ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លោះ​របង​ចូល​ធ្វើ​សកម្មភាព តែ​ងងុយ​ពេក​ក៏​ដេក​លើដំបូល​ផ្ទះ លុះ​ព្រឹក​ឡើង​អស់លក្ខណ៍

1 ឆ្នាំ មុន
  • សៀមរាប

បុរស​ម្នាក់​បាន​ផ្លោះ​របង​ចូល​លួច​ម៉ូតូ និង​ទូរស័ព្ទ​ដៃ ហើយ​ក៏​ត្រូវ​បាន​កម្លាំង​នគរ​បាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ដា ចំរើន អធិការ​នគរបាល​ក្រុង​សៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បាន​ផ្លោះ​របង​ចូល​លួច​ម៉ូតូ និង​ទូរស័ព្ទ​ដៃ ហើយ​ក៏​ត្រូវ​បាន​កម្លាំង​នគរ​បាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ដា ចំរើន អធិការ​នគរបាល​ក្រុង​សៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច (​លួច​ម៉ូតូ និង​ទូរស័ព្ទ​) ដែល​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​។

ហេតុការណ៍​ចោរលួច​ម៉ូតូ និង​ទូរស័ព្ទ​ខាងលើ​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង​២​និង​៣០​នាទី​សៀ​ល ស្ថិត​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២២​នេះ​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ស៊ឹ​ម សិលា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ប្រាសាទ ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប បាន​ធ្វើ​សកម្មភាព​ផ្លោះ​របង​ផ្ទះ​របស់​បុរស​រង​គ្រោះ​ម្នាក់​អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ហើយ​ក៏​ជនសង្ស័យ​រូប​នោះ​ក៏​បាន​ដេក​នៅ​លើដំបូល​ផ្ទះ​តែ​ម្តង លុះ​ព្រឹក​ឡើង​ទើប​ជនសង្ស័យ​ចុះ​មក​ដី​វិញ ហើយ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ឃើញ​ទាន់ ក៏​រាយ​កាណ៍​ដល់​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​យក​មក​សួរនាំ​។

ក្រោយ​ពី​សួរនាំ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា នៅ​យប់​កើតហេតុ ខ្លួន​មាន​បំណង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តាម​បន្ទប់​ជួល តែ​ដោយសារ​ងងុយ​ពេក ក៏​បាន​ដេក​លើដំបូល​ផ្ទះ​នោះ​តែ​ម្តង លុះ​ព្រឹក​ឡើងខ្លួន​ក៏​បាន​ចុះ​មក​ដី​វិញ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជនសង្ស័យ​រូប​នេះ ក៏​បាន​ឆ្លើយ​សារភាព​ទៀត​ថា នៅ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ខ្លួន​បាន​ផ្លោះ​របង​បើកទ្វារ​បន្ទប់​ជួល ហើយ​ធ្វើ​សកម្ម​ភាព​លួច​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង ម៉ាក HUAWEI ពណ៌​ខ្មៅ ដែល​ដាក់​លើ​តុ រួច​ធ្វើ​សកម្មភាព​ចូល​បន្ទប់​ជួល​មួយទៀត​លួច​យក​សោរ​ម៉ូតូ ហើយ​ចុះ​មក​ក្រោម​លួច​យក​ម៉ូតូ​ម៉ាក ZOOMER X ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ក្រហម​លា​យស ពាក់​ផ្លា​ក​លេខ សៀមរាប​១AE-៣៧៨៦ ចំនួន​០១​គ្រឿង រួច​រត់គេច​ខ្លួន​។ លុះដល់​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង​១ និង​០០​នាទី​យប់ ជនសង្ស័យ​បាន​ផ្លោះ​របង​ចូល​ផ្ទះ​ខាងលើ​ម្តងទៀត ហើយ​ក៏​បាន​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ម៉ាក iPad ចំនួន​០១​គ្រឿង រួច​ក៏​បាន​លក់​ទៅ​ឲ្យ​បក្សពួក (​គេចខ្លួន​) បាន​ប្រាក់ ចំនួន​៧​ម៉ឺន​រៀល​។

បន្ទាប់​ពី​បាន​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ ដកហូត​វត្ថុ​តាង​បាន​រួម​មាន ៖ ម៉ូតូ​ចំនួន​០១​គ្រឿង និង​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​។ បន្ទាប់​ពី​សាកសួរ សមត្ថកិច្ច​បាន​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀ​.​ន​លើ​ជនសង្ស័យ ជា​លទ្ធផល គឺ​វិជ្ជមាន ដែល​ជា​តម្រុយ​ប្រើប្រាស់​មេ​តំ​ហ្វេ​តា​មីន ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ ចំណែក​ម៉ូតូ ត្រូវ​បាន​ប្រគល់​ឱ្យ​ជន​រង​គ្រោះ​យក​ទៅ​ប្រើប្រាស់​វិញ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ