទីក្រុងគូឡាឡាំពួ ទៅហ្លួងព្រះបាង ។
លើសពីនេះ ភាគីទាំងពីរបានពិភាក្សាគ្នាពីការរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៤ ដែលនឹងប្រារព្ធធ្វើឡើងនាពេលអនាគតផងដែរ ។ ភាគីឡាវបានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី សម្រាប់ការគាំទ្រឡាវធ្វើជាប្រធានអាស៊ានកាលពីឆ្នាំមុន ។
ឡាវ និងម៉ាឡេស៊ីបានបញ្ចប់សេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការបង្កើតថ្មី ដែលនឹងត្រូវចុះហត្ថលេខាដោយវិស័យពាក់ព័ន្ធនៃប្រទេសទាំងពីរនាពេលអនាគត ។
លោក Saleumxay បានសម្តែងការដឹងគុណ និងកោតសរសើររដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដោយនាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកាន់តែច្រើនសម្រាប់ប្រទេសឡាវ ។ លោកថ្លែងថា ៖ « កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល៥ទសវត្សរ៍បានបង្កើតផ្លែផ្កាយ៉ាងច្រើន ដែលនាំមកនូវផលប្រយោជន៍ និងលទ្ធផលដល់ភាគីទាំងសងខាង » ។
ភាគីខាងឡាវក៏បានថ្លែងអំណរគុណដល់ម៉ាឡេស៊ី ក្នុងការជួយកែលម្អបណ្តាញដឹកជញ្ជូននៅទីក្រុងវៀងចន្ទន៍ និងភាគខាងជើងប្រទេសឡាវ ដែលមានតម្លៃ៦៥លានដុល្លារអាមេរិក ។
ចាប់តាំងពីឆ្នាំ១៩៩១មក ប្រទេសម៉ាឡេស៊ីបានបញ្ជូនក្រុមគ្រូពេទ្យមកពិនិត្យសុខភាពដោយឥតគិតថ្លៃដល់ប្រជាជននៅស្រុកសាងថង នៃទីក្រុងវៀងចន្ទន៍ ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Saleumxay ក៏បានអំពាវនាវដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ឲ្យពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ៕
ចែករំលែកព័តមាននេះ