ប្រទេសប្រេស៊ីល ៖ លទ្ធផលដែលបង្កពីរឿងអាស្រូវសាច់ខូចគុណភាពរបស់ប្រេស៊ីល មានសភាពកាន់តែធ្ងន់ធ្ងរឡើងកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រទេសចិន ជាអតិថិជនដ៏ធំផ្អាកការនាំចូល ហើយសហភាពអឺរ៉ុបបានហាមឃាត់ក្នុងផ្នែកមួយចំនួនផងដែរ ។
ការហាមឃាត់មួយទៀតរបស់ប្រទេសឈីលី បានបង្កការព្រួយបារម្ភថា នឹងមានជម្លោះពាណិជ្ជកម្មរវាងដៃគូអាមេរិកខាងត្បូងទាំងពីរនេះ ។
ប្រទេសចិន ដែលមានហុងកុងជាទីផ្សារសាច់ធំជាងគេរបស់ប្រេស៊ីលនិយាយថា ពួកគេត្រូវការព័ត៌មានបន្ថែមទាក់ទិននឹងការចោទប្រកាន់ថា ក្រុមហ៊ុនផលិតសាច់ធំៗបានសូកប៉ាន់អ្នកត្រួតពិនិត្យដើម្បីទទួលបានលិខិតបញ្ជាក់ និងបិទបាំងសាច់ខូចគុណភាព ។
ក្រសួងកសិកម្មប្រេស៊ីលឲ្យដឹងថា ប្រទេសចិននឹងមិនអាចនាំចូលសាច់ពីប្រេស៊ីលទេ រហូតដល់ពួកគេទទួលបានព័ត៌មានបន្ថែម ។
លោក Blairo Maggi រដ្ឋមន្ត្រីកសិកម្មប្រេស៊ីល បានប្រាប់សន្និសីទកាសែតមួយថា ៖ « ពួកយើងគិតថា អាចមានប្រទេសច្រើនជាង៣០ទៅទៀតនឹងចោទជាសំណួរដល់ប្រទេសប្រេស៊ីលពីបញ្ហានេះ » ។
អ្នកនាំពាក្យរបស់សហភាពអឺរ៉ុប លោក Enrico Brivio បានប្រាប់អ្នកកាសែតថា គណៈកម្មការអឺរ៉ុបបានស្នើប្រេស៊ីលឲ្យបញ្ឈប់ភ្លាមរាល់ការនាំចេញពីក្រុមហ៊ុនទាំង៤ ដែលជាប់ទាក់ទិននឹងបញ្ហានេះ ។
មិនយូរប៉ុន្មាន រដ្ឋាភិបាលប្រេស៊ីលប្រាប់ថា ពួកគេសម្របតាម និងបញ្ឈប់ការនាំចេញពីក្រុមហ៊ុនទាំង២១ ដែលនៅក្រោមការស៊ើបអង្កេត ។
លើសពីនេះ កូរ៉េខាងត្បូងក៏បានផ្អាកការចែកចាយសាច់មាន់ដែលបាននាំចូលពីប្រទេសប្រេស៊ីលដើម្បីត្រួតពិនិត្យផងដែរ ប៉ុន្តែពួកគេគ្មានផែនការបិទទីផ្សារសាច់របស់ប្រេស៊ីលទេ ៕
ចែករំលែកព័តមាននេះ