ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី មី​ញ ៖ ខ្ញុំ​ជោគជ័យ​ដោយសារ​នាឡិកា​ជ័រ​មួយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លី មី​ញ គ្រាន់តែ​ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​យុវជន​ម្នាក់ ដែល​បាន​រសាត់អណ្ដែត​ពី​ជនបទ មក​ស្វែង​យកចំណេះ​វិជ្ជា​នៅ​ទីក្រុង​ប៉ុណ្ណោះ ។ ឆាកជីវិត​យុវជន​រូប​នេះ បាន​ហែល​ឆ្លង​ការ​លំបាក​ជា​ច្រើន

រាជធានី​ភ្នំពេញ ៖ លី មី​ញ គ្រាន់តែ​ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​យុវជន​ម្នាក់ ដែល​បាន​រសាត់អណ្ដែត​ពី​ជនបទ មក​ស្វែង​យកចំណេះ​វិជ្ជា​នៅ​ទីក្រុង​ប៉ុណ្ណោះ ។ ឆាកជីវិត​យុវជន​រូប​នេះ បាន​ហែល​ឆ្លង​ការ​លំបាក​ជា​ច្រើន ហើយ​ទីបំផុត ក៏​ទទួល​បាន​ជោគជ័យ​លើ មុខ​ជំនួញ ទាំង​ខ្លួន​នៅ​ក្មេងខ្ចី ដែល​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់​។ អ្វី​ដែល​គួរ​ឲ្យ​កោតសរសើរ នោះ បច្ចុប្បន្ន​រូប គេ​កំពុង​សហការ​ជា មួយ​វិនិយោគិន​ជប៉ុន ផលិត​នូវ​ផលិតផល​ថែរក្សា​សម្រស់​សម្រាប់​បុរស​ជា​ច្រើន​មុខ ដោយ​នាំ​ចូល​មក​ចែកចាយ​នា​ដើម​ខែមេសា​ខាង​មុខ​នេះ​។ ទស្សនវិស័យ​ទៅ​ថ្ងៃ​អនាគត ប្រសិនបើ​ផលិតផល​ទាំងនេះ​ជោគជ័យ​លើ​ទីផ្សារ យុវជន​រូប​នេះ​មាន​មហិច្ឆតា​ចង់​បង្កើត​រោងចក្រ​ផលិត​នៅ​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ទៀត​ផង ។

តើ​យុវជន​ដែល​មាន​មហិច្ឆតា​ខ្ពស់​រូប​នេះ​ជា​នរណា ហើយ​ផលិតផល​ទាំងនោះ​ឈ្មោះ​អ្វី ?
អង្គុយ​រៀបរាប់​នៅ​ក្នុង​ហាង​កាហ្វេ​កូន​ខ្មែរ​ដែល​កំពុង​ល្បីឈ្មោះ​មួយ​ស្ថិត​នៅ​ផ្សារ​ទំនើប TK Avenue ទួល​គោក យុវជន លី មី​ញ បាន​ប្រាប់​ថា ៖ « ទម្រាំ​ខ្ញុំ​ទទួល​ជោគជ័យ​នៅ​ពេល​នេះ ខ្ញុំ​លំបាក​ខ្លាំង​ណាស់ ខ្ញុំ​ដួល​ជា​ច្រើន​លើក​ច្រើន​សា ខ្វះ​ទាំង​ការ​លើកទឹកចិត្ដ​ពី​ឪពុក​ម្ដាយ និង​បងប្អូន តែ​ការ​បរាជ័យ​ទាំងនោះ ជា​មេរៀន​និង​ជា​បទ​ពិសោធន៍​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃនេះ​។ គិត​មក​ដល់​ពេល​នេះ ខ្ញុំ​បាន​បើកហាង​លក់​សម្លៀក​បំពាក់ និង​លក់​ផលិតផល​ថែរក្សា​សម្រស់​បាន​២​កន្លែង ដែល​ទីតាំង​ទី​មួយ​នៅ​ផ្សារ​សូ​រិ​យា​ម៉​ល និង​មួយទៀត​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ទល់មុខ​ក្រសួងការពារជាតិ និង​មាន​ដៃគូ​សហការ​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅប្រទេស ។ «The First Man» ជា​ឈ្មោះ​ផលិតផល និង​ហាង​ដែល​ខ្ញុំ​បង្កើត​ឡើង​ដោយ​ខ្លួនឯង ហើយ​បាន​សហការ​ជាមួយ​វិនិយោគិន​ជប៉ុន ដើម្បី​ផលិត​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​សម្រាប់​បុរស​មួយ​នេះ មក​ចែកចាយ​នៅ​កម្ពុ​ជានា​ដើម​ខែមេសា ខាង​មុខ​នេះ » ។

កត្ដា​អ្វី​ដែល​ជំរុញ​ឲ្យ​ប្អូន​ចាប់​យក​ជំនួញ ហើយ​ឈាន​ទៅ​ជោគជ័យ​ទាំង​វ័យក្មេង​បែប​នេះ ?
យុវជន​ដែល​ព្យួរ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ទាំង​កណ្ដាល​ទី​រូប​នេះ បាន​រៀបរាប់​ថា កាលពី​អំឡុង​ឆ្នាំ​២០០៩ ខ្ញុំ​រៀន​នៅ​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ខ្ញុំ​អត់​មាន​លុយ​ចាយ​ប្រចាំ​ថ្ងៃ​ដូច​មិត្ត​រួម​ថ្នាក់​ទេ ខ្ញុំ​តែង​ទៅ​ស៊ីឈ្នួល​ចែក​ក្រដាស​ផ្សព្វផ្សាយ​នៅ​តាម​ទី​សាធារណៈ និង​ដើរ​លក់​គ្រឿងក្រអូប​ឲ្យ​ក្រុមហ៊ុន ធ្វើ​យ៉ាងណា​រក​ប្រាក់​មក​ផ្គត់ផ្គង់​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ និង​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ ។

ថ្ងៃមួយ មាន​មិត្ត​រួម​ថ្នាក់​ម្នាក់​ឃើញ​ខ្ញុំ​ពាក់​នាឡិកា​ជ័រ​ស្អាត ក៏​ចង់​ទិញ ពេល​នោះ​ខ្ញុំ​ប្រាប់​ថា «​ឲ្យ​៣​ដុល្លារ​មក ខ្ញុំ​ទិញ​ឲ្យ​» ។ ក្រោយ​ពី​ទទួល​លុយ​មិត្តភក្ដិ​ហើយ ក៏​ជិះ​ម៉ូតូ​ទៅ​ទិញ​ឲ្យ​គេ ដោយ​បាន​ចំណេញ​១​ដុល្លារ​ជាង ពេល​នោះ​សប្បាយចិត្ត​ណាស់ មិន​គួរ​រក​លុយ​បាន​ស្រួល​សោះ ។ ក្រោយមក​ក៏​ចេះ​តែ​មានគំនិត​ថា ធ្វើ​ម៉េច​លក់​នាឡិកា​ឲ្យ​មិត្តភក្ដិ​ដទៃ​ទៀត​បាន ខ្ញុំ​ក៏​បង្កើត​ហ្វេ​ស​ប៊ុ​ក​ផេ​ក (Facebook Page) មួយ និង​ផុស (Post) រូប​នាឡិកាដៃ ហើយ​ណែនាំ​គេ​ឲ្យ​ចុច​មើល ។ មិត្តភក្ដិ​ខ្លះ ក៏​ចាប់អារម្មណ៍ ហើយ​ចង់​ទិញ ខ្ញុំ​ក៏​យក​លុយ​គេ រួច​ទៅ​ទិញ​ជូន​ភ្លាម​ៗ ។ ពី​មួយ​ខែ​ទៅ​មួយ​ខែ កាន់តែ​មាន​អ្នក​កុម្ម​ង់​ច្រើន​ឡើង​ៗ​ទាំង​មិត្តភក្ដិ​ក្នុង​ហ្វេ​ស​ប៊ុ​ក ទាំង​អតិថិជន ពេល​នោះ​ខ្ញុំ​សប្បាយចិត្ត​ណាស់ តែ​ពុំ​ទាន់​មានគំនិត​ចង់​មាន​ចង់បាន​ទេ គឺ​ចង់​ត្រឹម​មាន​លុយ​ចាយ និង​ផ្គត់ផ្គង់​ការ​រៀនសូត្រ​ខ្លួនឯង​ប៉ុណ្ណោះ ។

ពេល​ប្រឡង​ជាប់​សញ្ញាបត្រ​បាក់​ឌុ​ប ខ្ញុំ​បាន​បន្ដ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​មួយ ដោយ​ចាប់​យក​ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម ក្នុង​ឆ្នាំ​សិក្សា​២០១២-២០១៣ ។ ពេល​នោះ ការ​លក់ទំនិញ​តាម​អន​ឡាញ​របស់ខ្ញុំ​កាន់តែ​ពង្រីក​ដោយ​មាន​លក់​សម្លៀក​បំពាក់ និង​ផលិតផល​ថែរក្សា​សម្រស់​ជា​ច្រើន ហើយ​ចាប់ផ្ដើម​មានគំនិត​ចង់​មាន​ចង់បាន ចង់​ប្រកួតប្រជែង​លើ​ទីផ្សារ និង​មានគំនិត​ចង់​បង្កើត​អ្វី​ថ្មី​ដែល​អ្នក​ផ្សេង​មិន​ទាន់​មាន ។

យុវជន​អាយុ​២៣​ឆ្នាំ​រូប​នេះ​បន្ដ​ថា ក្រោយ​ពី​ជំនួញ​តាម​អន​ឡាញ​កាន់តែ​ជោគជ័យ​ហើយ ក៏​ចាប់ផ្ដើម​បើកហាង​នាំ​ផលិតផល​ពី​ក្រៅប្រទេស​មក​ស្តុក​ដើម្បី​លក់​បោះ​ដុំ​ទៅ​តាម​ខេត្ត​នានា និង​ចេញ​ទៅ​ក្រៅប្រទេស ដូច​ជា ថៃ ម៉ា​ឡេ​ស៊ី និង​ហុងកុង ដើម្បី​ទាក់ទង​នាំ​ចូល​ផលិតផល​ទាំងនោះ​ដោយ​ខ្លួនឯង​ផ្ទាល់ ។ ដោយសារ​តែ​រវល់​នឹង​ការងារ​រកស៊ី​ខ្លាំង​ពេក ក៏​ព្យួរ​ការ​សិក្សា​ទុក​មួយអន្លើ​សិន និង​ចាប់ផ្ដើម​រកស៊ី​ពេញទំហឹង​តែ​ម្ដង ព្រោះ​កំពុង​មានឱកាស ។ បន្ទាប់​ពី​ដឹង​ថា ខ្លួនឯង​ជោគជ័យ​ហើយ ក៏​ចេះ​តែ​មានគំនិត​ចង់​ពង្រីក​បន្ថែម និង​ចង់​បង្កើត​ស្នាដៃ​ផ្ទាល់ខ្លួន  ដូច្នេះ​ហើយ​ថ្មី​ៗ​នេះ ខ្ញុំ​ក៏​បាន​បង្កើត​ស្លាក​សញ្ញា​ផលិតផល​ថែរក្សា​សម្រស់​សម្រាប់​បុរស​មួយ​គឺ «The First Man» by Lee Minh ផលិត​នៅ​ប្រទេស​ជប៉ុន ដើម្បី​នាំ​ចូល​ផ្ដាច់មុខ​មក​លក់​នៅ​កម្ពុជា​តែ​ម្ដង ហើយនឹង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣១ មីនា ខាង​មុខ​នេះ ។

ប្អូន​អាច​រៀបរាប់​បាន​ទេ​ថា តើ​ធ្វើ​យ៉ាងម៉េច ទើប​គេ​ជឿជាក់ និង​យល់ព្រម​សហការ​រកស៊ី​ជាមួយ​ប្អូន ?
យុវជន​សម្ដី​ចាក់ទឹកមិនលិច​រូប​នេះ​និយាយ​ថា វា​ជា​ការ​លំបាក​បំផុត ដែល​ខ្ញុំ​នៅ​ក្មេង​ទៅ​សហការ​ជាមួយ​គេ និយាយ​ឲ្យ​គេ​ជឿ និង​ផ្ដល់​ទំនុកចិត្ត​វិនិយោគ​ជាមួយ​ខ្ញុំ ទម្រាំ​គេ​យល់ព្រម និង​ចុះ​កុងត្រា​រកស៊ី​ជាមួយ ខ្ញុំ​បាន​ទៅ​ជួប​គេ​ជា​ច្រើន​លើក​ច្រើន​សា ដោយ​បង្ហាញ​ពី​ឆន្ទៈ និង​អ្វី​ៗ​គ្រប់យ៉ាង​ដែល​គេ​ចង់បាន ដូច​ជា ឯកសារ​ស្របច្បាប់​នានា ទីតាំង​ហាង​ច្បាស់លាស់ មាន​អាជ្ញាប័ណ្ណ​ដែល​ទទួលស្គាល់​ពី​ក្រសួង​ត្រឹមត្រូវ ពិសេស​គឺ​ដើមទុន ព្រោះ​ថាបើ​គ្មាន​លុយ គឺ​មិន​អាច​ទៅ​និយាយ​ជាមួយ​គេ​បាន​ទេ ។ ដូច្នេះ​ហើយ​ទម្រាំ​តែ​គេ​យល់ព្រម​សហការ គេ​បាន​សិក្សា​ពី​ខ្ញុំ និង​អាជីវកម្ម​របស់ខ្ញុំ​ច្បាស់លាស់ ទើប​គេ​យល់ព្រម ហើយ​ទីបំផុត គេ​បាន​ណែនាំ​ឲ្យ​ខ្ញុំ​ចេះ​ដឹង​ពី​ការងារ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ក្រៅ​ស្រុក​កាន់តែ​ខ្លាំង​ឡើង​ៗ ដែល​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មាន​ដៃគូ​សហការ​ជាមួយ​ពាណិជ្ជករ​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ថៃ និង​ហុងកុង​ជាដើម និង​មាន​ភាគហ៊ុន​មួយ​ចំនួន​ជាមួយ​គេ​ផង​ដែរ ហើយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ខ្ញុំ​នឹង​ចេញ​ទៅ​ប្រទេស​ជប៉ុន ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ដៃគូ​បន្ថែម​ទៀត ។ ចំណែក​នៅ​ក្នុងស្រុក ខ្ញុំ​មាន​ដៃគូ​សហការ​នៅ​រាជធានី និង​បណ្ដា​ខេត្ត​នានា ដើម្បី​ចែកចាយ​ផលិតផល​នៅ​លើ​ទីផ្សារ​។ អ្វី​ដែល​ជា​បំណងប្រាថ្នា​របស់ខ្ញុំ​នោះ នៅ​ថ្ងៃ​អនាគត ប្រសិនបើ​ផលិតផល «The First Man» ទទួល​បាន​ជោគជ័យ​លើ​ទីផ្សារ ខ្ញុំ​នឹង​សាងសង់​រោងចក្រ​លើ​ដី​ដែល​ខ្ញុំ​បាន​ទិញ​ស្រាប់ ដើម្បី​ផលិត​វា​ផ្ទាល់​ដោយ​ស្នាដៃ​កូន​ខ្មែរ និង​ធ្វើការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​វិញ ៕